ព័ត៍មានទាន់​ហេតុការណ៏
Search

ម៉ូតូ ​និង​ម៉ូតូ​ ប៉ះទង្គិច​គ្នា​នៅ​លើ​ទ្រូងផ្លូវ ត្រូវ​រថយន្ត​មកពី​ក្រោយ​កិន​ស្លាប់​ម្នាក់​យ៉ាង​រន្ធត់ នៅ​ស្រុក​អង្គរ​ជ័យ

កំពត ៖ មនុស្ស​ម្នាក់​ស្លាប់​យ៉ាង​រន្ធត់​នៅ​កន្លែងកើតហេតុ​ និង​ម្នាក់ទៀត​ បាន​រង​របួស បន្ទាប់ពី​ជួប​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៣១ រវាង​ម៉ូតូ​ និង​ម៉ូតូ​បណ្ដាល​ឲ្យ​ភាគី​ម្ខាង​ដួល​ខ្ទាត​ចូល​ក្រោម​កង់​រថយន្ត​បណ្តាល​ឲ្យ​កិន​ស្លាប់​ភ្លាមៗ​មួយ​រំពេច។

ហេតុការណ៍​នេះ​បានកើត​ឡើង​កាល​នៅវេលា​ម៉ោង​១៩​និង​១០​នាទី​យប់ ថ្ងៃទី​១០ ខែ​កញ្ញា ឆ្នាំ​២០​១៩ ស្ថិតក្នុង​ភូមិ​តា​ព្រាម ឃុំ​តានី ស្រុក​អង្គរជ័យ ខេត្ត​កំពត លើ​កំណាត់​ផ្លូវជាតិ​លេខ​៣១។

តាម​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​ស្រុក​អង្គរជ័យ​បាន​និយាយថា គ្រោះថ្នាក់​ដ៏​រន្ធត់​នេះ​ផ្តើម​ឡើង​ដោយ​សារ​ម៉ូតូ​ពីរ​គ្រឿង​ប៉ះទង្គិច​គ្នា​ក្នុងទិសដៅ​បញ្ច្រាស​ពី​ត្បូង​ទៅ​ជើង ដោយ​មុនដំបូង​គឺ​អ្នក​បើកបរ​ម៉ូតូ​ម៉ាក​HONDA គុប​C 09 ពណ៌​ស្លែ ពាក់​ស្លាក​លេខ កំពត​1E-4347 ឈ្មោះ យី​វ មាស ភេទ​ប្រុស អាយុ ៤១​ឆ្នាំ​(​របួស​មធ្យម​) រស់នៅ​ភូមិ​ត្រ​បៀត ឃុំ​សំឡាញ ស្រុក​អង្គរជ័យ ខេត្តកំពត មុខរបរ កសិករ បើក​ម៉ូតូ ពី​ទិស​ខាងត្បូង ទៅ​ជើង តាម​បណ្ដោយ​ផ្លូវ​ខាង​លើ ក្នុង​ល្បឿន​ធម្មតា លុះ​មកដល់​ចំណុច​កើតហេតុ ក៏មាន​ម៉ូតូ​ម៉ាក​អ៊ិច​សង់​ទ័​រ​C150 ​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ ខម​-1-5555 បើកបរ​ដោយ ឈ្មោះ ឃុន សំណាង ភេទ​ប្រុស អាយុ​២២​ឆ្នាំ ​រស់នៅ​ភូមិ ដំណាក់​ចំបក់ ឃុំ​សំរោង​លើ ស្រុក​បន្ទាយ​មាស ខេត្ត​កំពត មុខរបរ សិស្ស​ថ្នាក់​ទី​១២ ទើប​ប្រឡង​ជាប់ បាន​បើក​ម៉ូតូ​ពី​ទិស​ខាង​ជើង​ទៅ​ត្បូង ​ក្នុង​ល្បឿន​លឿន​ បាន​បុក​ជាមួយ​ម៉ូតូ​មកពី​ទិស​ផ្ទុយគ្នា​បណ្ដាល​ឲ្យ​ខ្ទាត​ទៅ​ប៉ះ​ជាមួយ​រថយន្ត​ខ្នាត​ធំ​មួយ​គ្រឿង​មកពី​ទិស​ស្រប​បណ្ដាល​ឲ្យ​បាក់​ជើង​ទាំងពីរ​ និង​បាក់​ដៃ​ស្តាំ​ ព្រមទាំង​ប៉ះទង្គិច​នៅ​លើ​ដងខ្លួន​យ៉ាងដំណំ បណ្តាល​ឲ្យ​ស្លាប់​នៅ​កន្លែង​កើត​ហេតុតែ​ម្តង។

ដោយឡែក​អ្នក​បើកបរ​រថយន្ត​សណ្ដោង​រ៉ឺម៉ក​ម៉ាក​DAEWOO ពណ៌​ស​ ពាក់​ស្លាក​លេខ​3 ភ្នំពេញ E-3457 ក្រោយពេល​កើត​ហេតុ ​បាន​ចុះ​រត់​គេច​ខ្លួន​បាត់​មិន​ស្គាល់​អត្តសញ្ញាណ ​និង បាន​បន្សល់ទុក​រថយន្ត​នៅ​កន្លែង​កើត​ហេតុ។

បច្ចុប្បន្ន​ មធ្យោបាយ​ពាក់ព័ន្ធ​ខាង​លើ សមត្ថកិច្ច​បាន​យក​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ជា​បណ្ដោះអាសន្ន​។ ចំណែក​សព​ជនរងគ្រោះ ត្រូវបាន​សមត្ថកិច្ច​ប្រគល់​ជូន​ក្រុម​គ្រួសារ​ ដើម្បី​ចាត់​ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114