ព័ត៍មានទាន់​ហេតុការណ៏
Search

អ្នកនាំពាក្យ​ក្រសួង​អប់រំ​លើកទឹកចិត្ត​ឲ្យ​សិស្ស​ប្រឡង​ជាប់​បាក់​ឌុប​ទាំងអស់ ​ត្រូវ​ជ្រើសរើស​ការសិក្សា​ជំនាញ​ឲ្យ​បាន​ត្រឹមត្រូវ

ភ្នំពេញ ​៖ ​អ្នកនាំពាក្យ​ក្រសួង​អប់រំ​យុវជន​ និង​កីឡា​ បាន​លើកទឹកចិត្ត​ឲ្យ​សិស្ស​ ដែល​ទើប​ប្រឡង​ជាប់​បាក់​ឌុប​ថ្មីៗ​នេះ​ ត្រូវ​ជ្រើសរើស​ការសិក្សា​នៅ​ថ្នាក់​ឧ​ត្ត​មសិក្សា​ក៏ដូចជា​រៀន​ជំនាញ​បច្ចេកទេស​ឲ្យ​បាន​ត្រឹមត្រូវ​ដើម្បី​ឆ្លើយតប​ទៅនឹង​ទីផ្សារការងារ​ទាំង​នៅក្នុង​ស្រុក​និង​ក្នុង​តំបន់​។​

លោក រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​បាន​ប្រាប់​កាសែត​កម្ពុ​ជាថ្មី​កាលពី​ថ្ងៃទី​១០​ខែកញ្ញា​ឆ្នាំ​២០១៩​ឲ្យ​ដឹងថា​ ការជ្រើសរើស​ការសិក្សា​ជំនាញ​ឲ្យ​បាន​ត្រឹមត្រូវ​នេះ​ នឹង​ជួយ​ឲ្យ​សិស្ស​ទទួលបាន​នូវ​ចំណេះ​ជំនាញ​ពេញលេញ​ និង​ប្រកបដោយ​សមត្ថភាព​ខ្ពស់​ងាយស្រួល​ក្នុងការ​ស្វែង​រក​​​ការងារ​ធ្វើ​ទទួល​បាន​ប្រាក់ខែ​សមរម្យ​សម្រាប់​ចិញ្ចឹមជីវិត​ប្រចាំថ្ងៃ​។​

លោក​បាន​បន្ត​ថា​ ប្រសិនបើ​ប្អូនៗ​ជ្រើសរើស​ការសិក្សា​មិនត្រូវ​ជំនាញ​ នឹង​ធ្វើ​ឲ្យ​ប្អូនៗ​ជួប​ការ​លំបាក​ក្នុងការ​ស្វែងរក​ការងារ​ធ្វើ ថែមទាំង​ខាត​ពេលវេលា​និង​ប្រាក់​កាក់​ទៀត​ផង។

លោក​បាន​បន្ថែម​ទៀត​ថា ​«​ជម្រើស​ការងារ​ គឺជា​ជម្រើស​បុគ្គល​និង​គ្រួសារ​ ដែល​បុគ្គល​ម្នាក់ៗ​ពិភាក្សា​គ្នា​​ហើយ​សម្រេច​ ហើយ​ដើម្បី​សម្រេច​លើ​ការ​ជម្រើស​ទាំងនេះ​ក្រសួង​អប់រំ​បាន​សហការ​ជាមួយ​គ្រប់ភាគី​ពាក់ព័ន្ធ​ពិសេស​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​រៀបចំ​ដើម្បី​ឆ្លើយតប​ទៅនឹង​ប្រព័ន្ធ​របស់​ក្រសួង​អប់រំ​និង​ទីផ្សារការងារ​»​។​

