ព័ត៍មានទាន់​ហេតុការណ៏
Search

សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត អំពាវនាវ​ជនរួមជាតិ​ឱ្យ​ចូលរួម​ទាំងអស់គ្នា​ដើម្បី​លុបបំបាត់​ជំងឺអេដស៍​ឲ្យ​អស់ពី​កម្ពុជា​នៅ​ឆ្នាំ​២០២៥

ភ្នំពេញ ៖ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ា​នៅ ហ៊ុនសែន ឥស្សរជន​ឆ្នើម​ថ្នាក់ជាតិ​នៃ​វេទិកា​ភាពជា​អ្នកដឹកនាំ​តំបន់​អាស៊ី​-​ប៉ា​ស៊ី​ហ្វី​ក​ចំពោះ​ការឆ្លើយ តប​មេរោគ​អេដស៍​/​ជំងឺអេដស៍​នៅ​កម្ពុជា​និង​ជា​ប្រធាន​កាកបាទក្រហមកម្ពុជា​បាន​អំពាវនាវ​ទៅកាន់​ជនរួមជាតិ​ឱ្យ​ខិតខំ​ចូលរួម​ទាំងអស់គ្នា​ដើម្បី ធ្វើយ៉ាងណា​លុបបំបាត់​ជំងឺអេដស៍​ឲ្យ​អស់ពី​កម្ពុជា​នៅ​ឆ្នាំ​២០២៥​។

សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាន​ក្រើនរម្លឹក​ទៅកាន់​ជនរួមជាតិ​ឱ្យ​រួមគ្នា​បង្ការ​ទប់ស្កាត់​មិនឱ្យ​មាន​ជំងឺអេដស៍​នៅ​ឆ្នាំ ២០២៥ តាម​ផែនការ​កំណត់​បែបនេះ ខណៈ​សម្តេច​អញ្ជើញ​ទៅ​សំណេះសំណាល​និង​ចែក​អំណោយ​ជូន​ដល់​គ្រួសារ​រងគ្រោះ​ដោយសារ​មេ រោគ​អេដស៍ និង ចាស់​គ្មាន​ទីពឹង​ចំនួន ១.៧៧៧ គ្រួសារ​មកពី​ខណ្ឌ​ទាំង​១៤ ក្នុង​រាជធានី​ភ្នំពេញ។ អញ្ជើញ​អម​ដំណើរ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត រួមមាន​លោកស្រី​បណ្ឌិត វ្ល៉ា​ដាន​កា អាន​ឌ្រី​វ៉ា នាយិកា​ប្រតិបត្តិ អង្គការ យូ អិន អេដស៍ ប្រចាំ​កម្ពុជា ព្រម​ជា​លោក លោកស្រី​ជា​សមាជិក សមាជិ​កា​កណ្តាល​កាកបាទក្រហមកម្ពុជា​និង​សាខា​រាជធានី​ភ្នំពេញ​។

ជាមួយនឹង​ការ​ពាំនាំ​ព្រះរាជ​បណ្ដាំ​ផ្ញើ​សួរសុខទុក្ខ​ពី​ព្រះករុណា​ព្រះមហាក្សត្រ​និង​សម្ដេចព្រះ​វ​រាជមាតា​ជាតិខ្មែរ​ព្រះប្រធាន​កិត្តិយស​កាកបាទ​ក្រហម​កម្ពុជា​ក៏ដូចជា​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពីស​ម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុងនាម​ជា​ប្រធាន​កាកបាទក្រហមកម្ពុជា​ក៏បាន​យក​ឱកាស​នេះ​ថ្លែងអំណរគុណ​ដល់​សាខា​កាកបាទក្រហមកម្ពុជា​រាជធានី​ភ្នំពេញ​ដែល បាន​យកចិត្តទុកដាក់​អំពី​បញ្ហា​អេដស៍​ដោយបាន​បង្ហាញ​អំពី​ការរីកចម្រើន​នៃ​ស្ថានភាព​ផ្លាស់ប្ដូរ​អត្រា​កើត​ជម្ងឺអេដស៍​និង​បង្ហាញ​អំពី​សកម្មភាព នៃ​ឥស្សរជន​ឆ្នើម​ថ្នាក់ជាតិ​នៃ​វេទិកា​ភាពជា​អ្នកដឹកនាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ចំពោះ​ការឆ្លើយតប​មេរោគ​អេដស៍​/​ជំងឺអេដស៍ តាំងពី​ឆ្នាំ​១៩៩១​មក ហើយ​សម្ដេច​ក៏បាន​អរគុណ​ចំពោះ​លោកស្រី​វេជ្ជបណ្ឌិត វ្ល៉ា​ដាន​កា អាន​ទ្រី​វ៉ា នាយិកា​ប្រតិបត្តិ អង្គការ​យូ​អិន​អេដស៍ ប្រចាំ​នៅ​កម្ពុជា​ដែលមាន វត្តមាន​ចូលរួម​នៅក្នុង​ពិធី​នេះ​ដែល​លោកស្រី​បាន​វាយតម្លៃ​ខ្ពស់​អំពី​ការវិវត្ត​រីកចម្រើន​នៃ​សកម្មភាព​របស់​ឥស្សរជន​ឆ្នើម​ថ្នាក់ជាតិ​នៃ​វេទិកា​ភាព ជា​អ្នកដឹកនាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ឆ្លើយតប​មេរោគ​អេដស៍​និង​ជំងឺអេដស៍​នៅ​កម្ពុជា​ក៏ដូចជា​ការវាយតម្លៃ​ពី​ការ​ខំប្រឹងប្រែង​របស់​រាជរ​ដ្ឋា​ភិ​បាល និង​កាកបាទក្រហមកម្ពុជា​។

