ព័ត៍មានទាន់​ហេតុការណ៏
Search

សិស្ស​នាំគ្នា​បែរបន់​លាបំណន់​លោកតា​ដំបងគ្រញូង ក្រោយពេល​ប្រលង​មធ្យមសិក្សា​ទុតិយភូមិ រួច​

បាត់ដំបង ៖ រូបសំណាក​លោកតា​ដំបងគ្រញូង ដែល​ធ្លាប់មាន​បារមី ពូកែ​ស័ក្ដិសិទ្ធិ តាំងពី​សម័យ​ដើម​មក​នោះ កំពុង​ត្រូវ​បាន​សិស្សានុសិស្ស ចោមរោម​អុច​ទៀន ធូប ថ្វាយ​ដង្វាយ​សព្វសារពើ ក្នុង​គោល​បំណង​សុំ​លាបំណន់ បន្ទាប់ពី​ពួកគេ​បាន​ប្រលង​ជាប់​សញ្ញាប័ត្រ មធ្យមសិក្សា​ទុតិយភូមិ​រួចមក។

គួរ​បញ្ជក់​ដែរ​ថា ការប្រលង​យក​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ កាលពី​ថ្ងៃទី​១៩ ខែ​សីហា ឆ្នាំ ២០១៩ កន្លងទៅ​ថ្មីៗ​នេះ នៅក្នុង​ខេត្តបាត់ដំបង​ទាំងមូល មាន​បេក្ខជន​សរុប​ចំនួន​៧១៦៥​នាក់ ក្នុង​នោះ​ស្រី​មាន​ចំនួន​៤០២១​នាក់ ដោយបាន​ចែកចេញ​ជា​១១​មណ្ឌល នៅ​ទូទាំង​ខេត្ត បាត់ដំបង។

នៅមុន​សម័យ​ប្រលង​នេះដែរ ក៏​គេ​សង្កេត​ឃើញថា មាន​សិស្សានុសិស្ស​ជាច្រើន បាននាំគ្នា​ទៅ​ដុត​ទៀន​ធូប នៅមុខ​រូបសំណាក​លោកតា​ដំបងគ្រញូង ដែល​ស្ថិត​នៅ​ចំ​កណ្តាល​បេះដូង​ក្រុង​បាត់ដំបង ក្នុង​គោលបំណង​សុំឲ្យ​ពួកគេ​បាន​ប្រលង​ជាប់​តាម​បំណងប្រាថ្នា។

លុះ​ក្រោយពី​ក្រសួង​បានប្រកាស​លទ្ធផល កាលពី​ថ្ងៃទី១០ ខែ​កញ្ញា ឆ្នាំ​២០១៩ រួចមក ក៏​គេ​សង្កេត​សាជាថ្មី​ផងដែរ នូវ​វត្តមាន​សិស្សានុសិស្ស​ជាច្រើន ដែល​សុទ្ធសឹង​ជា​សិស្ស​បាន​ប្រលង​ជាប់ សញ្ញាប័ត្រ​មធ្យមសិក្សា ទុតិយភូមិ បាន​ដឹកនាំ​សំណែន​យកទៅ​បែរបន់​មុខ​រូប​សំណាក​លោកតា​សាជាថ្មី ដើម្បី​សុំ​លាបំណន់​ដែល​ពួកគេ​បាន​បែរបន់​នាពេល​កន្លងមក ដែល​ទាំងនេះ សបញ្ជាក់​ឲ្យ​ឃើញ​ថា​ បារមី​លោកតា​ដំបងគ្រញូង គឺមាន​ឫទ្ធិ​បារមី ពូកែ​ស័ក្ដិសិទ្ធិ​មែន តាំងពី​យូរលង់​ណាស់​មក​ហើយ។

លោក យី សុង​គី ប្រធាន​មន្ទីរអប់រំ យុវជន និង កីឡា ខេត្ត បាន​បញ្ជាក់ថា ការ​ប្រលង​ឆ្នាំនេះ គឺ​សិស្ស​ប្រលង​ជាប់​បើ​គិត​ជា​ភាគរយ ស្មើនឹង​ជាង​៦៤ % ដោយឡែក​ឆ្នាំមុន គឺ​បាន ជាង ៦៥ % ដោយ​ឆ្នាំនេះ សរុប​ចំនួន​សិស្ស​ដែល​ប្រលង​ជាប់​គឺមាន​ចំនួន​៤៦៣១​នាក់ ក្នុងនោះ​ស្រី​មាន​ចំនួន ២៧២៧​នាក់​ ហើយ​សម្រាប់​និទ្ទេស A មាន​ចំនួន​៣២​នាក់ ក្នុងនោះ​ស្រី​១៧​នាក់។

ចំពោះ​ការ​សែនព្រេន​ទៅលើ​ជំនឿ អរូបី គឺ​ប្រជាពលរដ្ឋ​នៅតែ​មាន​ជំនឿ​ ដោយ​មិនអាច​បោះ​បង់​ចោល​បានទេ ហើយ​រហូត​មក​ទល់នឹង​ល្ងាច​ថ្ងៃទី​១១​កញ្ញា នេះ ក៏​នៅតែមាន​មនុស្សម្នា ពិសេស​ គឺ​ប្អូនៗ​សិស្សានុសិស្ស មក​បែរបន់​ឥត​ស្រាកស្រាន្ត៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114