ព័ត៍មានទាន់​ហេតុការណ៏
Search

ជួល​ខុន​ដូ​៩​ជាន់​តម្លៃ​១​ខែ​២៥០០០​ដុល្លារ ដើម្បី​ចាប់ជំរិត​ទារ​ប្រាក់​តាម​ប្រព័ន្ធ អិន ធើ​ណែ​ត ប៉ូលីស​ឃាត់ខ្លួន​ជនជាតិ​ចិន​ជិត​១៥០នាក់

ភ្នំពេញ ៖ ជនជាតិ​ចិន ប្រុស ស្រី ប្រមាណ​ជិត​១៥០នាក់ ត្រូវ​បាន​សមត្ថកិច្ច ប៉ូលីស​នាយកដ្ឋាន ប្រឆាំង បទល្មើស​បច្ចេកវិទ្យា​នៃ​ក្រសួងមហាផ្ទៃ រួមទាំង សមត្ថកិច្ច មូលដ្ឋាន ធ្វើការ ឃាត់ខ្លួន ក្រោយពី​ឡោម​ព័ន្ធ​ឆែកឆេរ​ខុន​ដូ អត់​យីហោ​កម្ពស់​៩​ជាន់​មួយ កន្លែង ពាក់ព័ន្ធ​បទល្មើស​ចាប់ជំរិត ទារប្រាក់ តាម​ប្រព័ន្ធ​អ៊ីនធើ​ណែ​ត ​ជា​មួយ​នឹង​ការ ដកហូត បាន គ្រឿង​អេឡិចត្រូនិក​ដែល​ជា​មធ្យោបាយ​ចាប់ជំរិត មួយ​ចំនួនធំ​ផងដែរ​។

ប្រតិបត្តិការ​នេះ​ បាន​ធ្វើ​ឡើង​កាលពី​វេលា ម៉ោង​៩ ព្រឹក​ថ្ងៃ ទី​១០​ខែកញ្ញា ឆ្នាំ​២០១៩ នៅ​ចំណុច ខុន ដូ​អត់​យីហោ ស្ថិត នៅ អគារ លេខ ១៧ ផ្លូវលេខ១១២ សង្កាត់ផ្សារដេរ​ប៉ូ​ទី​៣ ​ខណ្ឌទួលគោក។

ដឹកនាំ​ដោយ​លោក ឧ​ត្ត​ម​សេនីយ៍​ទោ ស៊ីវ ឈាន់ អនុប្រធាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស បច្ចេកវិទ្យា និង​មានការ​សម្របសម្រួល ពី​លោក សេង គឹម​ឡាក់ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង រាជធានី​ភ្នំពេញ ព្រមទាំង​មានការ​ចូលរួម​ពី​នាយកដ្ឋាន​គ្រប់គ្រង​សន្តិសុខ ឯកជន​នៃ​ក្រសួងមហាផ្ទៃ , នគរបាល​នៃ​ស្នងការ នគរបាល រាជធានី​ភ្នំពេញ​និង​នគរបាល​មូលដ្ឋាន​ផងដែរ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា សមត្ថកិច្ច​ចម្រុះ បាន​ធ្វើ​ការ ឡោមព័ទ្ធ ខុន ដូ នោះ​នៅ​វេលា​ម៉ោង ប្រមាណ​៩​ព្រឹក ហើយ​បាន​ធ្វើ​ការ​ឆែកឆេរ​រក​ឃើញ ជនជាតិ​ចិន​ប្រមាណ​ជាង ១០០​នាក់ ដែល​កំពុងតែ ប្រមូល​ផ្តុំ គ្នា​នៅ​ក្នុង ខុន ដូ កម្ពស់ ៩​ជាន់​ដើម្បី​ធ្វើ សកម្មភាព​ចាប់ជំរិត​តាម​ប្រព័ន្ធ អ៊ីនធើណែត​ទៅ​ក្រៅ​ប្រទេស។

ប្រតិបត្តិ​ការ​នេះ​ បាន​ធ្វើឡើង​អស់ រយៈពេល​ជាច្រើន​ម៉ោង ពោល​គឺ​មកដល់​ម៉ោង​៤​ល្ងាច​ថ្ងៃ​ដដែល​នេះ គឺ​មិនទាន់​បាន​បញ្ចប់​នូវ​ឡើង​ទេ។

យោង​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនជាតិ ចិន​ចំនួន​១៤៤​នាក់​ក្នុង​នោះ មាន​ស្រី​៣០​នាក់ ត្រូវ​បាន ឃាត់ខ្លួន ព្រមទាំង ដកហូត បាន សម្ភារៈ គ្រឿង​អេឡិច​ត្រូ​និក​ជាច្រើន​ទៀត​ដែល​ជា​មធ្យោបាយ ចាប់ជំរិត​ទារ​ប្រាក់​។ តាម​ព័ត៌មាន​ដែល​គួរ​ឲ្យ​ជឿជាក់​មួយ​បាន​ឲ្យ​ដឹង​ថា ខុន ដូ ដែល​ជា​ទីតាំង​ចាប់ជំរិត​ទារ​ប្រាក់​ខាងលើ​នេះ ត្រូវ​បាន​ក្រុម​ជនជាតិ​ចិន ជួល​អស់ រយៈពេល ប្រមាណ ជិត​១​ឆ្នាំ​មកហើយ ក្នុង​តម្លៃ ១​ខែ ២៥០០០ ដុល្លារ ដោយ​ខុន​ដូ​នេះ មាន​២​ម្ចាស់​ក្រោយពី​កសាង​បាន​បញ្ចប់​ក៏​ត្រូវ​បាន​ជនជាតិ​ចិន​ទាំងនេះ ជួល​យក​ទាំងអស់​ដើម្បី​ធ្វើ​សកម្មភាព​ចាប់ជំរិត​តែម្តង។

គួរ​បញ្ជាក់​ថា សម្រាប់​អ្នកយកព័ត៌មាន​បាន​ត្រឹម​តែ​នៅ​ប្រ​ម៉ាញ់​ពី​ខាងក្រៅ​ប៉ុណ្ណោះ មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ផ្តិត​រូបភាព​ពី​ខាងក្នុង​ឡើយ​៕
ស្រីរ័ត្ន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114