ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុម​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​ចិន ចុះ​ព្យាបាល​ជំងឺ​ភ្នែក​ដល់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​បន្ទាយមានជ័យ​ចំនួន​៤​ថ្ងៃ ឥត​គិត​ថ្លៃ

បន្ទាយមានជ័យ ៖ ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត សកម្មភាព​រស្មី​ នៃ​ខេត្ត​យូ​ណាន ប្រទេស​ចិន ចុះ​ព្យាបាល​ជំងឺ​ភ្នែក​ជូន​ដល់​ប្រជាពលរដ្ឋ​ ក្នុង​ខេត្ត​បន្ទាយមានជ័យ​ចំនួន​៤​ថ្ងៃ ឥតគិតថ្លៃ​ដោយ​ពិនិត្យ​ព្យាបាល​ជំងឺ​ភ្នែក​ឡើង​បាយ​ជូន​ដល់​ប្រជាពលរដ្ឋ​ទូទៅ​ចាប់​គិត​ពី​ថ្ងៃទី​១០ ដល់​ថ្ងៃទី​១៣ ខែ​កញ្ញា ឆ្នាំ​២០១៩ នេះ​។

លោកស្រី ជូ ហុង ប្រធាន​សមាគម​មិត្តភាព​ប្រជាជន​ខេត្ត​យូ​ណាន បាន​មានប្រសាសន៍ថា ក្នុងនាម​លោកស្រី​តំណាង​ឲ្យ​ប្រជាជន​ចិន​ទាំងមូល មានការ​ពេញចិត្ត និង​ស្មោះស្ម័គ្រ ក្នុង​ការ​ពិនិត្យ​ព្យាបាល និង​វះកាត់​ភ្នែក​ឡើងបាយ ដោយ​ក្រុមគ្រូពេទ្យ​ស្ម័គ្រ​ចិត្ត ផ្នែក​ចក្ខុរោគ​មកពី​ខេត្ត យូ​ណាន ប្រទេស​ចិន​ជូន​ដល់​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​។

លោកស្រី ជូ ហុង ក៏បាន​មានប្រសាសន៍​បន្តថា ​ក្រុមគ្រូពេទ្យ​របស់​អ្នកស្រី ​និង​ខិតខំ​ប្រឹងប្រែង ដើម្បី​ពង្រីក​មិត្តភាព​រវាង​ប្រទេស​ចិន និង​ប្រទេស​កម្ពុជា​ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​ទំនាក់ទំនង​មិត្តភាព​ប្រទេស​ទាំងពីរ​កាន់តែ​ស៊ីជម្រៅ​ថែមទៀត​។

លោក គឹ​ង វណ្ណៈ អភិបាលរង​ខេត្ត​បន្ទាយមានជ័យ​មានប្រសាសន៍ថា ​សកម្មភាព​រស្មី នេះ​ជា​សកម្មភាព​មនុស្សធម៌​ដ៏​ថ្លៃថ្លា​មួយ​ថ្មី​ទៀត សម្រាប់​ប្រជាពលរដ្ឋ​នៅទីនេះ ក្នុង​ឆ្លើយតប​ទៅនឹង​តម្រូវការ​នឹង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​សុខុមាលភាព ជាពិសេស​ការផ្តល់សេវា​ចក្ខុរោគ ក្នុង​ការ​ចូលរួម​ចំណែក​កាត់បន្ថយ​ភាពក្រីក្រ និង​ការ​អភិវឌ្ឃ ជីវភាព​របស់​ប្រជាពលរដ្ឋ ដែល​ជា​យុទ្ធសាស្ត្រ​ចតុ​កោណ ដំណាក់កាល​ទី៤ នីតិកាល​ទី៦ នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​ដឹកនាំ ដោយ​ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​សម្ដេច ​តែងតែ​គិតគូរ​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ ហើយ​ធ្វើយ៉ាងណា​ឲ្យ​សេវា​ស្ថិតនៅ​កៀក​នឹង​ប្រជាពលរដ្ឋ​ ពិសេស​សេវា​សុខាភិបាល​។

ចុងក្រោយ លោក គឹ​ង វណ្ណៈ ក្នុងនាម​រដ្ឋបាលខេត្ត ​និង​ក្នុងនាម​តំណាង​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ទាំង​អស់ សូម​ថ្លែងអំណរគុណ​ចំពោះ​គណៈប្រតិភូ ​នៃ​សមាគម​មិត្តភាព ប្រជាជន​ខេត្ត​យូ​ណាន ដែល​បាន​ចំណាយពេល​ដ៏​មានតម្លៃ ដើម្បី​ចូលរួម​ដំណើរការ​សកម្មភាព​រ​ស្មី ដែល​ជា​កម្មវិធី​វះកាត់ និង​ព្យាបាល​ជំងឺភ្នែកឡើងបាយ ជូន​លោកតា លោកយាយ ពូ មីង បងប្អូន​ទាំងអស់​ដោយ​ឥតគិតថ្លៃ ​ក៏​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ដែលមាន​ជំងឺភ្នែកឡើងបាយ សូម​អញ្ជើញ​មក​ពិនិត្យ​ព្យា​បាល និង​វះកាត់​នៅ​មន្ទីរពេទ្យ​មិត្តភាព កម្ពុជា​-ជប៉ុន ក្នុងស្រុក​មង្គល​បូរី ចាប់ពី​ថ្ងៃនេះ​រហូតដល់​ថ្ងៃទី​១៣ ខែ​កញ្ញា ឆ្នាំ​២០១៩ ​កុំបី​អាក់ខាន​ឡើយ​៕


 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114