ព័ត៍មានទាន់​ហេតុការណ៏
Search

សាកសព​របស់​លោក Mugabe វិល​ត្រលប់​ទៅ​ប្រទេស​ហ្សី​ម​បា​វ៉េ​វិញ​សម្រាប់​ពិធី​បញ្ចុះ

សាកសព​របស់​អតីត​ប្រធានាធិបតី​ហ្ស៊ី​ម​បា​វ៉េ​ត្រូវបាន​ដឹក​ចេញពី​ប្រទេស​សិង្ហ​បុរី​នៅ​ថ្ងៃ​ពុធ​បន្ទាប់ពី​ការស្លាប់​របស់គាត់​កាលពី​សប្តាហ៍​មុន​។ សាកសព​របស់គាត់​បា​ន​ឆ្ពោះ​ដំណើរ​ទៅផ្ទះ​សម្រាប់​ពិធី​បញ្ចុះ​នៅក្នុង​ប្រទេសមួយ​ដែលមាន​ការបែកបាក់​គ្នា​ដោយសារតែ​វិ​រ​បុរស​ដែល​ប្រែ​ក្លាយទៅជា​អ្នកកាន់អំណាច​ផ្តាច់ការ​រូបនេះ​។ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​ក្មួយប្រុស​របស់គាត់​។​

លោក Mugabe ដែលជា​មេដឹកនាំ​ឧទ្ទាម​ម្នាក់​ដែល​បាន​ឡើងកាន់​អំណាច​បន្ទាប់ពី​ការទទ​ល​បាន​ឯករាជ្យភាព​របស់​ហ្ស៊ី​ម​បា​វ៉េ​ពី​ចក្រភព​អង់គ្លេស​ហើយ​បាន​ឡើងកាន់​អំណាច​រយៈពេល​៣៧​ឆ្នាំ​រហូតដល់​គាត់​ត្រូវបាន​គេ​បណ្តេញ​ចេញពី​តំណែង​នៅ​ឆ្នាំ​២០១៧​គឺ​បានទទួល​មរណភាព​កាលពី​ថ្ងៃ​សុក្រ​មុន​ក្នុង​អាយុ​៩៥​ឆ្នាំ​។​

សុខភាព​របស់គាត់​កាន់តែ​យ៉ាប់យ៉ឺន​បន្ទាប់ពី​គាត់​ត្រូវបាន​ផ្តួលរំលំ​ដោយ​យោធា​និង​អតីត​អ្នក​ស្មោះត្រង់​ក្នុង​ខែវិច្ឆិកា​ឆ្នាំ​២០១៧​ដែល​បញ្ចប់​នូវ​ការគ្រប់គ្រង​ដោយ​ប្រើ​កណ្តាប់ដៃ​ដែក​ដែល​បានធ្វើ​ឲ្យ​សេដ្ឋកិច្ច​ត្រូវ​អន្តរាយ​។​

គាត់​បានទទួល​មរណភាព​បន្ទាប់ពី​ទទួល​ការព្យាបាល​នៅ​មន្ទីរពេទ្យ​ប្រទេស​សិង្ហ​បុរី​អស់​រយៈពេល​ជាច្រើន​ខែ​ហើយ​គណៈប្រតិភូ​រួមទាំង​អនុ​ប្រធានាធិបតី​លោក Kembo Mohadi ផងដែរ​បានធ្វើ​ដំណើរ​ទៅកាន់​រដ្ឋ​ដែលមាន​ទ្រព្យសម្បត្តិ​ច្រើន​មួយ​នេះ​តាម​ជើងហោះហើរ​ដែលមាន​លក្ខ​ណៈ​ពិសេស​ដើម្បី​នាំ​គាត់​ត្រឡប់មកផ្ទះ​វិញ​។​

កាលពី​ព្រឹក​ថ្ងៃ​ពុធ រថយន្ត​ដឹក​សព​របស់លោក Mugabe បាន​ចាក​ចេញពី​កន្លែង​តម្កល់សព​របស់​ប្រទេស​សិង្ហ​បុរី​ឆ្ពោះទៅកាន់​អាកាសយានដ្ឋាន​និង​អមដំណើរ​ដោយ​ក្រុមប៉ូលិស​ដោយ​បើកបរ​ឆ្លងកាត់​ក្រុម​អ្នកសារព័ត៌មាន​ដែល​កំពុង​រង់ចាំ​។​

ក្មួយប្រុស​របស់គាត់​បា​ន​ប្រាប់ AFP ថា យន្ដហោះ​ដែល​ដឹក​អតីត​មេដឹកនាំ​រូបនេះ​និង​គណៈប្រតិភូ​បាន​ចាកចេញ​ភ្លាមៗ​បន្ទាប់ពីនោះ​។ លោក​បាន​និយាយ​តាម​ទូរស័ព្ទ​ពីលើ​យន្ដហោះ​ថា “​វា​បាន​ចាកចេញ​ហើយ​ឥឡូវនេះ​”​។​

គណៈប្រតិភូ​ហ្ស៊ី​ម​បា​វ៉េ​បាន​ទៅដល់​នៅ​ថ្ងៃ​អង្គា​រហើយ​បាន​ចូលរួម​ពិធីបុណ្យ​តាមបែប​សាសនា​កាតូលិក​ឯកជន​មួយ​សម្រាប់​លោក Mugabe៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114