ព័ត៍មានទាន់​ហេតុការណ៏
Search

ជម្រុះ World Cup​ ៖​ កម្ពុជា រង​បរាជ័យ ១-០ ទល់នឹង​បា​រ៉ែ​ន​ខណៈ​ទំរង់​លេង​ល្អមើល

នា​រាត្រី​ថ្ងៃ​អង្គា​រ៍ ទី​១០ ខែកញ្ញា ឆ្នាំ​២០១៩​នេះ ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា បាន​ប្រកួត​លើក​ទី​២ ក្នុង​វគ្គ​ជម្រុះ​ពូ​ល C នៃ​ពានរង្វាន់ FIFA World Cup 2022 ដោយ​ប្រកួត​ចាញ់​ក្រុម​ជម្រើសជាតិ​បា​រ៉ែ​ន ក្នុង​លទ្ធផល ០-១ នៅ​ពហុ​កីឡដ្ឋាន​ជាតិ។

​ការប្រកួត​ចាប់ផ្តើម​ជាមួយនឹង​បរិយាកាស​ដូច​សព្វដង ពោលគឺ​អ្នកគាំទ្រ​នៅតែ​បន្ត​មក​ចូលរួម​ទស្សនា​ពេញ​ពហុ​កីឡដ្ឋាន​។ ផ្តើមចេញពី​ការ​ផ្លុំ​កញ្ចែ​ចាប់ផ្តើម​ការប្រកួត​រប​ស់​អាជ្ញាកណ្តាល ក្រុម​ទាំងពីរ បាន​បង្កើត​ឱកាស​រៀងខ្លួន តែ​មិនអាច​ទម្លុះ​សំណាញ់​ទី​បានឡើយ​។

​កម្ពុជា ដែល​ស្ថិតក្នុង​ការគ្រប់គ្រង​បាល់​បាន​ច្រើន ពិសេស​បាល់​ខ្លីៗ តែង​បញ្ជូន​បាល់​ចេញទៅ​កាន់​តំបន់​ប្រយុទ្ធ ដែលមាន​យុវជន​វ័យ ១៧​ឆ្នាំ សៀង ច​ន្ធា ព្យាយាម​អូស​បាល់​សំរុក​តំបន់​គ្រោះថ្នាក់​របស់​បា​រ៉ែ​ន​ជារឿយៗ តែ​មិនអាច​រក​គ្រាប់​បាល់​បាន និង​វគ្គ​ទី​១​នៃ​ការប្រកួត​បញ្ចប់​ទៅដោយ​លទ្ធផល ០-០​។​

​ចូលដល់​វគ្គ​ទី​២ ក្រុម​ទាំងពីរ​នៅតែ​បន្ត​បង្កើត​ឱកាស​បន្ថែមទៀត រហូតដល់​នាទី ៧៨ កីឡាករ Al Aswad របស់​ក្រុម​ជម្រើសជាតិ​បា​រ៉ែ​ន បាន​ទាត់​បាល់​ដែល​ប្លោង​ចេញពី​ការ​ប្រទាញ​គ្នា​ក្រោយ​បាល់​ជ្រុង​កើតមាន និង​បំប៉ោង​សំណាញ់​ទី ១ ទល់នឹង ០ ។​

​លទ្ធផល​នេះ​នៅតែ​បន្ត​រហូតដល់​ចប់​ការប្រកួត ហើយ ៣​ពិន្ទុ ក៏បាន​ទៅ​បា​រ៉ែ​ន ក្នុង​ពូ​ល C ដែលជា​លទ្ធផល​ជ័យជម្នះ​ដំបូង​គេ​បង្អស់ និង​នាំឱ្យ​ពួកគេ​ឈរ​កំពូល​តារាង​មាន ៤​ពិន្ទុ គ្រា​ដែល ១​គូ​ទៀត ហុងកុង ជួប អ៊ីរ៉ង់ នៅ​ម៉ោង ១០​យប់​នេះ ។​

​ពហុ​កីឡដ្ឋាន​ជាតិ របស់​កម្ពុជា ផ្ទុក​អ្នកគាំទ្រ​បាន​រហូតដល់​ទៅ ៥៥,០០០​នាក់ ដែលជា​ស្ថិតិ​ច្រើនជាង​ការប្រកួត​លើក​ទី​១ ជិត​១​ម៉ឺន​នាក់ ( ៤៥,៥០០​នាក់​) ។​

​ជម្រើស​១១​នាក់​ដំបូង​របស់​កម្ពុជា​៖ កែវ សុខ​សិលា (​អ្នកចាំទី​), អ៊ុក សុវណ្ណ​, សារ៉េត គ្រី​យ៉ា​, សឿ​យ វិសាល (​ប្រធាន​ក្រុម​), ឆេង ម៉េង​, សេត រ៉​ស៊ី​ប​, គួច សុ​កុម្ភៈ​, អ៊​ន ចាន់​ប៉ូ​លីន​, សុះ ស៊ូ​ហា​ណា​, កែវ សុខ​ផេង​, សៀង ច​ន្ធា៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114