ព័ត៍មានទាន់​ហេតុការណ៏
Search

លី​គ​កំពូល​កម្ពុជា នឹង​ត្រលប់​មកវិញ​ភ្លាមៗ ក្រោយ​ជម្រើស​ជាតិ​ប្រកួត​ជម្រុះ​បាល់ទាត់​ពិភពលោក

ការប្រកួត​ដណ្ដើម​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា រដូវ​កាល​២០១៩ នឹង​ត្រលប់​មកវិញ​ភ្លាមៗ នៅ​ចុង​សប្ដាហ៍​នេះ បន្ទាប់ពី​ក្រុម​ជម្រើស​ជាតិ​កម្ពុជា បានបញ្ចប់​ការប្រកួត​ក្នុង​វគ្គ​ជម្រុះ​ជុំ​ទី​២ ពានរង្វាន់​បាល់ទាត់​ពិភពលោក ឆ្នាំ​២០២២ សម្រាប់​ប្រទេស​ក្នុង​ទ្វីបអាស៊ី ( 2022 FIFA World Cup qualification-AFC ) និង​ពានរង្វាន់​ជើងឯក​ទ្វីបអាស៊ី ( 2023 AFC Asian Cup qualification ) ជាមួយ​ហុងកុង និង​បារ៉ែន​។

តាម​កាលវិភាគ​ដែល​ចេញ​ដោយ​គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា សប្តាហ៍​ទី ២២ នៃ​លី​គ​កំពូល​កម្ពុជា នឹង​ត្រឡប់មកវិញ​នៅ​ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ ២០១៩ ដែល​រាប់​ចាប់ពី​ពេល​សម្រាក​នោះ គឺ​មាន​រយៈពេល ១៥​ថ្ងៃ (​កន្លះ​ខែ​)។

ត្រលប់​មកវិញ​នៃ​លី​គ​កំពូល​កម្ពុជា មានការ​ប្រកួត​ដូចជា អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ជាមួយ អង្គ​រថា​យ​ហ្គឺ​រ​, សូល​ទី​ឡូ​អង្គរ ជាមួយ អគ្គិសនី​កម្ពុជា​, វិសាខា ជាមួយ ក្រសួងការពារជាតិ​, គីរីវង់​សុខ​សែន​ជ័យ ជាមួយ ភ្នំពេញ​ក្រោ​ន​, បឹងកេត ជាមួយ អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត​, ណាហ្គា​វើ​ល ជាមួយ កំពង់ចាម និង​គូ​ចុងក្រោយ ព្រះខ័ន​រាជ​ស្វាយរៀង ជាមួយ យុវជន​សាលា​បាល់ទាត់​ជាតិ​បាទី​។

ងាក​មក​តារាង​ចំណាត់ថ្នាក់​បច្ចុប្បន្ន ព្រះខ័ន​រាជ​ស្វាយរៀង បន្ត​ឈរ​នៅ​លេខ​១ និង​បង្កើន​ដល់ ៥៥​ពិន្ទុ​, ស្រប​ពេល​ដែល​វិសាខា បាន​ឡើង​មក​លេខ​២ វិញ បន្ទាប់ពី​គូប្រជែង​ណាហ្គា​វើ​លដ៍ ទទួល​លទ្ធផល​ចាញ់​សប្ដាហ៍​នេះ នាំ​ឲ្យ​វិសាខា មាន ៤៧​ពិន្ទុ ខណៈ​ណាហ្គា​វើ​លដ៍ មាន ៤៤​ពិន្ទុ​ដដែល លេខ​៤ គឺ​ជំនួស​ដោយ​អង្គ​រថា​យ​ហ្គឺ​រ វិញ​ដែល មាន​៤២​ពិន្ទុ​, បឹងកេត ឈរ​នៅ​លេខ​៥ មាន​៤១​ពិន្ទុ​, ភ្នំពេញ​ក្រោ​ន នៅ​លេខ​៦​ដដែល មាន​៣៨​ពិន្ទុ ក្រសួងការពារជាតិ នៅ​លេខ​៧ មាន​៣៥​ពិន្ទុ​, អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត បន្ត​នៅ​លេខ​៨ មាន​២៧​ពិន្ទុ គីរីវង់​សុខ​សែន​ជ័យ ឡើង​មក​លេខ​៩ មាន​២៥​ពិន្ទុ​, សូល​ទី​ឡូ​អង្គរ ធ្លាក់​មក​លេខ​១០ មាន​២៣​ពិន្ទុ​, អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ នៅ​លេខ​១១ មាន​២១​ពិន្ទុ អគ្គិសនី​កម្ពុជា នៅ​លេខ​១២ មាន​១៦​ពិន្ទុ​, កំពង់ចាម នៅ​លេខ​១៣ មាន​៦​ពិន្ទុ និង​ចុងក្រោយ សាលា​បាល់ទាត់​បាទី មាន ៣​ពិន្ទុ​។

សូម​បញ្ជាក់​ថា លី​គ​កំពូល​កម្ពុជា​បាន​បញ្ចប់​ការប្រកួត​កាលពី​ពាក់កណ្ដាល​ខែមីនា ហើយ​គ្រោង​នឹង​បញ្ចប់​ជា​ផ្លូវការ​នៅ​ចុងខែ​តុលា ឆ្នាំ​២០១៩​នេះ តាមរយៈ​ក្រុម​ដែល​មាន​ពិន្ទុ​លើ​គេ​នឹង​ទទួល​បាន​ជើងឯក​លី​គ​កំពូល​កម្ពុជា រដូវ​កាល​២០១៩​ផ្ទាល់​តែម្ដង៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114