ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​មូលដ្ឋាន​រាជធានី​ភ្នំពេញ​ សន្យា​បង្កើន​ប្រសិទ្ធភាព​លើ​ការ​ដោះស្រាយ​រាល់​តម្រូវការ​ចាំបាច់​នានា​ជូន​ប្រជាពលរដ្ឋ

ភ្នំពេញ ​៖ ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​មូលដ្ឋាន​រាជធានី​ភ្នំពេញ លោកជំទាវ​កិ​ត្ដិ​យស​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​ទំនាក់ ជាមួយ​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច បាន​សន្យាថា នឹង​បង្កើន​ប្រសិទ្ធភាព​លើ​ការដោះស្រាយ​រាល់​តម្រូវការ​ចាំបាច់​នានា​ជូន​ប្រជាពលរដ្ឋ ដើម្បី​ជួយ​សម្រាល​ការលំបាក និង​កាត់បន្ថយ​ទុក្ខ​កង្វល់​របស់​ប្រជាពលរដ្ឋ​។

ក្នុងនោះដែរ លោកជំទាវ​បាន​ណែនាំ​ដល់​ក្រុមការងារ​បន្ត​ត្រូវ​បង្កើន​ការចុះ​ជួប​ប្រាស្រ័យ​ផ្ទាល់​ជាមួយ​ប្រជា ពលរដ្ឋ​នៅ​មូលដ្ឋាន ដើម្បី​ដោះស្រាយ​នូវ​កង្វល់ សំណើ សំណូមពរ ឲ្យ​មាន​ប្រសិទ្ធភាព ជូន​ពួកគាត់​ស្របតាម​យុទ្ធសាស្ដ្រ ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល។​

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន បាន​ថ្លែង​បែបនេះ កាលពី​រសៀល​នៅ​ថ្ងៃទី​១០ ខែ ឆ្នាំ​២០១៩ នៅ​សាលា​រាជធានី​ភ្នំពេញ ក្នុងឱកាស​អញ្ជើញ​ជា​អធិបតីភាព ក្នុង​កិច្ចប្រជុំ​ផ្សព្វ ផ្សាយ សេចក្តីណែនាំ​ស្តីពី​តួនាទី ភារកិច្ច និង​របៀបរបប​ការងារ សម្រាប់​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​នៅ​រាជធានី​ភ្នំពេញ​ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអនុវត្ត​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​

លោកជំទាវ​ឧបនាយករដ្ឋមន្ត្រី​បាន​បញ្ជាក់ថា ការចុះ​មូលដ្ឋាន​របស់​ក្រុមការងារ​នេះ​មាន​សារៈសំខាន់​ណាស់ ពោលគឺ ទី​១,​លើកកម្ពស់​ការផ្សារភ្ជាប់​ទំនាក់ទំនង រវាង​ប្រជាពលរដ្ឋ​ជាមួយ​រាជរដ្ឋាភិបាល តាមរយៈ​សកម្មភាពរ​បស់​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​គ្រប់លំដាប់​ថ្នាក់ ក្នុង​ការជួប​ប្រាស្រ័យ​ផ្ទាល់​ជាមួយ​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន ដើម្បី​ស្វែងយល់​អំពី​ជីវភាព​រស់នៅ និង​បាន​ស្ដាប់​នូវ​កង្វល់ សំណើ សំណូមពរ បញ្ហា​ប្រឈម​នានា​នៅតាម​មូលដ្ឋាន​។ ទី​២, ផ្សព្វផ្សាយ កម្មវិធី​នយោបាយ និង​សមិទ្ធផល​នានា​របស់ រាជរដ្ឋាភិបាល ជូន​ប្រជាពលរដ្ឋ​បាន​ជ្រាប និង​ស្វែងរក​ការគាំទ្រ និង​ចូលរួម​ការអនុវត្ត​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល និង​ដាក់ចេញ​វិធានការ និង​សកម្មភាព​អនុវត្ត​ជាក់ស្តែង ។ និង​ទី​៣, ដោះ ស្រាយ​និង​បូកសរុប​សំណើ​សំណូមពរ​បញ្ហា​ប្រឈម​នានា​នៅ​មូលដ្ឋាន​ហើយ​មាន​វិធានការ​ដោះស្រាយ ឆ្លើយតប​នឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​។​

លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់ថា រដ្ឋបាល​រាជធានី​ភ្នំពេញ កំពុង​ខិតខំ​ប្រឹងប្រែង​ពង្រឹង និង​ពង្រីក ការ​ទំនាក់ ទំនង ការអភិវឌ្ឍ​មូលដ្ឋាន ជាមួយ​ដៃគូរ ហើយ​កំពុង​បន្ដ បង្កើន​ការចុះ​ជួប ប្រជាពលរដ្ឋ និង​បង្កើន​ទំនាក់ទំនង​ជាមួយ​មហា​ជនតា​មូលដ្ឋាន​តាមរយៈ ការកែលំអ​ការផ្តល់សេវា​សាធារណៈ ការជួយ​ដោះស្រាយ​បញ្ហា​ប្រឈម និង​ការលំបាក​របស់​ប្រជាជន ដូចជា ការដោះស្រាយ​ទំនាស់​ដីធ្លី ការជួសជុល និង​កសាង​ផ្លូវ ការ​ស្តារលូ ប្រឡាយ ការកែ​រៀបចំ​សណ្ដាប់ធ្នាប់ សម្រួល​ចរាចរ ប្រមូល​សំរាម ការធ្វើ​សួនច្បារ និង​ជួយឧបត្ថម្ភ​ប្រជាពលរដ្ឋ ដែល​ជួប​គ្រោះថ្នាក់ និង​ងាយ​រងគ្រោះ ដូចជា ជនអនាថា កុមារកំព្រា ជនរងគ្រោះ​ដោយ​ទឹកជំនន់ អគ្គិភ័យ និង​អ្នកក្រ ដែលមាន​ជម្ងឺ​ជាដើម​។​

លោក​បាន​បន្ដថា តាម​សេចក្តីត្រូវការ​របស់​ប្រជាពលរដ្ឋ ពួកគេ​ពិតជា​ចង់បាន​ការរស់នៅ​ដែល​ប្រកបដោយ​ភាពសុខសាន្ត និង​ទទួលបាន​ការផ្តល់សេវា គួរ​ជាទី​ពេញចិត្ត ជា ពិសេស​ការ បម្រើ​សេវា​សាធារណៈ​ឲ្យ​បានល្អ​ប្រសើរ​ជូន​ដល់​មូលដ្ឋាន ដូចជា ការធ្វើ​សៀវភៅ​ស្នាក់នៅ ធ្វើ​អត្តសញ្ញាណប័ណ្ណ បញ្ជាក់​សំបុត្រកំណើត ការ​សុំច្បាប់​អនុញ្ញាត និង​ការ​សុំ​បញ្ជាក់​លិខិត​ផ្សេងៗ លុបបំបាត់​បាតុភាព​អសកម្ម​នានា ដូចជា ការ​ពង្រឹង​សន្តិសុខ និង​រក្សា​ឲ្យ​បាន​នូវ​ភូមិ ឃុំ មាន​សុវត្ថិភាព និង​ការ​លុបបំបាត់​ការបំពាន​ដោយ​អំណាច​នានា ជាដើម៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114