ព័ត៍មានទាន់​ហេតុការណ៏
Search

វីតាល់​សម្ពោធ​ចេញ​លក់​ផលិតផល​វី​តា​ល់​ចំណុះ 250mL​ជា​ផ្លូវការ​ហើយ

ភ្នំពេញ​ ៖​ ក្រុមហ៊ុន​ផលិត​ទឹក​ពិសា​គុណភាព​ខ្ពស់ និង​ឈានមុខ​គេ វី​តា​ល់ បាន​ធ្វើ​ការសម្ពោធ​ដាក់​ចេញលក់​ផលិតផល​វី​តា​ល់​ចំណុះ 250mL ដោយបាន​ប្រសិទ្ធ​នាម​ថា​ជា “​កូនពៅ​នៃ​គ្រួសារ​វី​តា​ល់​” ដែលមាន​រូបរាង​ថ្មី ប្លែក តូច​ជាង​មុន​ជាមួយ​មុខងារ​សន្សំសំចៃ​ច្រើន។

ពិធី​សម្ពោធ​ផលិតផល​វី​តា​ល់​ចំណុះ 250mL​នេះ​បាន​ប្រព្រឹត្តិ​ទៅ​កាលពី​ថ្ងៃទី​១០ ខែ​កញ្ញា ឆ្នាំ​២០១៩​នៅ​ក្នុង​សាល​ដ៏​ធំ​ទំនើប​នៃ​ផ្សារ​ទំនើប​អ៊ី​អន​សែន​សុខ​ស៊ី​ធី​ ដោយមាន​ការចូលរួម​សក្ខីភាព​ពី​ម្ចាស់​ដេប៉ូ​ភេសជ្ជៈ​ធំ​-​តូច​ជាច្រើន​នៅ​កម្ពុជា អ្នកសារព័ត៌មាន​គ្រប់​ស្ថាប័ន តំណាង​អតិថិជន ព្រមទាំង​ដៃគូ​សហការ ដែល​មាន​សម្ព័ន្ធ​ភាព​ល្អ​ជាមួយ​ក្រុមហ៊ុន​វី​តា​ល់​ប្រមាណ​ជា​៣០០​នាក់​ផង​ដែរ។

ដោយ​សង្កេត​មើល​ឃើញ​ភាព​ជោគជ័យ​ខ្ពស់​ទាំង​ចំនួន​នៃ​ការ​លក់ និង​ការ​ទទួលស្គាល់​នូវ​គុណភាព ក្នុង​រយៈពេល ៩​ឆ្នាំ​នៃ​វត្តមាន​របស់​វី​តា​ល់​ក្នុង​ទីផ្សារ​កម្ពុជា វី​តា​ល់​បាន​បញ្ចេញ ទឹក​ពិសា​វី​តា​ល់​ចំណុះ​២៥០​ម​.​ល​. ថ្មី​នេះ​មានការ​រចនា​ដ៏​ពិសេស ដែល​ធ្វើ​ឲ្យ​ទឹក​ចំណុះ​នេះ​មើល​ទៅ​ប្លែក ស្រស់​ស្អាត បង្ហាញ​ពី​កិត្តិយស​ខ្ពង់ខ្ពស់​បំផុត និង​មាន​បរិមាណ​សមស្រប​ដែល​ស័ក្តិសម​សម្រាប់​ការប្រើប្រាស់​ក្នុង​កម្មវិធី​ជាច្រើន ដូចជា​ពិធី​អាពាហ៍ពិពាហ៍ ពិធីបុណ្យ​បែប​សាសនា និង​សំរាប់​ទទួលភ្ញៀវ​កិត្តិយស​តាម​ហាង​ទំនិញ​នានា និង តាម​គេហដ្ឋាន​ផង​ដែរ។

