ព័ត៍មានទាន់​ហេតុការណ៏
Search

រដ្ឋបាល​រាជធានី ស្នើ​ឲ្យ​ម្ចាស់​ជល​យានយន្ត​គ្រប់​ប្រភេទ និង​ម្ចាស់​កំពង់ផែ​ទទឹង ​បើកបរ​ក្នុង​ល្បឿន​២០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង និង​ហាម​បើកបរ​ក្បែរ​ច្រាំងទន្លេ ខណៈ​ទឹកទន្លេ​កំពុង​ជន់​ឡើង​ខ្លាំង

ភ្នំពេញ ​៖ ដើម្បី​ធានា​នូវ​សុខុមាលភាព​សេចក្ដីថ្លៃថ្នូរ សុវត្ថិភាព​ចរាចរណ៍​ផ្លូវទឹក ការពារ​ការខូចខាត​ផលដំណាំ ផ្ទះសម្បែង​របស់​ប្រជាពលរដ្ឋ និង​ការ​បាក់​ច្រាំងទន្លេ​នា​រដូវ​ទឹកទន្លេ​ឡើង​នេះ រដ្ឋបាល​រាជ​ធានី​ភ្នំពេញ បាន​ស្នើ​ឲ្យ​ម្ចាស់ ជលយាន​យន្ត​គ្រប់​ប្រភេទ និង​ម្ចាស់​កំពង់ផែ ទទឹង​ទាំងអស់​ត្រូវ​បើក​បន្ថយល្បឿន​ឲ្យ​នៅ​ត្រឹម​២០​គីឡូម៉ែត្រ​ ក្នុង​មួយ​ម៉ោង និង​ហាម​បើកបរ​ក្បែរ​ច្រាំងទន្លេ​ជាដាច់ខាត​។​

​នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ដែល​សារព័ត៌មាន​យើង​ទទួល​បាន នៅ​ព្រឹក​ថ្ងៃទី​១១ ខែ​កញ្ញា​ ឆ្នាំ​២០១៩​នេះ ដែល​ក្នុង​សេចក្ដីជូនដំណឹង​នេះ​មានន័យ​ដើម​ទាំង​ស្រុង​ថា ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ មាន​កិត្តិយស សូម​ជម្រាប​ជូនដំណឹង​ដល់​ម្ចាស់​ជលយាន ជល​យាន​យន្ត​ដឹក​អ្នកដំណើរ ភ្ញៀវ​ទេសចរ ដឹកទំនិញ និង​ម្ចាស់​កំពង់ដ​ទទឹង​ទាំងអស់​ដែល​កំពុង​ធ្វើ​អាជីវកម្ម​តាម​ដង​ទន្លេ​មេគង្គ ទន្លេសាប និង​ទន្លេបាសាក់​ក្នុង​ដែនទឹក​រាជធានី​ភ្នំពេញ​ឲ្យ​បាន​ជ្រាបថា ដើម្បី​ធានា​នូវ​សុខុមាលភាព​សេចក្ដីថ្លៃថ្នូរ សុវត្ថិភាព​ចរាចរណ៍​ផ្លូវទឹក ការពារ​ការខូចខាត​ផលដំណាំ ផ្ទះសំបែង​របស់​ប្រជាពលរដ្ឋ និង​ការ​បាក់​ច្រាំងទន្លេ​នា​រដូវ​ទឹកទន្លេ​ឡើង​នេះ ស្នើ​ម្ចាស់​ជលយាន ជលយាន​យន្ត​គ្រប់​ប្រភេទ និង​ម្ចាស់​កំពង់ផែ ទទឹង​ទាំងអស់ អនុវត្ត​នូវ​វិធានការ​ដូចខាងក្រោម ​៖ ១-ត្រូវ​បំពាក់​ឧបករណ៍​ការពារ​សុវត្ថិភាព​ឲ្យ​បាន​គ្រប់គ្រាន់ ត្រូវ​មាន​ពោង​ក្បួន ពោង​កង អាវ​ពោង​ ប្រដាប់​ពន្លត់​អគ្គិភ័យ​នៅលើ​គ្រប់​មធ្យោបាយ។ ២-ពេលធ្វើ​ចរាចរ​ចេញ ឬ​ចូលក្នុង​ដែនទឹក​រាជធានី​ភ្នំពេញ ត្រូវ​បើក​បន្ថយល្បឿន​នៅត្រឹម​២០​គ​.​ម​ ក្នុង​មួយ​ម៉ោង និង​ហាម​បើកបរ​ក្បែរ​ច្រាំងទន្លេ ដែល​ជា​ហេតុ​បណ្ដាលឲ្យ​បាក់​ដី​មាត់​ច្រាំងទន្លេ ប៉ះ​ពាល់​ដល់​ផលដំណាំ និង​ផ្ទះសំបែង​របស់​ប្រជាពលរដ្ឋ។ ៣-មិនត្រូវ​ផ្ទុក​អ្នកដំណើរ ភ្ញៀវ​ទេសចរ ឬ​ទំនិញ​លើស​ចំណុះ​ផ្ទុក។ ៤-ការបើកបរ​នាពេល​យប់ ត្រូវមាន​ភ្លើង​បំភ្លឺ​ឲ្យ​បាន​ត្រឹមត្រូវ​។ ៥-ត្រូវ​រៀបចំ​ផ្លូវ​ឡើង​ចុះ​កំពង់​ដ៏​ចម្លង ឲ្យ​បាន​ល្អ​ស្អាត មិន​រអិល ឬ​ផុង​ស្រុត។

រដ្ឋបាល​រាជធានី​ភ្នំពេញ​ មាន​ជំនឿ​យ៉ាង​មុតមាំ​ថា រាល់​ម្ចាស់​ផល​យាន ជលយាន​យន្ត​គ្រប់​ប្រភេទ និង​កន្លែង​ទទួល​​ម្ចាស់​កំពង់ដ​ទទឹង ​នឹង​អនុវត្ត​នូវ​សេចក្ដីជូនដំណឹង​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​បំផុត​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114