លើសពីនេះ​ទៀត​ លោក​បាន​ឲ្យ​ដឹង​ទៀតថា​ យុវជន​ត្រូវ​ចេះ​កំណត់​គោលបំណង ទិសដៅ មធ្យោបាយ​និង​វិធីសាស្ត្រ​ឲ្យ​បាន​ជឿជាក់​និង​មាន​ភាព​ប្រា​ប្រាកដប្រជា​ដើម្បី​ឲ្យ​ស្រប​ទៅ​តាម​បរិបទ​តំបន់​និង​សាកលលោក​ ដែល​កំពុង​វិវត្តន៍​ឈាន​ដល់​បដិវត្ត​ឧស្សាហកម្ម​ដំណាក់កាល​ទី​៤​និង​យុគសម័យ​ព័ត៌មាន​ដែល​ផ្តោតទៅលើ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ឌីជីថល។

ចំណែក លោក ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​កាលពី​ល្ងាច​ថ្ងៃទី​៩ កញ្ញា​បាន​បង្ហោះ​សារ​អបអរសាទរ ដល់​បេក្ខជន​ប្រឡង​ជាប់​បាក់​ឌុប​ឆ្នាំ​២០១៩​ថា​ ចាប់ពី​ថ្ងៃនេះ​តទៅ​ប្អូនៗ​ដែល​ប្រឡង​ជាប់​បាក់​ឌុប​នឹង​ចាប់ផ្តើម​ជំហាន​ថ្មី​មួយទៀត​សម្រាប់​អាជីព​ការងារ និង​វិជ្ជាជីវៈ​ស្ថិត​ក្នុង​បរិបទ​សង្គម​ស៊ីវីល័យ ដែល​មានការ​វិវឌ្ឍន៍​យ៉ាង​ឆាប់រហ័ស​ដែល​ទាមទារ​ឲ្យ​ប្អូនៗ​ស្វែងរក​ចំណេះដឹង​កម្រិត​ឧ​ត្ត​មសិ​ក្សា និង​ចាប់​យក​ជំនាញ​គោល​មួយ​សម្រាប់​គោលដៅ​ជីវិត និង​ដើម្បី​ធ្វើយ៉ាងណា​ជា​ចលករ​ដ៏​មាន​សក្តានុពល ហើយ​ក្លាយទៅជា​ប្រជាពលរដ្ឋ​ឆ្នើម​របស់​កម្ពុជា​។​
ជាមួយគ្នានេះដែរ លោក ហ៊ុន ម៉ា​នី បាន​លើកទឹកចិត្ត​ដល់​បេក្ខជន​ដែល​មិនទាន់​ទទួលបាន​ជោគជ័យ​លើក​នេះ​ត្រូវ​បន្ត​ខិត ខំប្រឹងប្រែង​ហាត់ពត់លត់ដំ​ខ្លួន​បន្ថែមទៀត​ដោយ​ផ្តោត​ការយកចិត្តទុកដាក់​អាទិភាព​លើ​ការសិក្សា​អោយបាន​ច្រើន សម្រាប់​ការប្រឡង​លើក​ក្រោយ​ដើម្បី​ទទួលបាន​ជោគជ័យ​នៅ​ថ្ងៃ​ខាង​មុខជា​បន្តបន្ទាប់​។​

រីឯ​លោក​បណ្ឌិត​សភាចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា​កាលពី​ថ្ងៃទី​១០​ខែកញ្ញា​ឆ្នាំ​២០១៩​បានចេញ​សារលិខិត​មួយ​ជូន​ចំពោះ​បេក្ខជន​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង ៖ ១៩ សីហា ២០១៩​មាតាបិតា​និង​អាណាព្យាបាល លោកគ្រូ អ្នកគ្រូ និង​អ្នកពាក់ព័ន្ធ​ទាំងអស់​ឲ្យ​ដឹងថា ​«​ក្រសួង​អប់រំ យុវជន និង​កីឡា​សូម​ចូលរួម​អបអរសាទរ​ចំពោះ​បេក្ខជន​ប្រឡង​ជាប់ និង​សូម​លើកទឹកចិត្ត ឱ្យ​បន្ត​ការសិក្សា​ថ្នាក់​ឧ​ត្ត​មសិ​ក្សា និង​ថ្នាក់​ក្រោយៗ​ទៀត។ ក្រសួង​អប់រំ យុវជន និង​កីឡា​សូម​លើកទឹកចិត្ត​ដល់​បេក្ខជន​ពុំបាន​ទទួលលទ្ធផល​ជាប់ សូម​បន្ត​ខិតខំ​សិក្សា ដើម្បី​មានឱកាស​ទទួលបាន​លទ្ធផល​ល្អ​នៅ​ឆ្នាំក្រោយៗ​ទៀត​»​។​

