ព័ត៍មានទាន់​ហេតុការណ៏
Search

លោក Trump បណ្តេញ​ប្រមុខ​សន្តិសុខ​ជាតិ​លោក Bolton

លោក​ប្រធានាធិបតី Donald Trump កាលពី​ថ្ងៃ​អង្គារ​បានប្រកាស​បណ្តេញ​ទីប្រឹក្សា​សន្តិសុខ​ជាតិ​លោក John Bolton ដែល​នេះ​ជា​សកម្មភាព​មួយ​ត្រូវបាន​គេ​មើលឃើញថា​ជាការ​ជំរុញ​របស់លោក​ប្រធានាធិបតី​សម្រាប់​ការចរចា​ជាមួយ​គូសត្រូវ​របស់​អា​មេ​រិ​ក​ក្នុងប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន កូរ៉េខាងជើង​និង​បញ្ហា​ផ្សេងទៀត​។​

លោក Trump ដែល​បាន​និយាយថា​លោក​មិន​យល់ស្រប​យ៉ាងខ្លាំង​ជាមួយ​លោក Bolton ស្តីពី​គោលនយោបាយ​បានប្រកាស​តាមរយៈ​បណ្តាញ​សង្គម Twitter ថា “​ខ្ញុំ​បានស្នើ​សុំ​ឲ្យ​លោក John លាឈប់​ពី​តំណែង​របស់គាត់​”​។​

លោក Trump បាន​និយាយថា អ្នក​ជំនួស​តំណែង​ដែលជា​ប្រមុខ​សន្តិសុខ​ជាតិ​ទី​បួន​របស់​សេត​វិមាន​ក្នុង​រយៈពេល​តិចជាង​៣​ឆ្នាំ​មកនេះ​គឺ​នឹងត្រូវ​តែងតាំង​នៅ​សប្តាហ៍​ក្រោយ​។​ ទោះបីជា​យ៉ាងណាក៏ដោយ លោក Bolton បាន​បដិសេធថា លោក​មិនមែន​ត្រូវបាន​គេ​បណ្តេញចេញ​ទេ​ប៉ុន្តែ​លោក​ខ្លួនឯង​គឺជា​អ្នកស្នើសុំ​ចុះចេញ​ពី​តំណែង​។​

ព័ត៌មាន​នេះ​ដែល​កើតឡើង​ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​លោក Trump បាន​បង្ក​ឲ្យ​មាន​ភាពច្របូកច្របល់​ដោយ​បង្ហាញថា​លោក​បាន​លុបចោល​កិច្ចពិភាក្សា​សម្ងាត់​ជាមួយ​ពួក​តា​លី​បង់​អា​ហ្វ​ហ្គា​នី​ស្ថាន​នោះ​គឺ​បានធ្វើ​ឲ្យ​ទីក្រុង​វ៉ាស៊ីនតោន​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​។​

លោក Bolton គឺជា​ឥស្សរជន​ជើងចាស់​ដែលមាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ទៅនឹង​ការឈ្លានពាន​ក្នុងប្រទេស​អ៊ីរ៉ាក់​និង​ការសម្រេចចិត្ត​គោលនយោបាយ​ការបរទេស​ដ៏​ខ្លាំងក្លា​របស់​សហរដ្ឋអាមេរិក​។ គាត់​ត្រូវបាន​គេ​មើលឃើញថា​ជា​កម្លាំង​ជំរុញ​ដ៏​សំខាន់​មួយ​នៅក្នុង​វិធីសាស្ត្រ​ខ្លាំងៗ​របស់​សេត​វិមាន​ចំពោះ​ប្រទេស​អ៊ីរ៉ង់ កូរ៉េខាងជើង វេ​ណេ​ហ្ស៊ូ​អេ​ឡា​និង​នៅ​កន្លែង​ផ្សេងទៀត​។​

អតីត​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​អង្គការសហប្រជាជាតិ​ដែល​ប្រកាន់​ជំហរ​រឹងប៉ឹង​រូបនេះ​បាន​ប្រឆាំងនឹង​ការប៉ុនប៉ង​យ៉ាងខ្លាំង​របស់លោក Trump ក្នុង​ការចរចា​ជាមួយ​មេដឹកនាំ​ក្រុម​តា​លី​បង់​និង​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម​ជុង​អ៊ុន​។​

យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក​បាន​រាយការណ៍​ថា ការប៉ុនប៉ង​មិនធម្មតា​របស់លោក Trump ប៉ុន្តែ​ត្រូវ​បរាជ័យ​ក្នុង​ការនាំ​មេដឹកនាំ​តា​លី​បង់​ចូលមក​ជំរំ Camp David កាលពី​ចុង​សប្តាហ៍​មុន​គឺ​បាន​បង្ក​ជា​បញ្ហា​ចុងក្រោយ​ដ៏​ធំ​មួយ​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114