សម្ដេច​ប្រធាន​ក៏​បញ្ជាក់​ផងដែរ​ថា វត្តមាន​របស់លោក​ស្រី​នៅក្នុង​ពិធី​នេះ​ ជា​ការ​លើកទឹកចិត្ត​នឹង​បង្ហាញ​នូវ​ការគាំទ្រ​រាជរដ្ឋាភិបាល​ក៏ដូចជា​កាកបាទក្រហម​កម្ពុជា​ក្នុងការ​ខិតខំ​ជា​បន្តទៀត​ដើម្បី​សម្រេចបាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ដោយ​ចីរភាព​និង​បញ្ចប់​មិន​ឲ្យ​មាន​បញ្ហា​ជំងឺអេដស៍​នៅក្នុង​ឆ្នាំ ២០២៥ ។ សម្ដេច​ក៏បាន​សរសើរ​ដល់​សាខា​កាកបាទក្រហម​រាជធានី​ភ្នំពេញ​ដែល​បាន​បន្តការងារ​ក្នុង​ការបន្ត​គាំទ្រ​សកម្ម ភាព បញ្ហា​អេដស៍​ដែលមាន​មណ្ឌល​គាំទ្រ​ផ្សេងៗ​ដូចជា​មណ្ឌល​អង្គការ​គ្រួសារ​ថ្មី​និង​អគារ​ម្លិះ ក៏ដូចជា​សាខា​កាកបាទក្រហម​ផ្សេងៗ​ទៀត​នៅ​ទូទាំង ២៤​រាជធានី​ខេត្ត​ទៀត​ដែល​បាន​ចូលរួមចំណែក​ធ្វើ​ឲ្យ​សម្រេចបាន​នូវ​សមិទ្ធផល​នៃ​ការឆ្លើយតប​ទៅនឹង​មេរោគ​អេដស៍​និង​ជំងឺអេដស៍​និង បញ្ហា សុខភាព​មាតា​និង​ទារក​បានល្អ​ធ្វើ​ឲ្យ​មានការ​កាត់បន្ថយ​បញ្ហា​អេដស៍​កាត់បន្ថយ​មិនអោយ​មានការ​រើសអើង នឹង​កាត់បន្ថយ​បាន​នូវ​ការចម្លង​ថ្មី​។

​សម្តេច​ប្រធាន​បាន​បន្តថា ដើម្បី​ឈានទៅ​សម្រេចបាន​គោលដៅ​ឆ្នាំ ២០២៥ គ្មាន​ជំងឺអេដស៍​គឺ​ទាមទារ​ឲ្យ​មានការ​យល់ដឹង​ខ្ពស់​និង​ការចូលរួម សហការ​ពី​ក្នុងចំណោម​បងប្អូន​ប្រជាពលរដ្ឋ​យើង​នៅ​គ្រប់​មជ្ឈដ្ឋាន​ឲ្យ​មានការ​យល់ដឹងបាន​ច្បាស់​អំពី​បញ្ហា​ជំងឺអេដស៍​។

