ព័ត៍មានទាន់​ហេតុការណ៏
Search

មុខរបរ​ប្រជា​នេសាទ​ភូមិ​ពាម​ខ្នង ខ្ចី​លុយ​យឿ​ត្រី​ទិញ​ឧបករណ៍​ធ្វើ​នេសាទ​ពេល​បាន​ត្រី ​ត្រូវ​លក់​ឲ្យ​ម្ចាស់​លុយ​វិញ​ដោះ​បំណុល បើ​ត្រី​អត់ ​ជំពាក់​លុយ​ត​ឆ្នាំ

កំពង់ឆ្នាំង ៖ លោក ពេ​ជ សារី ជា​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ពាម​ខ្នង ឃុំ​ផ្លូវ​ទូក ស្រុក​កំពង់​លែង ក្នុង​ពេល​ដឹក​ត្រី​មក​លក់​ឲ្យ​យឿ​ត្រី​មួយ​ នៅក្នុង​ភូមិ​ពាម​ខ្នង បាន​និយាយ​ឲ្យ​ដឹងថា ​៖ ប្រជាពលរដ្ឋ​រស់នៅ​តាម​ដង​ទន្លេ​ភាគ​ច្រើន​ ក៏ដូចជា​រូបគាត់ មាន​មុខរបរ​២ ​គឺ​ខែប្រាំង​ធ្វើ​ចម្ការ ខែវស្សា​នេសាទ​ត្រី​លក់ដូរ​ចិញ្ចឹមជីវិត។

ដោយឡែក​ចំពោះ​មុខរបរ​នេសាទ​ត្រី បើ​គ្មាន​ឧបករណ៍​នេសាទ​ទ្រង់ទ្រាយ​ធំ​ទេនោះ គឺ​មិនអាច​រកត្រី​ចេះតែ​អត់​ទៅៗ​បាន​នោះឡើយ។ ដូច្នេះ​ចាំបាច់​ត្រូវ​ខ្ចីលុយ​ម្ចាស់​យឿ​ត្រី ឈ្មោះ វី ដែលមាន​ធនធាន​ជាងគេ​នៅក្នុង​ភូមិ។ ចំពោះ​គាត់​បាន​ខ្ចីលុយ​គេ​ចំនួន​១០​លាន​រៀល ដែល​អាច​ទិញ​សាច់​អួន​ដាក់ ​និង ទិញ​បង្គោល រាយ​របាំង បាន​ប្រមាណ​១៥០​ម៉ែត្រ ទើប​អាច​ចាប់​ត្រី​លក់​ឲ្យ​ម្ចាស់​យឿ​ត្រី​វិញ​ ដើម្បី​ដោះ​បំណុល និង​បើ​សំបូរ​ត្រី​ទើប​អាច​ដោះបំណុល​គេ​បាន និង​លស់​លុយ​ខ្លះៗ​សម្រាប់​ទិញ​សម្ភារៈ​ប្រើប្រាស់​នៅក្នុង​គ្រួសារ។ តែបើ​ត្រី​មិន​សំបូរ រក​មិនបាន​ គឺ​ត្រូវ​ជំពាក់​បំណុល​ត​ឆ្នាំ ឬ​តកូន​តចៅ​បន្ត​ទៀត។

លោក ពេ​ជ សារី ក៏ដូចជា​ប្រជា​នេសាទ​ជាច្រើន​ទៀត​នៅក្នុង​ភូមិ​ពាម​ខ្នង​បាន​បញ្ជាក់​ឲ្យ​ដឹង​ដូចៗ​គ្នា​ថា ៖ ឆ្នាំនេះ ​២​ខែ​មុន ​ទឹកទន្លេ​ឡើង​យឺត ធ្វើឲ្យ​ត្រី​នៅតែ​ក្នុង​ទន្លេ​មិនអាច​នេសាទ​បាន ដែលជា​ធម្មតា​ ទាល់តែ​ទឹកទន្លេ​ឡើង​ខ្ពស់ជាង​នេះ​៣​ម៉ែត្រ ទឹក​ឡើង​លិច​ខ្នង​កោះ ទើប​ដាក់​របាំង​លប ឬ​ដាក់​មង​បាន​ត្រី។

ជាក់ស្ដែង​នៅ​ដើមខែ​កញ្ញា​នេះ តម្លៃ​ត្រី​លក់​បោះ​ឲ្យ​យឿ​ត្រី​ជា​ម្ចាស់​លុយ​នៅក្នុង​ភូមិ​ពាម​ខ្នង ត្រី​ធំ​លេខ​១​ប្រភេទ​ត្រី​ធំៗ​លក់បាន​ថ្លៃ​ពី​១៥.០០០ ទៅ​២០.០០០​រៀល . នៅ​ទីផ្សារ​ថ្លៃ​ពី​៣​ម៉ឺន ទៅ​៤​ម៉ឺន​រៀល , ត្រី​លេខ​២ ប្រភេទ​ត្រី​កណ្តាល លក់បាន​ថ្លៃ​៨​ពាន់ ទៅ​១​ម៉ឺន​រៀល ដែល​នៅ​ទីផ្សារ​ថ្លៃ​២​ម៉ឺន​រៀល , ចំណែក​ត្រី​លេខ​៣ ជា​ប្រភេទ​ត្រី​នុយ​តូចៗ លក់បាន​ថ្លៃ​ពី​៨​រយ​ទៅ​១​ពាន់​រៀល ខណៈដែល​នៅ​ទីផ្សារ​ថ្លៃ​ពី​១​ពាន់​ទៅ​១៥០០​រៀល ចំពោះ​ខ្យង​វិញ លក់បាន​១​គីឡូ​ថ្លៃ​១៥០០​រៀល នៅ​ទីផ្សារ​១​គីឡូ​ថ្លៃ ៤​ពាន់​ទៅ​៥​ពាន់​រៀល។

ដោយឡែក លោក វី ម្ចាស់​យឿ​ត្រី​វិញ បាន​ឲ្យ​ដឹង​ថា ៖ ក្នុង​ពេលនេះ​អ្នកនេសាទ​ត្រី​ក្នុង​១​គ្រួសារៗ ដាក់​របាំង​ប្រវែង​២០០​ម៉ែត្រ អាច​រកត្រី​ក្នុង​១​ថ្ងៃ បាន​ប្រមាណ​ពី​៨​គីឡូ ទៅ​១៥​គីឡូ​តែប៉ុណ្ណោះ។ ហើយ​ជាធម្មតា ការខ្ចី​លុយ​សង​បណ្ដាក់​យូរ​ខែ​ដូច្នេះ ការទិញ​ត្រី​ពី​កូនបំណុល​មានតម្លៃ​ទាប​បន្តិច​ហើយ​ព្រោះថា ការទិញ​ និង​លក់​ត្រី គាត់​ត្រូវ​ចំណាយ​ទិញ​ទឹកកក​ក្លាសេ​ត្រី និង​ចំណាយ​លើ​ប្រេង​កាណូត​ដឹកជញ្ជូន​ត្រី​ទៅកាន់​ទីផ្សារ ដែល​មាន​ចម្ងាយ​ពី​២០ ទៅ​៣០​គីឡូម៉ែត្រ និង​ចំណាយ​លើ​កម្ម​ករ​ពី​៣​ទៅ​៤​នាក់ ថ្លឹង​ទិញ លក់​ត្រី​ទៀត គឺ​លក់​ចេញទៅ​វិញ ពេល​ដក​ការ​ចំណាយ​រួច គឺ​មិន​ចំណេញ​ច្រើន​នោះឡើយ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114