ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រើ​ស្លាក​លេខ​រថយន្ត​ក្លែងក្លាយ ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​

កំពង់ចាម ៖ អ្នក​រកស៊ី​កួកជេ​រថយន្ត​ម្នាក់ ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ធ្វើការ​ស្រាវជ្រាវ ​បន្ទាប់ពី​ធ្វើការ​ត្រួតពិនិត្យ ទៅលើ​រថយន្ត​ ហើយ​ឃើញថា ជនសង្ស័យ​បាន​ប្រើ​ស្លាក​រថយន្ត​ក្លែងក្លាយ។

ប៉ូលិស​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃទី​១០​ ខែ​កញ្ញា​ ឆ្នាំ​២០១៩ វេលា​ម៉ោង​១២​និង​៥៥​នាទី កម្លាំង​សមត្ថកិច្ច​នគរបាល​ស្រុក​កំពង់សៀម បានធ្វើការ​ត្រួតពិនិត្យ​លើ​រថយន្ត​១​គ្រឿង​ម៉ាក​ហុងដា​ហ្វី​ត ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​2F-2291​របស់​ឈ្មោះ ខុម លី​ណាក់ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជាតិខ្មែរ មុខរបរ​កួកជេ​រថយន្ត​ និង​ម៉ូតូ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ចារ ឃុំ​ក្រឡា ស្រុក​កំពង់សៀម ខេត្តកំពង់ចាម នៅ​ចំណុច​ផ្ទះ​ឈ្មោះ ខុម លី​ណាក់ នៅ​ភូមិ​-​ឃុំ​ខាងលើ។

ប៉ូលិស​បាន​បញ្ជាក់ថា ដោយមាន​ការសង្ស័យ​លើ​រថយន្ត​ខាងលើ​មិន​ប្រក្រតី សមត្ថកិច្ច​ក៏បាន​ស្នើសុំ​ធ្វើការ​ឆែក​ស្លាក​លេខ លទ្ធផល គឺ​ជនសង្ស័យ​ឈ្មោះ​ខុម លី​ណាក់ ប្រើប្រាស់​ស្លាក​លេខ​រថយន្ត​ក្លែង​បន្លំ សមត្ថកិច្ច​នគរបាល​យើង​បានធ្វើ​ការស្នើ​សុំ​គោលការណ៍​ពី​ លោក ហួត វុទ្ធី ព្រះរាជអាជ្ញា​អម​សាលា​ដំបូង​ខេត្ត​កំពង់ចាម ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ ដើម្បី​ស្រាវជ្រាវ​សួរនាំ និង​រៀបចំ​កសាង ឯកសារ​ និង​សំណុំរឿង តាម​នីតិ​វិធី។

បច្ចុប្បន្ន​ ជនសង្ស័យ​ និង​វត្ថុតាង​ ត្រូវបាន​បញ្ជូន​មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់សៀម ដើម្បី​រៀបចំ​ឯកសារ និង​សំណុំរឿង​តាម​នីតិវិធី៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114