ព័ត៍មានទាន់​ហេតុការណ៏
Search

SEATV បានប្រកាស​បើក​សង្វៀន​ប្រដាល់​អន្តរជាតិ​ដណ្ដើម​ខ្សែក្រវាត់ ”​ជើងឯក​អ្នក​ប្រយុទ្ធ​កំពូល​

ថាមពល ឆេ​ម​ពាន​” រដូវ​កាល​ទី​២ លើ​ប្រភេទ​ទម្ងន់​៦៧​គីឡូក្រាម ដោយ​ចាប់ផ្ដើម​ប្រកួត​នៅ​ល្ងាច​ថ្ងៃទី​១៥​ ខែ​កញ្ញា ​ឆ្នាំ​២០១៩​តទៅ រៀងរាល់ថ្ងៃ​អាទិត្យ​ចាប់ពី​ម៉ោង​១៧​និង​៣០​នាទី ដល់​ម៉ោង​២០​យប់​នៅ​SEATV។

លោក យិន ខេមរា នាយក​ផ្នែក​ទីផ្សារ ​និង​ទំនាក់ទំនង​សាធារណៈ​ នៃ​ស្ថានីយ​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ បាន​ថ្លែង​ក្នុង​សន្និសីទកាសែត នៅ​ព្រឹក​ថ្ងៃទី​១១ ខែ​កញ្ញា​ ឆ្នាំ​២០១៩​នេះ ឲ្យ​ដឹង​ថា នេះ​ជា​រដូវ​កាល​ទី​២​ នៃ​កម្មវិធី​ប្រដាល់​អន្តរជាតិ “ ជើងឯក​អ្នក​ប្រយុទ្ធ​កំពូល​ថាមពល​ឆេ​ម​ពាន” ដែល​ឧបត្ថម្ភ​ផ្ដាច់មុខ​ដោយ​ក្រុមហ៊ុន​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ឆេ​ម​ពាន​នេះ។​

សម្រាប់​ការប្រកួត​លើក​ទី​២​នេះ គឺជា​ការប្រកួត​ដណ្តើម​ខ្សែក្រវាត់ ដែលមាន​កីឡាករ​ជើង​ខ្លាំងៗ​ចំនួន​០៨​នាក់​ចូលរួម​ក្នុងនោះ គឺ​ខ្មែរ​៤​នាក់ ថៃ​៤​នាក់។ អ្នក​ប្រដាល់​ខ្មែរ​ទាំង​៤​នាក់​នោះ រួមមាន ​ពុទ្ធ ឆាយ​រិទ្ធី ក្លិប​ពុទ្ធ​សេរី​វង្ស , ឆៃ សា​រ៉ា សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ​, នី សុ​ភី ក្លិប​សាល​វ័​ន្ត​កីឡា និង វង្ស វិឆ័យ ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ ។ ចំពោះ​អ្នក​ប្រដាល់​ថៃ​ទាំង​៤​រូប​វិញ​នោះ មាន​ហ្វា ស៊ូ​រ៉ា​ក់​(Fa Suosak) ,​ឈូក ឆៃ​(Chhuok Chhai),​ឈាង ឆៃ​(Chhieng Chhai) និង រ៉ុង ណា​ផា​(Ron g Napha)។

សម្រាប់​ព្រឹត្តិការណ៍​នេះ អ្នក​ដែល​ដណ្ដើមបាន​ខ្សែក្រវាត់​បានទទួល​ថវិកា​អម​ចំនួន​៥.០០០​ដុល្លារ លេខ​២​បាន​៣.០០០​ដុល្លារ លេខ​៣ បាន ១.៥០០​ដុល្លារ និង​លេខ​៤​បាន​១.០០០​ដុល្លារ។ ចំពោះ​រូបមន្ត​ប្រកួត​ គឺ​កម្ពុជា​ជួប​ជាមួយ​ថៃ​ហើយ​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​លេខ និង​លេខ​២​ពូ​ល​កម្ពុជា​ប្រកួត​គ្នា ឯ លេខ​១​និង​លេខ ២​ពូ​ល​ថៃ​ប្រកួត​គ្នា​ ដើម្បី​រក​អ្នកឈ្នះ​ប្រកួត​គ្នា​ដណ្ដើម​ខ្សែក្រវាត់។

បើតាម​លោក ឈាង ខេង ប្រធាន​ផ្នែក​លក់ នៃ​ក្រុមហ៊ុន​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ឆេ​ម​ពាន បាន​បញ្ជាក់​ឲ្យ​ដឹង​ថា មូល​ហេតុដែល​ក្រុមហ៊ុន​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ឆេ​ម​ពាន​ជួយឧបត្ថម្ភ​លើ​កម្មវិធី​ប្រដាល់​គុន​ខ្មែរ​អន្តរជាតិ​នៅ​SEATV​នេះ ដោយសារ​បានកត់​សម្គាល់​ឃើញ​ថា វិស័យ​កីឡាប្រដាល់​នា​ពេល​បច្ចុប្បន្ន​នេះ មានការ​រីកចម្រើន​ច្រើន​ពីមួយថ្ងៃ​ទៅមួយថ្ងៃ។ មួយទៀត លោក​ក៏​ចង់​ឲ្យ​​កីឡាករ​ប្រដាល់​បាន​ចូលរួម​ក្នុងការ​ប្រកួត​បាន​ច្រើន​ផងដែរ។

លោក​ឧត្ដមសេនីយ៍ រាជ សុ​ផែន អគ្គលេខាធិការ​រង​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ បាន​ក្រើនរំលឹក​ផ្ដាំផ្ញើ​ដល់​គណៈកម្មការ​បច្ចេកទេស អាជ្ញាកណ្ដាល ចៅក្រម ត្រូវតែ​បំពេញការងារ​ឲ្យ​បាន​ល្អ ដោយ​ឈរ​លើ​គោលការណ៍​ច្បាប់ បទបញ្ជាផ្ទៃក្នុង​របស់​សហព័ន្ធ ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​ការងារ​កាត់ក្តី មាន​ភាព ត្រឹមត្រូវ សុក្រឹត យុត្តិធម៌ ចៀសវាង​កើតមាន​បាតុភាព​មិន​ប្រក្រតី ដូចជា​ពេលកន្លងមក។

ហើយ​លោក​ក៏បាន​ផ្ដាំផ្ញើ​ដល់​មន្ត្រី​បច្ចេកទេស​ផងដែរ ត្រូវតែមាន​សមត្ថភាព និង​មាន​ឆន្ទៈ​ធ្វើ​ការងារ ដែល​បាន​ក្រេបជញ្ជក់​ពី​ក្នុង​វគ្គ​បំប៉ន​ដែល​ទើប​បញ្ចប់​ទៅ​ថ្មីៗ ដើម្បី​បំពេញការងារ​ឲ្យ​បាន​ត្រឹមត្រូវ​តាម​មក​ទេស និង​បទបញ្ជា​ប្រកួត៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114