ព័ត៍មានទាន់​ហេតុការណ៏
Search

សុខ ធី ជួប ទ្រី​ផេ​ត ឯ អ៊ូច ធា​រិ​ទ្ធ ជួប ក្រោះ​ផេ​ត នៅ​សង្វៀន​ស្ទឹងមានជ័យ

អ្នក​ប្រដាល់​ជើង​ខ្លាំង​របស់​កម្ពុជា​២​រូប គឺ សុខ ធី និង អ៊ូច ធា​រិ​ទ្ធ នឹងត្រូវ​ជួប​ប្រកួត​ជា​អ្នក​ប្រដាល់​ថៃ នា​យប់​ថ្ងៃ​សុក្រ​ ទី​១៣ ខែ​កញ្ញា ឆ្នាំ​​២០១៩​នេះ នៅលើ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ។

អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា​សុខ ធី ក្លិប​សៅ​យ៉ាន់​នាគា ត្រូវគេ​ផ្គូ​ឲ្យ​ឲ្យ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ​ទ្រី ផេ​ត ស​.​រឿង​ឆ័យ (Tripetch Sor.Ruengchai )។ អ្នក​ប្រដាល់ ថៃ​នេះ មិន​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ទេ​កន្លងមក។​ រវាង​អ្នក​ប្រដាល់​ជើង​ខ្លាំង​សុខ ធី និង ទ្រី ផេ​ត នេះ ជួបគ្នា​ក្នុង​ទម្ងន់​៥៧​គីឡូក្រាម។

សុខ ធី ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​ម្នាក់ សម្រាប់​ពេល​បច្ចុប្បន្ននេះ។ សុខ ធី ជា​អ្នក​ប្រដាល់​វ័យក្មេង​ស្រករ​ក្រោយ ជា​កូនសិស្ស​របស់​អតីត​អ្នក​ប្រដាល់​ជើង​ខ្លាំង​សាន សៅ​យ៉ាន់។ សុខ ធី នៅ​ក្មេង តែ​មាន​ស្នៀត​ប្រដាល់​ល្អ វាយ​ខ្លាំង កម្លាំងកាយ​សម្បទា​រឹងមាំ ហើយ​គេ​អាច​វាយ​បាន​គ្រប់​ស្ថានភាព​ប្រកួត​ទាំងអស់។

សុខ ធី ធ្លាប់​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ច្រើន​នាក់​នៅ​ស្រុកថៃ និង​ធ្លាប់​មក​ប្រកួត​នៅ​ភ្នំពេញ​ច្រើន​លើក​ដែរ កន្លងមក ដែល​ភាគច្រើន​ឈ្នះ​សឹងតែ​ទាំងអស់​រាល់ពេល​ជួប​ជាមួយ​ថៃ​នោះ​។

សុខ ធី គេ​មាន​ផ្លែ​ល្អ ពិសេស ​គឺ​ផ្លែ​កណ្តាប់ដៃ​ និង​ជើង​កែង ហើយ​សុខ​ធី នៅមាន​ស្នៀត​ទាត់​ល្អ​ខ្លាំង​និង​ធ្ងន់​ថែមទៀត។ ឯ បញ្ហា​កម្លាំង​ស៊ុ​ហ្វ​វិញ សុខ​ធី ក៏​រឹងមាំ​មិន​ងាយ​ស្រុត​ខ្សោយ​នោះដែរ។ ​សុខ ធី ប្រកួត​ជាមួយ​ថៃ​លើកចុងក្រោយ​នេះ វាយ​ឈ្នះ​ណា​ម​ផេ​ត ដោយ​ពិន្ទុ កាលពី​ថ្ងៃទី​១១​សីហា​កន្លង​មក​នេះ។

និយាយ​ជារួម សុខ ធី ទាំង​បទពិសោធន៍ ទាំង​ស្នៀត​ប្រដាល់ ល្បិចកល និង កាយសម្បទា សុទ្ធតែ​ល្អ​ និង​ខ្លាំង ដែល​អាច​ទុកចិត្តបាន​ថា អាច​យកឈ្នះ​លើ​អ្នក​ប្រដាល់​ថៃ ទ្រី ផេ​ត ស​.​រឿង​ឆ័យ បាន​មិន​ខាន។

អ្នក​ប្រដាល់​ថៃ ទ្រី ផេ​ត ស​.​រឿង​ឆ័យ​នេះ ក៏​ជា​ជើង​ខ្លាំង​ម្នាក់​នៅ​ស្រុកថៃ​ដែរ។ ​គេ​មាន​ស្នៀត​ប្រដាល់​ល្អ​និង​ខ្លាំង ហើយ​បទពិសោធន៍​លើ​រេញ​របស់គេ​គួរសម​ដែរ។ អ្នក​ប្រដាល់​ថៃ​រូបនេះ ជួប​ប្រកួត​ជា​មួយ​សុខ ធី នោះ គេ​មិន​រំពឹងថា​ឈ្នះ​សុខ ធី នោះឡើយ។ ចាំមើល តើ​សុខ ធី ឈ្នះ​ឬមួយ​ក៏​ទ្រី ផេ​ត ស​.​រឿង​ឆ័យ ឈ្នះ សម្រាប់​ការជួបគ្នា​លើកដំបូង​នេះ?។
អ៊ូច ធា​រិ​ទ្ធ អ្នក​ប្រដាល់​ក្លិប​អាណាចក្រ​គុន​ខ្មែរ ត្រូវគេ​ផ្គូ​ឲ្យ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ ក្រោះ​ផេ​ត ឃា​ថា​ន់​ឌី​ត (Krokpetch Kheathandit ) ដោយ​ប្រកួត​គ្នា​ក្នុង​ទម្ងន់​៥៧​គីឡូក្រាម​ដែរ។