សម្តេច​ប្រធាន​ក៏បាន​អំពាវនាវ​ឱ្យមាន​ការយល់ដឹង​អំពី​ការបង្ការ​ទប់ស្កាត់​និង​អំពី​ផលប្រយោជន៍​នៃ​ការទប់ស្កាត់​និង​ការ​មិន​រើសអើង​តែ​នៅក្នុង​នោះ​យើង​ក៏​ត្រេកអរ​ដែល​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​គ្មាន​របាយការណ៍​ណាមួយ​ដែល​ចែង​អំពី​ការរើសអើង​នោះទេ ។ ក៏ប៉ុន្តែ​របា យ​ការណ៍​នៃ​ការសិក្សា​លើក​ទី​ពីរ​បានបង្ហាញ​ឲ្យ​ឃើញថា ​អ្នក​ផ្ទុកមេរោគ​អេដស៍​ផ្ទាល់ខ្លួន​ទេ​ដែលមាន​ការរើសអើង​ខ្លួន​អែង​ដូច្នេះ​សូម​ឲ្យ​បងប្អូន ដែលមាន​ផ្ទុកមេរោគ​អេដស៍ កុំ​មានការ​ខ្មាសអៀន​ហើយ​សូម​អញ្ជើញ​ទៅ​ទទួលយក​នូវ​ថ្នាំ​ព្យាបាល ពន្យា​ជីវិត​នឹងចូលរួម​នៅក្នុង​ការងារ​ផ្សេងៗ ទៀត​។ ទោះបីថា​យើង​មិនទាន់​ឈានទៅដល់​គោលដៅ​ឆ្នាំ​២០២៥​ដែល​គ្មាន​ជំងឺអេដស៍​ប៉ុន្តែ​យើង​ត្រូវ​ចូលរួម​សហការ​ទាំងអស់​គ្នា​ក្នុងការ​ទប់ ស្កាត់​ការចម្លង​ពី​ម្ដាយ​ទៅ​កូន​ក្នុងនោះ​ស្ត្រី​ដែល​ផ្ទុកមេរោគ​អេស​ដ៍​ផ្ទៃពោះ​មិនត្រូវ​មានការ​ខ្មាសអៀន​នោះទេ​ត្រូវ​ទៅរក​ថ្នាំ​បង្ការ​កុំឱ្យ​ឆ្លង​ពី​ម្តាយ ទៅ​កូន ។ ធ្វើយ៉ាងណា​កុំ​ឲ្យ​មាន​ការឆ្លង​ថ្មី​ត្រូវ​លើកកម្ពស់​ការផ្សព្វផ្សាយ​តាម​សហគមន៍​ទាក់ទាញ​ការប្រុងប្រយ័ត្ន​បង្ការ​ចំពោះ​មេរោគ​អេដស៍ យកចិត្តទុកដាក់​ទៅលើ​មុខសញ្ញា​ប្រឈម​ថ្មី​ដូច ក្លឹប​កំសាន្ត​នានា ការកែ​ភេទ និង ការលើកកម្ពស់​ការប្រុងប្រយ័ត្ន​ដោយ​ភាពស្មោះត្រង់​ប្តី​មួយ ប្រពន្ធ​មួយ​។

សម្ដេច​ប្រធាន​ក៏បាន​វាយ​តម្លៃ​ថា ​ពីមុន​បញ្ហា​ជំងឺអេដស៍​គឺជា​ចំណុច​ខ្ពស់បំផុត ប៉ុន្តែ​ឥឡូវនេះ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​ជា​បញ្ហា​ទី​១ ទៅវិញ​ដូច្នេះ​សម្តេច​ក៏បាន​អំពាវនាវ​សូមឱ្យ​មានការ​ប្រុងប្រយ័ត្ន​នាំគ្នា​គោរព​ច្បាប់​ចរាចរណ៍​អប់រំ​កូនចៅ​ចៀស​ឆ្ងាយ​ពី​គ្រឿងញៀន គ្រឿង​ស្រវឹង ល្បែងស៊ីសង គ្រប់​ប្រភេទ ជាពិសេស​សម្តេច​បានលើកឡើង​ពី​សីលធម៌​សង្គម​ដែលមាន​ការចាប់រំលោភ ផ្លូវភេទ ករណី​ឪពុក​រំលោភ​កូន​ឯង ដែលជា​អំពើ​តិរច្ឆាន មិនត្រូវ​ឲ្យ​កើតមាន​នៅក្នុង​សង្គម​។

