ព័ត៍មានទាន់​ហេតុការណ៏
Search

ម៉ាឡេស៊ី​ចែកចាយ​ម៉ាស​ចំនួន​កន្លះ​លាន​ទៅ​ឲ្យ​រដ្ឋ​ដែល​រងគ្រោះ​ដោយ​អ័ព្ទ​ ខណៈ​អគ្គិភ័យ​កំពុង​ឆាបឆេះ

អាជ្ញាធរ​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា ប្រទេស​ម៉ាឡេស៊ី​បាន​ចែកចាយ​ម៉ាស​ចំនួន​កន្លះ​លាន​ទៅកាន់​រដ្ឋ Sarawak ភាគ​ខាងកើត​របស់ខ្លួន​ដែលជា​កន្លែង​កម្រិត​នៃ​ការបំពុល​ខ្យល់​បាន​កើនឡើង​ស្របពេល​ភ្លើង​ឆេះ​ព្រៃ​កាន់តែ​អាក្រក់​ទៅ​នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​ដែល​នៅ​ជិតខាង​។​

កសិករ​ឥណ្ឌូនេស៊ី​តែងតែ​ប្រើ​ភ្លើង​ដើម្បី​សម្អាត​ដី​សម្រាប់​ដាំដូង​ប្រេង​។ អគ្គិភ័យ​អាច​ឆាបឆេះ​ក្នុង​រយៈពេល​ច្រើន​សប្តាហ៍​ជាពិសេស​នៅពេល​អាកាសធាតុ​ស្ងួត​ដែលជា​ហេតុ​បង្ក​ឲ្យ​មាន​ផ្សែង​អ័ព្ទ​ហើយរ​សាត់អណ្តែត​ទៅកាន់​ប្រទេសជិតខាង​ដូចជា​សិង្ហ​បុរី​និង​ម៉ាឡេស៊ី​ជាដើម​។​

នៅ​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ ឥណ្ឌូនេស៊ី​បាន​បញ្ជូន​បុគ្គលិក​សន្តិសុខ​រាប់ពាន់នាក់​ដើម្បី​ទៅ​ពន្លត់​អគ្គិភ័យ​បន្ទាប់ពី​បានប្រកាស​អាសន្ន​នៅក្នុង​ខេត្ត​ចំនួន​៦​លើ​កោះ​ស៊ូ​ម៉ា​ត្រា​និង​កោះ Borneo​។​
​ទីភ្នាក់ងារ​គ្រប់គ្រង​គ្រោះមហន្តរាយ​ជាតិ​ម៉ាឡេស៊ី (NADMA) បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “NADMA បាន​ទិញ​ម៉ាស​ចំនួន​៥០០,០០០​ហើយ​ចែកចាយ​ពួកគេ​ទៅ​សាខា​របស់​ទីភ្នាក់ងារ​នេះ​នៅក្នុង​រដ្ឋ Sarawak”​។​

សេចក្តីថ្លែងការណ៍​ដដែល​បន្តថា ទីភ្នាក់ងារ​នេះ​និង​ក្រសួង​អប់រំ​ក៏​កំពុងធ្វើការ​ដើម្បី​ផ្តល់​ម៉ាស​ដល់​សាលារៀន​នៅ​តំបន់​រងគ្រោះ​ផងដែរ​។​

សន្ទស្សន៍​នៃ​ការបំពុល​បរិយាកាស​ក្នុង​រដ្ឋ Sarawak បាន​ឈានដល់​កម្រិត​មិនល្អ​កាលពី​ថ្ងៃ​អង្គារ​។ កម្រិត​បរិយាកាស​មិនល្អ​ក៏​ត្រូវបាន​កត់ត្រា​នៅក្នុង​រដ្ឋ​ម៉ាឡេស៊ី​ចំនួន​ប្រាំ​ទៀតផង​ដែរ​។​
​ប្រទេស​អាស៊ីអាគ្នេយ៍​មួយ​នេះ​បាន​រងគ្រោះ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ​ពី​ផ្សែង​ប្រចាំឆ្នាំ​ដែល​បណ្តាលមកពី​ការដុត​ព្រៃ​នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​ដែល​ជំរុញ​ឲ្យ​មានការ​ព្រួយបារម្ភ​អំពី​សុខភាព​និង​ផលប៉ះពាល់​លើ​វិស័យ​ទេសចរណ៍​៕ REUTERS



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114