ព័ត៍មានទាន់​ហេតុការណ៏
Search

ការអះអាង​រំលោភ​ផ្លូវភេទ​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ណូ​វែ​ល​ហ្សេ​ឡង់​រង្គោះរង្គើ

នៅ​ថ្ងៃ​ពុធ នាយករដ្ឋមន្ត្រី​ណូ​វែ​ល​ហ្សេ​ឡង់​លោកស្រី Jacinda Ardern បាន​សុំទោស​ចំពោះ​ការចាត់ចែង​របស់​គណ​បក្ស​លោកស្រី​លើ​ការរំលោភ​ផ្លូវភេទ​ខណៈ​សម្ព័ន្ធមិត្ត​កំពូល​ត្រូវបាន​បង្ខំ​ឲ្យ​លាលែង​ពី​តំណែង​។​

សម្រាប់​រឿងអាស្រូវ​ដ៏​ធ្ងន់ធ្ងរ​បំផុត​ដែល​លោកស្រី Ardern បាន​ប្រឈមមុខ​ចាប់តាំងពី​លោកស្រី​បាន​ចូលកាន់​តំណែង​នៅ​ចុងឆ្នាំ​២០១៧​មក មេដឹកនាំ​រូបនេះ​បាន​សារភាពថា “​កំហុស​ត្រូវបាន​បង្កើត​ឡើង​” បន្ទាប់ពី​អ្នកស្ម័គ្រចិត្ត​របស់​គណ​បក្ស​ការងារ​ម្នាក់​បាន​ចោទប្រកាន់​បុគ្គលិក​ជាន់ខ្ពស់​នៃ​គណបក្ស​នេះ​ពីបទ​រំលោភបំពាន​កាលពី​ឆ្នាំមុន​។​

លោក Ardern បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​ការលើកឡើង​នូវ​ការចោទប្រកាន់​អំពី​ការរំលោភ​ផ្លូវភេទ​គឺជា​រឿង​ដ៏​ពិបាក​មួយ​ដែល​ត្រូវធ្វើ​”​។​

ស្ត្រី​អាយុ​១៩​ឆ្នាំ​ម្នា​ក់បាន​ចោទប្រកាន់​បុគ្គលិក​ថា​បាន​ចាប់រំលោភ​នាង​នៅឯ​ផ្ទះ​របស់គាត់​កាលពី​ខែកុម្ភៈ​ឆ្នាំមុន​ហើយ​នាង​បាន​រាយការណ៍​ទៅ​ប្រធាន​គណបក្ស​ការងារ​លោក Nigel Haworth ក្នុង​ខែតុលា​ឆ្នាំ​នោះ​។​

ការស៊ើបអង្កេត​ផ្ទៃក្នុង​របស់​គណបក្ស​មិនបាន​ផ្តល់​អនុសាសន៍​ឲ្យ​មាន​សកម្មភាព​ណាមួយ​ប្រឆាំងនឹង​បុរស​រូប​នោះទេ​ហើយ​លោក Haworth បាន​អះអាង​កាលពី​ថ្ងៃ​អង្គា​រថា ពាក្យបណ្តឹង​មិនបាន​ប្រាប់​គាត់​ពី​ភាព​ធ្ងន់ធ្ងរ​នៃ​ការចោទប្រកាន់​នោះទេ​។​

ស្ត្រី​ដែល​មិន​ត្រូវបាន​បញ្ចេញ​ឈ្មោះ​ជា​សាធារណៈ​បាន​ជំទាស់​ចំពោះ​រឿងនេះ​ដោយ​នាង​បានផ្តល់​នូវ​អ៊ីមែល​និង​ឯកសារ​ដែល​នាង​និយាយថា​បាន​គាំទ្រ​ចំពោះ​ការអះអាង​របស់​នាង​។​
​អ្នកស្ម័គ្រចិត្ត​ផ្សេងទៀត​ក៏បាន​គាំទ្រ​ស្ត្រី​នោះ​ផងដែរ​ហើយ​បាន​និយាយថា ពាក្យបណ្តឹង​របស់​ពួកគេ​ចំពោះ​គណបក្ស​មិនត្រូវ​បាន​គេ​យកចិត្តទុកដាក់​ខ្លាំង​ឡើយ។

លោកស្រី Ardern បាន​និយាយថា លោកស្រី​បាន​ពិភាក្សា​អំពី​ឯកសារ​របស់​ស្ត្រី​រូបនេះ​ជាមួយ​លោក Haworth កាលពី​ព្រឹក​ថ្ងៃ​ពុធ​ខណៈ​លោកស្រី​ព្យាយាម​ដោះស្រាយ​រឿងអាស្រូវ​នេះ​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114