ព័ត៍មានទាន់​ហេតុការណ៏
Search

អភិបាលខេត្ត​ត្បូងឃ្មុំ បន្ត​ចុះ​ពិនិត្យ​ស្ថានភាព​ទឹកជំនន់ និង​ចែក​អំណោយ​ជូន​ពលរដ្ឋ​ប្រមាណ​៣០០​គ្រួសារ ក្នុងស្រុក​ក្រូចឆ្មារ ដែល​រងគ្រោះ​ទឹក​ជន់​លិច​ផ្ទះ​សម្បែង

ត្បូងឃ្មុំ​ ៖ គ្រា​ដែល​ទឹកជំនន់​ទន្លេ​មេគង្គ​នៅ​ខេត្ត​ត្បូងឃ្មុំ បន្ត​ហក់​ឡើង​លើស​កម្រិត​ប្រកាស​អាសន្ន ដែល​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​ការរស់នៅ និង​សុខ​សុវត្ថិភាព​ប្រជាពលរដ្ឋ​នោះ​ពេញ​១​ថ្ងៃ ទី​១០ ខែ​កញ្ញា ឆ្នាំ​២០១៩​នេះ ឯកឧត្ដម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ និង​លោកស្រី បាន​បន្ត​ដឹកនាំ​ក្រុមការងារ​មន្ទីរ អង្គភាព អាជ្ញាធរ​ស្រុក សាខា​កាកបាទក្រហម​ខេត្ត ចុះ​ពិនិត្យមើល​ស្ថានភាព​ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយ​ទឹកជំនន់ និង​នាំយក​អំណោយ ព្រមទាំង​ថវិកា​ទៅ​ចែក​ជូន​ពលរដ្ឋ ប្រមាណ​៣០០​គ្រួសារ ដែល​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ស្រុក​ក្រូចឆ្មារ បន្ទាប់ពី​ចុះ​ពិនិត្យ​នៅ​ស្រុក​ត្បូងឃ្មុំ ស្រុក​អូររាំងឪ និង​ស្រុក​តំបែរ ដែល​ទទួលរង​ផល​ប៉ះពាល់​ដូចគ្នានេះ។

ជាមួយ​ការចុះ​តាមមើល​ស្ថានភាព​ការ​លិចលង់ ដោយ​អូរ​ប័​រ តាម​ទូក​តូចៗ និង​ចុះ​ទឹក​ឡើងគោក​ពេញ​១​ថ្ងៃនេះ ដោយ​សំណេះសំណាល​ផ្តល់​ភាពកក់ក្តៅ និង​ពាំនាំ​ប្រសាសន៍​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​ សម្ដេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា និង ​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហម​កម្ពុជា ក៏​ដូចជា​ ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ប្រធាន​ក្រុម​ការងារ​ថ្នាក់​ជាតិ ចុះ​មូលដ្ឋាន​ខេត្ត​ត្បូងឃ្មុំ ជូន​ចំពោះ​បងប្អូន​ពលរដ្ឋ​ទាំង​៣០០​គ្រួសារ នៅ​ទីតាំង​៥​ផ្សេងគ្នា មកពី​១០​ឃុំ ក្នុងស្រុក​ក្រូចឆ្មារ ដោយ​ក្តី​នឹករលឹក និង​យកចិត្តទុកដាក់​បំផុត ពី​សុខទុក្ខ​បង​ប្អូន។

នាឱកាស​នោះ ឯកឧត្ដម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ បាន​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ ត្រូវ​ថែរក្សា​សុខភាព​របស់ខ្លួន​ឲ្យ​ចៀស​ផុតពី​ជំងឺ​ផ្សេងៗ ដែល​បណ្តាល​មកពី​ការ ខ្វះ​អនាម័យ ជាពិសេស​ត្រូវ​ប្រយ័ត្ន​ក្មេង​តូចៗ និង​មនុស្ស​ចាស់​ដែល​គ្រោះថ្នាក់​ដោយសារ​លង់ទឹក។

មួយវិញទៀត ត្រូវ​ប្រុងប្រយ័ត្ន​ចំពោះ​សត្វ​អាសិរពិស បើសិន​មាន​តិច ឬ​ខាំ ត្រូវ​បញ្ជូន​ទៅ​មណ្ឌល​សុខ​ភាព ឬ​ក្រុមគ្រូពេទ្យ នៅ​ជិត​បំផុត ដោយ​រដ្ឋបាល​ខេត្ត​ បាន​រៀបចំ​នៅ​តាម​ទីតាំង ទីទួល​សុវត្ថិភាព​ពេញ​២៤​ម៉ោង​។

លោក​អភិបាលខេត្ត​ បាន​ផ្ដាំផ្ញើ​ដល់​អាជ្ញាធរ​ស្រុក ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​ទៅលើ​សុខទុក្ខ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ។

បើតាម​លោក សយ ទូច និង​លោក រស់ សុខន នាយក​សាខា​កាកបាទក្រហម​ខេត្ត បាន​ឲ្យ​ដឹងថា គ្រួសារ​រង​ផលប៉ះពាល់​ចំនួន​៣០០​គ្រួសារ ក្នុង​១​គ្រួសារៗ ទទួលបាន​គ្រឿង​ឧបភោគ​បរិភោគ និង​ថវិកា​២​ម៉ឺន​រៀល​។ ក្នុងនាម​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋ​បាល​ស្រុក លោក សយ ទូច បាន​ត្រៀម​កម្លាំង​ពេញ​២៤​ម៉ោង ដើម្បី​សង្គ្រោះ​ប្រជាពលរដ្ឋ​ឲ្យ​បាន​ទាន់​ពេល​វេលា។

ជាមួយគ្នា​នោះ​ ឯកឧត្ដម​បណ្ឌិត អភិបាលខេត្ត បាន​ចែក​ជូន​នំចំណី​ដល់​ក្មេងៗ ព្រមទាំង​ចែក​ថវិកា​ផ្ទាល់​ខ្លួន​ដល់​ប្រជា​ការពារ​ភូមិ កងកម្លាំង និង​អ្នក​ដែល​ចូលរួម​លើ​ការងារ​មនុស្សធម៌​នេះ​ទាំងអស់ ដើម្បី​ជា​ការ​លើកទឹកចិត្ត ផ្តល់​ភាព​កក់ក្តៅ ទាំង​ពលរដ្ឋ​រងគ្រោះ និង​បងប្អូន​ជា​អ្នក​ជួយសង្គ្រោះ​យ៉ាង​សស្រាក់សស្រាំ ធ្វើយ៉ាងណា​ជំរុញ​ការងារ​ចុះ​ជួយ​យល់​ពី​សុខទុក្ខ​របស់​ពលរដ្ឋ កាន់តែ​ខ្លាំងក្លា​បន្ថែម​ទៀត៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114