គួរបញ្ជាក់​ថា ​នៅ​ឆ្នាំនេះ មាន​បេក្ខជន​ចុះឈ្មោះ​ប្រឡង​បាក់​ឌុប​សរុប​ចំនួន ១១៧០៤៣ នាក់ ស្រី ៦០៤២៧ នាក់ ក្នុងនោះ​បេក្ខជន​ចំណេះ​ទូទៅ ៩០៩៦៦ នាក់ បេក្ខជនស្វៃរិន ១៨៤៥៧​នាក់ បេក្ខជន​បំពេញវិជ្ជា ៤៥៦៤​នាក់ និង​បេក្ខជនស្វៃរិន​បំពេញវិជ្ជា ៣០៥៦ នាក់​។ មណ្ឌល​ប្រឡង​មាន ២០២ មណ្ឌល ដែល​ក្នុងនោះ​រួមមាន​ថ្នាក់​វិទ្យាសាស្ត្រ​ចំនួន ៧៥ មណ្ឌល និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម ចំនួន ១២៧ មណ្ឌល​។​បេក្ខជន​អវត្តមាន​សរុប ១៨៣៥ នាក់ ស្រី ៦៩៦ នាក់។

ក្នុងចំណោម​ប្រឡង​ជាប់​បេក្ខជន​ចុះឈ្មោះ​ប្រឡង​បាក់​ឌុប​សរុប​ចំនួន ១១៧០៤៣ នាក់ មាន​បេក្ខជន​ប្រឡង​ជាប់​ចំនួន ៧៩០៥២ នាក់ ត្រូវជា ៦៨,៦២% ក្នុងនោះ​បេក្ខជន​ទទួលបាន​និទ្ទេស A មាន​ចំនួន ៤៤៣ នាក់ និទ្ទេស B មាន​ចំនួន ២៤៣០ នាក់ និទ្ទេស​C មាន​ចំនួន ៥៨៤៧ នាក់ និទ្ទេស D មាន​ចំនួន ១៤១០០ នាក់​និង​និទ្ទេស E មាន​ចំនួន ៥៦២៣២ នាក់​។​

ក្នុងនោះ​មាន​បេក្ខជន​ថ្នាក់​វិទ្យាសាស្ត្រ​ប្រឡង​ជាប់​មាន​ចំនួន ២៧៩៥៧ នាក់ ត្រូវជា​៦២.៧៩% ។​
បេក្ខជន​ទទួលបាន​និទ្ទេស A មាន​ចំនួន ៤៤៣ នាក់ និទ្ទេស B មាន​ចំនួន ២៣៧៩ នាក់​និទ្ទេស C មាន​ចំនួន ៤៤៨៦ នាក់ និទ្ទេស D មាន​ចំនួន ៦២៣៩ នាក់ និង​និទ្ទេស E មាន​ចំនួន ១៤៤១០ នាក់។

ចំណែក​បេក្ខជន​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​ប្រឡង​ជាប់​មាន​ចំនួន ៥១០៩៥ នាក់ ត្រូវជា ៧២.២៩ % ។​
​បេក្ខជន​ទទួលបាន​និទ្ទេស B មាន​ចំនួន ៥១ នាក់ និទ្ទេស C មាន​ចំនួន ១៣៦១ នាក់​និទ្ទេស D មាន​ចំនួន ៧៨៦១ នាក់ និង​និទ្ទេស E មាន​ចំនួន ៤១៨២២ នាក់៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114