ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ចេញ​សារាចរ​ណែនាំ​បន្ថែម ខណៈដែល​ប្រព័ន្ធ​សម្ពាធ​ទាប ITCZ កើតឡើង​ជាថ្មី​បង្ក​ឲ្យ​មាន​ជំនន់​ទន្លេមេគង្គ​

ភ្នំពេញ ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បានចេញ​សារាចរ​ណែនាំ​បន្ថែម​ស្តីពី​ការបន្ត​វិធានការ​ត្រៀម ទប់​ទល់នឹង​គ្រោះទឹកជំនន់​ដើម្បី​ត្រៀម​ទប់​ទល់នឹង​ទឹកជំនន់​ទឹកភ្លៀង​ដែល​អាច​កើតមានឡើង​នៅតាម​ដង​ទន្លេមេគង្គ ។ នេះ​បើ​យោងតាម សារាចរ​ណែនាំ​បន្ថែម​ស្តីពី​ការបន្ត​វិធានការ​ត្រៀម​ទប់​ទល់នឹង​គ្រោះទឹកជំនន់​ដែល​ចុះហត្ថលេខា​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៩​។

ក្នុង​សារាចរ​ណែនាំ​បាន​គូស​បញ្ជាក់ថា ក្នុង​រយៈពេល​ជិត​មួយ​សប្តាហ៍​កន្លងមកហើយ​ដែល​ជំនន់​ទន្លេមេគង្គ​បាន​បង្កឱ្យមាន​ការលិចលង់​យ៉ាងធ្ងន់ធ្ងរ​នៅ​បណ្តា​ខេត្ត​ស្ថិតនៅតាម​ដង​ទន្លេមេគង្គ​ផ្នែក​ខាងលើ​។ ទន្ទឹមនេះ​បើទោះបីជា​ទឹកបាន​ចាប់ផ្តើម​ស្រក​ចុះ​ប៉ុន្តែ​ការ​ស្រក​ចុះ នេះ​មាន​សភាព​យឺត​ជាក់ស្ដែង​ខេត្តស្ទឹងត្រែង​ដែល​ចាប់តាំងពី​ពេល​ស្រក​ចុះ​នៅ​យប់​ថ្ងៃទី​០៦​មកដល់​ព្រឹក​ថ្ងៃទី​១០​ខែកញ្ញា​ឆ្នាំ​២០១៩ គឺមាន រយៈពេល​០៤​ថ្ងៃ​កន្លះ​ស្មើនឹង​១០៨​ម៉ោង​ទឹក​ស្រក​ចុះ​បានត្រឹមតែ​០.៦០ ម៉ែត្រ​ប៉ុណ្ណោះ។ ការ​ស្រក​ចុះ​យឺត​នេះ​គឺ​ដោយសារ​បរិមាណ​ទឹក​ដែល កើតឡើង​ដោយសារ​ជំនន់​នាពេល​កន្លងមក​មានប​រិ​មាណទឹក​ដ៏​ច្រើន​លើសលប់​ទន្ទឹម នឹង​ភ្លៀង​នៅ​បន្ត​ធ្លាក់​ពី​តិច​ទៅ​បង្គួរ​ក្នុង​តំបន់​ផ្ទៃ​រងទឹក ភ្លៀង​របស់​ទន្លេមេគង្គ​បន្ថែមទៀត​។

ក្នុង​សារាចរ​ណែនាំ​នោះ​សម្ដេច​តេ​ជោ​បាន​លើកឡើងថា យោងតាម​ការ​ព្យាករ​លើ​ស្ថានភាព​អាកាសធាតុ របស់ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បង្ហាញថា ចាប់ពី​ថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ ២០១៩​តទៅ នឹងមាន​ប្រព័ន្ធ​សម្ពាធ​ទាប​(ITCZ) ថ្មី​មួយ​កើតឡើង​ហើយ​ប្រព័ន្ធ​សម្ពាធ​ទាប​នេះ នឹង​រំកិល​ខ្លួន​ចុះមក​ក្រោម (​ចន្លោះ​ស្ទឹងត្រែង​-​ប៉ាក់​សេ​)​។ ប្រព័ន្ធ​សម្ពាធ​ទាប​ថ្មី​នេះ នឹង​បង្កឱ្យមាន​ភ្លៀង​ធ្លាក់​ពី​បង្គួរ​ទៅ​ច្រើន ជម្រុញ​ឲ្យ​ទឹកទន្លេ​មេគង្គ​ហក់​ឡើងជា​ថ្មី ដែល​ធ្វើឱ្យ​ជំនន់​ឆ្នាំ ២០១៩ នេះ ចាត់ទុក​ចំណាត់ថ្នាក់​ជា​ជំនន់​ធំ​។​
​ ​ជាមួយគ្នានេះដែរ​បើ​យោង​លើ​ស្ថានភាព​កម្ពស់​ទឹកទន្លេ​នាពេល​បច្ចុប្បន្ន និង​ស្ថានភាព​អាកាសធាតុ​ដូច​បាន​ព្យាករណ៍​និង​បញ្ជាក់ ជូន​ខាងលើ​រាជរដ្ឋាភិបាល​សូម​ធ្វើការ​ណែនាំ​ដល់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​និង​អាជ្ញាធរ​ដែនដី​ទាំងអស់​ត្រូវ​បន្ត​បង្កើន​ស្មារតី​ប្រុងប្រយ័ត្ន​និង​វិធាន ការចាំបាច់​នានា​ត្រៀម​ទប់ទល់​នឹង​គ្រោះទឹកជំនន់​ដែល​អាច​នឹង​កើនឡើង​ជាថ្មី​ក្នុងពេល​ដ៏​ខ្លី​ខាងមុខ​កាត់បន្ថយ​ឲ្យ​បានជា​អតិបរមា​នូវ​ការ​លំ បាក​និង​ការប៉ះពាល់​ដល់​ទ្រព្យសម្បត្តិ​អាយុជីវិត​របស់​ប្រជាពលរដ្ឋ​។