ពី​វេទិកា​នេះ​ផង​ដែរ​សម្ដេច​ប្រធាន​ក៏បាន​ផ្ដាំផ្ញើ​ទៅដល់​ប្រជាពលរដ្ឋ​នៅ​តំបន់​ដែល​មាន​កន្លែង​លិច​ទឹក​សូម​ប្រុងប្រយ័ត្ន​មើលថែ​កូន ចៅ​កុំឱ្យ​មានការ​លង់ទឹក​ស្លាប់​នាំ​ឲ្យ​មាន​វិប្បដិសារី​។ ម្យ៉ាង​វិញ​ត្រូវ​គិតគូរ​អំពី​បញ្ហា​សុខភាព​រស់នៅ​ស្អាត​ហូប​ស្អាត​ផឹក​ស្អាត​ដើម្បី​ជៀសវាង​ជំងឺ តម្កាត់​ផ្សេងៗ​នាំ​ឲ្យ​ខាតបង់​ទាំង​ពេលវេលា​និង​ថវិកា​។

លោកស្រី​វេជ្ជបណ្ឌិត វ្ល៉ា​ដាន​កា អាន​ឌ្រី​វ៉ា វាយតម្លៃ​ខ្ពស់​អំពី​ជោគជ័យ​ដែល​កាកបាទក្រហម​ក៏ដូចជា​រាជរដ្ឋាភិបាល​កម្ពុ​ជាស​ម្រេច បានជា​ពិសេស​តាំងពី​ឆ្នាំ​២០១០ រៀងមក​ប្រទេស​កម្ពុជា​មានការ​រីកចម្រើន​យ៉ាងខ្លាំង​ក្នុងការ​ឆ្លើយតប​ថ្នាក់​ជាតិ​ទៅនឹង​បញ្ហា​អេដស៍​ពោលគឺ បាន​កាត់បន្ថយ​អត្រា​ឆ្លង​មេរោគ​អេដស៍​ថ្មី​បាន ៦២% កាត់បន្ថយ​អត្រា​មរណ​ដោយសារ​ជំងឺអេដស៍​បាន ៤៨% និង​កំពុង​បន្ត​ឆ្ពោះ​ទៅក្នុង​ចំ ណោម​ប្រទេសមួយ​ដែល​បាន​អនុវត្ត​ល្អ​បំផុត​នៅក្នុង​តំបន់​ដែល​គ្របដណ្តប់​ការព្យាបាល​ខ្ពស់បំផុត ។ លោកស្រី​បន្តថា​យ៉ាងណាក៏ដោយ​នៅ មានការ​ខ្វះចន្លោះ​ក្នុង​ការ​បង្ការ​មេរោគ​អេដស៍​នៅក្នុង​ចំណោម​ក្រុម​ប្រឈម​ខ្ពស់​ដែល​ក្រុម​ទាំងនេះ​មាន​អត្រា​ផ្ទុក​ខ្ពស់​ជាងគេ​ថែមទាំង​បាន​រកឃើញ​អត្រា​ឆ្លង​មេរោគ​អេដស៍​ថ្មី​ខ្ពស់​ទៀតផង ។ ដើម្បី​បញ្ចប់​បញ្ហា​អេដស៍​នៅ​ឆ្នាំ​២០២៥​យើង​ត្រូវការ​កិច្ចប្រឹងប្រែង​បន្ថែម​,​ប្រើ​គំនិត​ផ្ដួចផ្ដើម ថ្មី​និង​វិធីសាស្ត្រ​ក្នុងការ​បង្ការ​ព្យាបាល​និង​ដោះស្រាយ​បញ្ហា​មាក់ងាយ​និង​រើសអើង​។ ការសិក្សា​លើក​ទី​២ ស្តីពី​ការរើសអើង​បាន​រកឃើញថា ការរើសអើង​ខ្លួនឯង​ក្នុងចំណោម​អ្នក​ផ្ទុកមេរោគ​អេដស៍​នៅមានកម្រិត​ខ្ពស់​។ ដោយសារ​ការរើសអើង​ខ្លួនឯង​នេះហើយ​ទើប​ពួកគាត់​មិនបាន ស្វែងរក​ការគាំទ្រ​ពី​សហគមន៍ មិនបង្កើត​ក្រុម​ជួយ​ខ្លួនឯង និង​ក្រុម​មិត្ត​ជួយ​មិត្ត​។