លោកស្រី កូវ ច័ន្ទ​និ​ច មន្ត្រី​ផ្នែក​ពាណិជ្ជ​សញ្ញា នៃ​ក្រុមហ៊ុន​វី​តា​ល់​បាន​មានប្រសាសន៍ថា វី​តា​ល់ មាន​រីករាយ​ជា​ពន់ពេក ដោយ​បាន​ដាក់​ចេញ​នូវ​ផលិតផល​ថ្មី “​កូនពៅ 250mL” នេះ​។ វី​តា​ល់ 250mL នេះ​លក្ខណៈ​ប្លែក​ជាង​ចំណុះ​ដទៃ​បន្តិច​ដោយសារ​ការ​រចនា​រំលេច​ឡើង​តាម​រូបរាង​ដប 1.5L ហើយ​មាន​មុខងារ​ប្រើប្រាស់​សន្សំសំចៃ​ជាង​មុន​។ ជាទូទៅ​ការចូលរួម​កម្មវិធី​ធំៗ​ផ្សេងៗ​គឺ​ការ​ទទួលទាន​ទឹក មាន​លក្ខណៈ​តិចតួច ហើយ​គេ​តែងតែ​បោះចោល​ដប​ទឹក​ដែល​នៅសល់។ ជាហេតុ​បណ្ដាល​ឱ្យ​យើង​សម្រេចចិត្ត​ផលិត​នូវ​ចំណុះ​ថ្មី​សមស្រប ដើម្បី​បំពេញ​តម្រូវ​ការ​ទីផ្សារ​ផ្នែក នេះ​ផងដែរ។

លោកជំទាវ ជឹ​ង សុគន្ធា​វី នាយិកា​គ្រប់គ្រង និង​តំណាង​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន​វី​តា​ល់ បានធ្វើការ​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​អតិ​ជន​វី​តា​ល់​ជាពិសេស​ម្ចាស់​ដេប៉ូ​ភេសជ្ជៈ​ទាំងឡាយ ដែល​ជា​និច្ចកាល​បាន​ខិតខំ​ប្រឹងប្រែង​គាំទ្រ​ចែកចាយ​វី​តា​ល់​ទៅកាន់​ទីផ្សារ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​បាន​យ៉ាង​ជោគជ័យ ធ្វើ​ឲ្យ​សន្ទុះ​នៃ​កំណើន​ចរាចរណ៍​វី​តា​ល់​លើ​ទីផ្សារ​មានដំណើរ​ឈានមុខ​គេ ហើយ​សង្ឃឹម​យ៉ាង​មុតមាំ​ថា សម្រាប់​ផលិតផល​ថ្មី​នេះ​នឹង​មាន​ការ​ជួយ​បន្ថែម​ពី​ដៃគូ​ពាណិជ្ជកម្ម​ទាំងអស់ ក្នុង​ការ​រុញច្រាន​ផលិតផល​យើង​តាមរយៈ​ការ​បញ្ជ្រាប និង​ប្រាប់​ដល់​អតិថិជន​ពី​គុណភាព គុណសម្បត្តិ និង​ផល​ប្រយោជន៍​នៃ​ទឹក​វី​តា​ល់​២៥០​ម​.​ល​.​នេះ។

គួរ​បញ្ជាក់​ថា ​វី​តា​ល់ នឹងមិន​នៅ​ស្ងៀម​នោះ​ទេ ព្រោះ​វី​តា​ល់​មាន​ទស្សនវិស័យ​ប្រែ​ក្លាយខ្លួនជា​ក្រុមហ៊ុន​ជាតិ​ឈានមុខ​ល្អ​ដាច់​គេ លើ​វិស័យ​ផលិត​ទឹក​ពិសា ទាំង​ទីផ្សារ​ក្នុងស្រុក ព្រមទាំង​ក្រៅ​ស្រុក​ផងដែរ​។ វី​តា​ល់​ប្តេជ្ញា​ថា​នឹង​បន្ត​ខិតខំ​ប្រឹងប្រែង​បង្កើត​កម្មវិធី​ថ្មីៗ​និង ល្អៗ​ជាច្រើន​ទៀត​ដើម្បី​បម្រើប្រជាជន​កម្ពុជា​ឲ្យ​បានល្អ​បំផុត ហើយក៏​ជាការ​តបស្នង​ទៅនឹង​ជំនឿ​ចិត្ត​ដែល​ប្រជាជន កម្ពុ​ជា​មាន​មកលើ​វី​តា​ល់ «​វី​តា​ល់​មោទនភាព ផលិតផល​ជាតិ»៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114