ព័ត៍មានទាន់​ហេតុការណ៏
Search

អគ្គិភ័យ​ ​ឆាបឆេះ​តូច​លក់ដូរ​នៅ​ក្នុង​ផ្សារ​ឃ្លាំង​រំសេវ​ទាំង​កណ្ដាល​អធ្រាត្រ​អស់​រាប់​សិប​តូប តែ​មិន​បង្ក​អោយ​មនុស្ស​គ្រោះថ្នាក់

ភ្នំពេញ ​៖ តូប​លក់ដូរ​ក្នុង​ផ្សារ​ឃ្លាំង​រំសេវ រាប់សិប​តូប​ ត្រូវបាន​អគ្គិភ័យ​​​ឆាបឆេះ​ បង្កឱ្យមាន​ការភ្ញាក់ផ្អើល​នៅវេលា​ម៉ោង​១១​និង​២០ នាទី​យប់​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០១៩​ នៅ​ចំណុច​មុខ មជ្ឈមណ្ឌល​ម៉ុង​ឌី​យ៉ា​ល់ តាម​បណ្ដោយ​ផ្លូវ​ម៉ៅ​សេទុង​ក្នុង​សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក។

បើតាម​សាក្សី​នៅ​កន្លែងកើតហេតុ​ បាន​អោយដឹងថា នៅ​មុនពេល​កើតហេតុ គេ​បានឃើញ​មាន​អណ្តាតភ្លើង​ឆេះ​ឡើង ដោយ​ឆ្លង​ចរន្តអគ្គិសនី បណ្តាលអោយ​ឆេះ​ខ្សែភ្លើង​នៅ​ខាងក្រៅ​តូប បន្តិច​មក​ក៏​ស្រាបតែ​អណ្ដាតភ្លើង​ឆាបឆេះ​ឆ្លង​ដល់​ក្នុង​តូប​យ៉ាង​សន្ធោសន្ធៅ​តែម្តង បង្កឱ្យមាន​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ ក៏​ដូច​សមត្ថកិច្ច ចុះមក​អន្តរាគមន៍ នឹង​ទាក់ទង​ទៅ​រថយន្ត​ពន្លត់អគ្គិភ័យ​ចុះមក​បាញ់​ពន្លត់​ភ្លាមៗ​ដែរ។

ក្នុង​ហេតុការណ៍​អាក្រក់​នេះ សមត្ថកិច្ច ចម្រុះ​ បាន​ព្យាយាម​ជួយ​អន្តរាគមន៍​ការពារ​ទ្រព្យសម្បត្តិ​ជូន​ប្រជាពលរដ្ឋ​យ៉ាង​យកចិត្តទុកដាក់ ដោយ​អំឡុងពេល​កើតហេតុ​នោះ គេ​ក៏​បានឃើញ​វត្តមាន​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ អមដោយ​អភិបាលខណ្ឌ​ទួលគោក និង​កងកម្លាំង​ក្នុង​មូលដ្ឋាន​ខណ្ឌ ព្រមទាំង​មន្ត្រីរាជការ ជាច្រើន​នាក់​ទៀត​ បាន​ចុះមក​ជួយ​អន្តរាគមន៍​នៅក្នុង​ហេតុការណ៍​នេះ​ផងដែរ។

អគ្គិភ័យ​នេះ ​បាន​រលត់ទៅវិញ​នៅវេលា​ម៉ោង​១​យប់​រំលងអធ្រាត្រ​ឆ្លង​ចូល​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១៩។ ក្នុង​ហេតុការណ៍​នេះ សមត្ថកិច្ច​ បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​អស់​ចំនួន​៣៦​គ្រឿង។

បើតាម​ប្រភព​ព័ត៌មាន​បឋម​អគ្គិភ័យ​នេះ ​បានធ្វើ​ឲ្យ​ខូចខាត​តូប​ប្រមាណ​៤០​តូប ក្នុងនោះ ២៥​តូប​ឆេះ​ទាំងស្រុង និង​១៥​តូប​ខូចខាត​ទ្រព្យសម្បត្តិ។ ​ប៉ុន្តែ​ទោះបីជា​យ៉ាង ក្តី​ករណីនេះ​មិនមាន​ការបញ្ជា​ក់ថា បង្កអោយមាន​គ្រោះថ្នាក់​ដល់​មនុស្ស​នោះទេ ហើយ​ករណី​អគ្គិភ័យ​នេះ គឺ​បណ្ដាលមកពី​ការឆ្លង​ចរន្តអគ្គិសនី៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114