​លោកស្រី​បន្តថា​ កាកបាទក្រហមកម្ពុជា​ក្រោម​ការដឹកនាំ​របស់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​បាននិងកំពុង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ដោះស្រាយ​បញ្ហា​មាក់ងាយ​និង​រើសអើង​និង​ការផ្ដល់​ការគាំទ្រ​ផ្នែក​សង្គម​ដែល​អ្នករងគ្រោះ​រង​ផលប៉ះពាល់​ដោយសារ​មេរោគ​អេដស៍​។ យើង កំពុងតែ​រង់ចាំ​ដោយ​ទន្ទឹង​ចំពោះ​ការចូលរួម​បន្ថែមទៀត​ពី​កាកបាទក្រហមកម្ពុជា​និង​បណ្ដាញ​ឥស្សរជន​ឆ្នើម​ថ្នាក់ជាតិ​ក្នុងការ​ផ្សព្វផ្សាយ​ការ យល់ដឹង​អំពី​មេរោគ​អេដស៍​និង​ការលើកកម្ពស់​ការធ្វើ​តេស្ត​ឈាម​រក​មេរោគ​អេដស៍​និង​ការព្យាបាល​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​ដោយ​ការ​ផ្ទុកមេរោគ​អេដស៍​ដើម្បី​ធានាថា​ទារក​ទាំងអស់​បានកើត​មកដល់​សុខភាព​ល្អ​។​លោកស្រី​បន្តថា​យើង​សង្ឃឹម​យ៉ាង​មុតមាំ​ថា​ការប្ដេជ្ញាចិត្ត​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ក្នុងការ​បញ្ចប់​បញ្ហា​អេដស៍​និង​ការចម្លង​មេរោគ​អេដស៍​ពី​ម្ដាយ​ទៅ​ទារ​កនៅ​ឆ្នាំ ២០២៥​នឹង​ក្លាយជា​ការពិត​។

សម្តេច​ប្រធាន​និង​ប្រតិភូ​ក៏បាន​អញ្ជើញ​ចែក​អំណោយ​ជា​និមិត្តរូប​តំណាងឱ្យ​ប្រជាពលរដ្ឋ​ទាំង​១.៧៧៧​គ្រួសារ​ដែលជា​អ្នករងគ្រោះ ដោយសារ​ជំងឺអេដស៍ និង​ចាស់​គ្មាន​ទីពឹង​ដែល​ក្នុង​១​គ្រួសារៗ​ទទួលបាន​អង្ករ ៣០ គ​.​ក មី ត្រីខ ឃី​ត ក្រណាត់ស ថវិកា​មួយចំនួន​និង​បាន នាំយក​អំណោយ​ប្រគេន​ព្រះសង្ឃ​និង​វត្ត​សុវណ្ណ​មុនី​វង្ស ហៅ​អន្លង់​ក្ងាន មាន​អង្ករ ២០០ គ​.​ក គ្រឿងឧបភោគ បរិភោគ ជាច្រើន​មុខ​និង​បច្ច័យ ប្រគេន​ព្រះសង្ឃ​ចំនួន​៣៥​អង្គ​ក្នុង​១​អង្គៗ​ទទួលបាន​សាដក និង​បច្ច័យ​១០​ម៉ឺន​រៀល ចៅអធិការ​វត្ត ១ លាន​រៀល យាយជី តាជី ២៤​នាក់​ម្នាក់ ៗ​ក្រណាត់ស​១​ដុំ ថវិកា​៦​ម៉ឺន​រៀល ។ ក្រៅពីនេះ​សម្តេច​ក៏បាន​ប្រគេន​សម្រាប់​វត្តមាន​ថវិកា​សរុប ២.០០០ ដុល្លារ និង ១២​លាន​រៀល​ក្នុងនោះ ថវិកា​របស់​សម្តេច​ប្រធាន ៥ លាន​រៀល ,​លោក ឃួ​ង ស្រេង ៥​លាន​រៀល និង ២.០០០ ដុល្លារ បូក​នឹង ២​លាន រៀល​បានមកពី​ការចូលរួម របស់​ភរិយា​ថ្នាក់ដឹកនាំ​នានា​ដែល​អញ្ជើញ​រួម​ដំណើរ​៕
ណា​រី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114