លោក ចាន់ យុ​ត្ថា អ្នកនាំពាក្យ​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ឲ្យ​ដឹងថា​ ជំនន់​ទឹកភ្លៀង​នៅក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​និង​ខេត្តព្រះវិហារ​នៃ​តំបន់​ខ្ពង់រាប​ភាគ​ខាងជើង​លែង​ជាការ​ព្រួយបារម្ភ​ទៀតហើយ​ដោយសារ​ទឹកបាន​ស្រក​ពី​តំបន់​ទំនាប​។ ក៏ប៉ុន្តែ​សម្រាប់​ខេត្តព្រះវិហារ បាន​បន្សល់ទុក​ពេលនេះ​នូវ​ជំនន់​ស្ទឹង​ខណៈ​ស្ទឹង​ព្រះវិហារ​ទឹក​ឡើង​ដល់​កម្ពស់​ជាង​១៤​ម៉ែត្រ និង​ចាល់​ត្រង់​ក្រុង​ព្រះវិហារ​។ អ្នកនាំពាក្យ​ក្រសួង​ធនធានទឹក​បានបញ្ជាក់​ថា តំបន់​ទំនាប​មួយចំនួន​នៃ​ខេត្តកំពង់ធំ​កំពុង​ប្រឈម​នឹង​ទឹកជំនន់​ផងដែរ​ខណៈ​ទឹកស្ទឹង​សែន ចាប់ផ្តើម​ឡើង​ខ្ពស់ ។ ដោយឡែក​ជំនន់​ទឹកទន្លេ​មេគង្គ​វិញ​ទឹក​ចាប់ផ្តើម​ស្រក​ជា​បន្តបន្ទាប់​ប្រដេញ​គ្នា​ពី​១​ថ្ងៃ​ទៅ​១​ថ្ងៃ​បើ​ទោះណាជា​កម្ពុជា​បានទទួល​ឥទ្ធិពល​ពី​ប្រព័ន្ធ​សម្ពាធ​ទាប​ឡើងវិញ​នៅថ្ងៃនេះ​ក៏ដោយ​ក៏ប៉ុន្តែ​មិនមាន​អ្វី​ជាការ​ប្រឈម​ដូច​ពេលកន្លងមក​នោះទេ​។

ដោយឡែក​ថ្ងៃទី​០៩ ខែកញ្ញា ឆ្នាំ​២០១៩ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ គន់ គីម ទេសរដ្ឋមន្ដ្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស និង​ជា អនុប្រធាន​ទី​១​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្ដរាយ​បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​ស្ថានភាព​ទឹកជំនន់​ទន្លេមេគង្គ​នៅក្នុង​ក្រុង​ខេត្ត​កំពង់ ចាម​បាន​ចុះ​ពិនិត្យ​នៅតាម​បណ្តោយ​មាត់ទន្លេ​មេគង្គ​ក្នុង​ក្រុង​កំពង់ចាម​ចាប់ពី​ចំណុច​កំពង់​រង់ចាំ​រហូតដល់​ស្តូប​មិត្តភាព​កម្ពុជា​-​វៀត​ណា​ម។

គិត​ត្រឹម​ថ្ងៃទី​០៩ ខែកញ្ញា ឆ្នាំ​២០១៩​នេះ ក្នុង​កម្រិត​កម្ពស់​ទឹកទន្លេ​មេគង្គ​ដែល​ពិនិត្យឃើញ​នៅ​ស្ថានីយ​ជលសា​ស្ត្រ​ខេត្តកំពង់ចាម មាន​កម្ពស់ ២៥,៦៤​ម៉ែត្រ ដែល​កម្រិត​កម្ពស់​ទឹក​ត្រូវ​ប្រកាសអាសន្ន​ឱ្យ​ប្រុងប្រយ័ត្ន​នៅ​ខេត្តកំពង់ចាម​គឺ ២៥,២០​ម៉ែត្រ​ប៉ុណ្ណោះ​។ យើង​កំពុង ធ្វើការ​អន្តរាឝមន៍​បូម​ទឹក​ចេញពី​ក្រុង​កំពង់ចាម​ផងដែរ៕
ណា​រី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114