ធា​រិ​ទ្ធ ជា​អ្នក​ប្រដាល់​ដែល​ចាត់ទុកថា ជា​ជើង​ខ្លាំង​ស្រករ​ក្រោយ​ម្នាក់។ គេ​បាន​ឆ្លងកាត់​ការប្រកួត​ជា​មួយ​អ្នក​ប្រដាល់​ថៃ​ប្រមាណ​ជាង​២០​នាក់​ទាំង​លើក​នេះ​។ ធា​រិ​ទ្ធ គេ​ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​ស្រករ​ក្រោយ ដែលមាន​ចិត្តធំ កម្លាំង​ខ្លាំង វាយ​មិន​សំចៃ​ដៃ​ឡើយ។ ប៉ុន្តែ​យ៉ាងណា​ការប្រកួត​លើក​នេះ មិន​ដឹង​ថា ធា​រិ​ទ្ធ ​អាច​យកឈ្នះ​ក្រោះ​ផេ​ត បាន​ឬក៏​អត់​នោះទេ?​។ ​ប៉ុន្តែ​យ៉ាងណា ធា​រិ​ទ្ធ ធ្លាប់​ឈ្នះ​ក្រោះ​ផេ​ត​នេះ ដោយ​ពិន្ទុ​ម្តង​ហើយ​កាលពី​ថ្ងៃទី​១៨​ ខែសីហា ឆ្នាំ​២០១៩។ គេ​ប្រកួត​ជាមួយ​ថៃ​លើកចុង​ក្រោយ​នេះ​(៣០​សីហា​២០១៩) វាយ​ឈ្នះ​ផេ​ត​ឈុម ផុល (Petchchumphol)​ដោយ​ពិន្ទុ។

ក្រោះ​ផេ​ត ឃា​ថា​ន់​ឌី​ត គេ​ធ្លាប់​មក​ស្រុក​ខ្មែរ​តែមួយ​លើក​ជាមួយ​អ៊ូច​ធា​រិ​ទ្ធ​នោះ ឥឡូវ​មកជួប​ ធា​រិ​ទ្ធ​ម្តងទៀត ដើម្បី​សងសឹក​វិញ។ អ្នក​ប្រដាល់​ថៃ​រូបនេះ ក៏មាន​ស្នៀត​ប្រដាល់​ល្អ​ និង​ខ្លាំង​ដែរ។ តែ​យ៉ាង​ណា អ្នក​ប្រដាល់​ថៃ​រូបនេះ មិន​ប្រាកដថា ឈ្នះ​អ៊ូច ធា​រិ​ទ្ធ​ នោះឡើយ ព្រោះថា ធា​រិ​ទ្ធ​នេះ គេ​រឹងមាំ​ទាំង​កាយសម្បទា ខ្លាំង​ទាំង​ស្នៀត​ប្រដាល់ ហើយ​វាយ​មិន​ងាយ​អស់​ស៊ុ​ហ្វ​នោះឡើយ។

ចំពោះ​ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ ធឹ​ម ទាន់ អ្នក​ប្រដាល់​ក្លិប​រាជសីហ៍​ខេត្តរតនគិរី ត្រូវគេ​ផ្តល់​ឱកាស​ឲ្យ​ជួប​ប្រកួត​ជាមួយ​ជើងចាស់ ភុ​ន សោ​ភ័​ណ្ឌ អ្នក​ប្រដាល់​ក្លិប​នាគរាជ​មានជ័យ ដោយ​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម។ ចំណែក ធន សេងហុង អ្នក​ប្រដាល់​ក្លិប​មជ្ឈមណ្ឌល​កីឡាខ​.​ភ​.​ម​វិញ ត្រូវគេ​ផ្គូ​ឲ្យ​ជួប​ប្រកួត​ជាមួយ​សំណាង ឆា​លីន អ្នក​ប្រដាល់​ក្លិប​កងចក្រ​រាជសីហ៍ ដោយ​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​៥១​គីឡូក្រាម។​ ហើយ ធី ប៊ុនធឿន អ្នក​ប្រដាល់​ក្លិប​ពន្លឺ​វិបុល​ដា​រិ​ទ្ធ​ពោធិ​សែន​ជ័យ ត្រូវ​ជួប​ប្រកួត​ជាមួយ​រុន ឆាត​អ្នក​ប្រដាល់​ក្លិប​កំរៀង​មានជ័យ ក្នុង​ប្រភេទ​ទម្ងន់​៦៧​គីឡូក្រាម៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114