ព័ត៍មានទាន់​ហេតុការណ៏
Search

លទ្ធផល​ជើងឯក​វិទ្យាល័យ​ ៖ វិទ្យាល័យ ឥន្ទ្រ​ទេវី បន្ត​ឈរ​កំពូល​តារាង និង​រក្សា​កំណត់ត្រា​មិន​ចាញ់

ការប្រកួត​ពានរង្វាន់​ជើងឯក​វិទ្យាល័យ ឆ្នាំ​២០១៩ សប្តាហ៍​ទី១១ បាន​បញ្ចប់​កាលពី​ថ្ងៃ​ទី៥ និង​ទី​៦ ខែកញ្ញា កន្លង​ទៅ​ដោយ​ក្នុង​លទ្ធផល​នៃ​ការប្រកួត​ទាំង ៤​គូ ឃើញថា​ វិទ្យាល័យ ឥន្ទ្រ​ទេវី នៅ​បន្ត​ឈរ​កំពូល​តារាង និង​រក្សា​កំណត់ត្រា​មិន​បរាជ័យ​សោះ​ក្នុង ១១​ប្រកួត។

លទ្ធផល​សរុប​សប្តាហ៍​ទី​១១ វិទ្យាល័យ សម្តេច​ហ៊ុន សែន ភ្នំពេញ​ថ្មី ឈ្នះ វិទ្យាល័យ ហ៊ុន សែន ចាក់អង្រែ ២-១ វិទ្យាល័យ​ឫស្សី​កែវ ឈ្នះ វិទ្យាល័យ ព្រះស៊ីសុវត្ថិ ៧-៣ ក្នុង​ថ្ងៃ​ព្រហស្បតិ៍ ទី​៥ ខែកញ្ញា ឆ្នាំ​២០១៩ ។ នៅ​ថ្ងៃ​សុក្រ ទី​៦ ខែកញ្ញា ឆ្នាំ​២០១៩ វិទ្យាល័យ បឹងត្របែក ឈ្នះ​វិទ្យាល័យ ច្បារអំពៅ ៣-២ និង​វិទ្យាល័យ ឥន្ទ្រ​ទេវី ឈ្នះ​វិទ្យាល័យ ជាស៊ីម សាមគ្គី ៥-១។

​គិត​ត្រឹម​បច្ចុប្បន្ន វិទ្យាល័យ ឥន្ទ្រ​ទេវី មាន ២៨​ពិន្ទុ ឈរ​លេខ​រៀង​ទី​១ ឈ្នះ​ទាំង ១១​ប្រកួត នៅ​ពីលើ​វិទ្យាល័យ​ឫស្សី​កែវ ដែល​ស្ថិតនៅ​លេខ​រៀង​ទី​២ មាន ២៧​ពិន្ទុ រីឯ​វិទ្យាល័យ ជា ស៊ីម សាមគ្គី មាន ១៦​ពិន្ទុ វិទ្យាល័យ ព្រះស៊ីសុវត្ថិ និង​សាលារៀន វេ​ស្ទ​ឡា​ញន៍ មាន ១៥​ពិន្ទុ វិទ្យាល័យ សម្តេច ហ៊ុន សែន ភ្នំពេញ​ថ្មី មាន ១៣​ពិន្ទុ វិទ្យាល័យ ច្បារអំពៅ មាន ៩​ពិន្ទុ វិទ្យាល័យ បឹងត្របែក មាន ៧​ពិន្ទុ រីឯ​វិទ្យាល័យ ហ៊ុន សែន ចាក់អង្រែ មិនមាន​ពិន្ទុ​ទេ ដោយសារ​មិនទាន់​រកបាន​ជ័យជម្នះ ឬ​ស្មើ​ឡើយ​ក្នុង​ការប្រកួត​ទាំង ១១​លើក​។

​ក្រ​ឡែក​ទៅ​និយាយ​អំពី​កីឡាករ​ស៊ុត​បញ្ចូល​ទី​ច្រើន​ជាង​គេ​វិញ គឺ​កីឡាករ គី រី​ណា របស់​វិទ្យាល័យ ឥន្ទ្រ​ទេវី ដែល​ស៊ុត​បាន ២៧​គ្រាប់​ហើយ ពោល​គឺ​ដាច់​ដល់​ទៅ ១៣​គ្រាប់​ពី​គូប្រជែង​ស្ថិតនៅ​លេខ​រៀង​ទី​២ កីឡាករ ហាំង ភារ​ម្យ របស់​វិទ្យាល័យ ព្រះស៊ីសុវត្ថិ។ ក្រៅពីនោះ កីឡាករ សួន សុភ​ត្រា របស់​វិទ្យាល័យ ច្បារអំពៅ មាន ១១​គ្រាប់ និង កីឡាករ រី​ម ដា​រ៉ា​រ៉ាត់ របស់​វិទ្យាល័យ​ឫស្សី​កែវ មាន ១០​គ្រាប់។

គួរ​រំលឹក​ថា ការប្រកួត​នឹង​បន្ត​រហូតដល់​ចប់​សប្តាហ៍​ទី ១៦ ដោយ​ជើងឯក​គឺ​នឹង​បាន​ទៅលើ​ក្រុម​ចំណាត់ថ្នាក់​លេខ ១ អម​ជាមួយ​ប្រាក់​រង្វាន់ ៦០​លាន​រៀល លេខ​២ ៤០​លាន​រៀល និង​លេខ ៣ ទទួលបាន​ទឹកប្រាក់ ២០​លាន​រៀល៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114