ព័ត៍មានទាន់​ហេតុការណ៏
Search

លោក​ជំទាវ​ម៉ែន សំអន​ ផ្តល់​នូវ​អនុសាសន៍​៨​យ៉ាង​សំខាន់​ៗ ​សម្រាប់​ក្រុមការងារ​ចុះ​មូលដ្ឋាន​បន្ត​អនុវត្តន៍

ភ្នំពេញ​ ៖ ​ក្នុងនាម ​សម្ដេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្នុងនាម​ក្រុមការងារ​ថ្នាក់​ជាតិ ចុះ​មូលដ្ឋាន​ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអនុវត្ត កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ ចតុកោណ របស់​រាជរដ្ឋាភិបាល នៅ​រាជធានី​ភ្នំពេញ​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ បានផ្ដល់​នូវ​អនុសាសន៍​បន្ថែមចំនួន​៨​យ៉ាង​សំខាន់ៗ​សម្រាប់​ក្រុមការងារ​ចុះ​មូលដ្ឋាន​បន្ត​អនុវត្តន៍​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ជូន​ប្រជាពលរដ្ឋ​ជា​កត្តា​សំខាន់។

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​មូលដ្ឋាន​រាជធានី បាន​បញ្ជាក់​បែបនេះ ខណៈ​អញ្ជើញ​ជា​អធិបតីភាព ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ សេចក្ដីណែនាំ​ស្ដីពី​តួនាទី ភារកិច្ច និង​របៀបរបប​ការងារ សម្រាប់​ក្រុមការងារ​ថ្នាក់​ជាតិ ចុះ​មូលដ្ឋាន​នៅ​រាជធានី​ភ្នំពេញ​ និង​សម្រួល​ការងារ​ភារកិច្ច​ជូន​ថ្នាក់​រាជធានី ​និង​ថ្នាក់​ខណ្ឌ​ទាំង​១៤​ ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអនុវត្ត​កម្មវិធី​នយោបាយ និង​យុទ្ធ សាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល​កម្ពុជា នា​រសៀល​ថ្ងៃ​អង្គារ ១២​កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព​.​ស​.២៥៦៣ រាជធានី​ថ្ងៃទី​១០ ខែ​កញ្ញា ឆ្នាំ​២០១៩​ថ្មីៗ​នេះ។

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ​បាន​កោតសរសើ​រ​ចំពោះ មន្ត្រី​ក្រុមការងារ​ដូច​មាន​រៀបរាប់​ក្នុង​សេចក្តី​សម្រេច ​ស្ដីពី​ការបែងចែក​ស្តីពី​ការ​បង្កើត​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន និង​ក្រុមការងារ​ចុះ​មូលដ្ឋាន​ទាំង​១៤​ខណ្ឌ នៃ​រាជធានី​ភ្នំពេញ ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអនុវត្ត កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​កន្លងមក​បាន​ចុះ​ផ្ទាល់​តាម​បណ្តា​មូលដ្ឋាន ដោយ​យក​អស់ពី​ស្មារតី កម្លាំងកាយ ចិត្ត ធនធាន ថវិកា សម្ភារៈ​ ជួយ គាំទ្រ​យ៉ាង​សកម្ម គ្រប់​សកម្មភាព តាម​បណ្តា​មូលដ្ឋាន​នានា​ទូទាំង​រាជធានី។ ពិសេស​បាន​រួម​ចំណែក​ឲ្យ​រាជធានី​ភ្នំពេញ ទទួល​បាន​ជោគជ័យ​រាល់​ភារកិច្ច​ជា​បន្តបន្ទាប់ ដែល​ជា​ការធានា​ស្ថិរភាព នយោបាយ​សន្តិសុខ និង​សណ្ដាប់ធ្នាប់ សាធារណៈ សំដៅ រួមចំណែក​អភិវឌ្ឍ​មូលដ្ឋាន និង​លើ​ក​កម្ពស់​ជីវភាព​ជូន​ប្រជាជន​តាំងពី​អាណត្តិ​ទី៥ កន្លងមក និង​មកដល់​អាណត្តិ ទី​៦ នៃ​នីតិ​កាល​រដ្ឋ​សភា​នេះ។

ក្នុងនាម​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​នាម​ក្រុមការងារ ថ្នាក់​ជាតិ ចុះ​មូលដ្ឋាន​ ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអនុវត្ត កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល នៅ​រាជធានី​ភ្នំពេញ និង​ក្នុងនាម​លោកជំទាវ​ផ្ទាល់​សូម​សម្តែង​នូវ​ក្តី​សោមនស្ស​រីករាយ​ក្រោយ​បាន​ជួប​ជាមួយ​ក្រុម​ការងារ​ថ្នាក់​ជាតិ ចុះ​មូលដ្ឋាន នៅ​រាជធានី​ភ្នំពេញ ព្រមទាំង​សមាជិក សមាជិកា​អង្គប្រជុំ​ទាំងអស់ ដែល​បាន​ដើម្បី​ពង្រឹង​ការងារ ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ថែមទៀត យើង ត្រូវ ប្រឹង ប្រែង​រួមគ្នា បំពេញ​កិច្ច​ការសំខាន់ៗ​មួយចំនួន​ដូចជា​ ៖
ទី​១.ត្រូវ​រួមគ្នា​ថែរក្សា​សុខសន្តិភាព និង​ការ​អភិវឌ្ឍ ថែរក្សា​ស្ថិរភាព​នយោបាយ សន្តិសុខ​សណ្តាប់​ធ្នាប់​សាធារណៈ ថែរក្សា​ការពារ​នូវ​សមិទ្ធផល​ដែល​បានមកពី​ការខិតខំ​របស់​រាជរដ្ឋាភិបាល។​
​ទី២.អាជ្ញាធរ​មូលដ្ឋាន​គ្រប់លំដាប់​ថ្នាក់ សូម​បន្ត​យក ចិត្ត​ទុក ដាក់​ដល់​ការ អនុវត្ត នយោបាយ ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់។ ជាក់ស្ដែង កាលពី​ព្រឹកមិញ​នេះ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហម​កម្ពុជា ក៏​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់គ្នា​ចូលរួម​ទប់ ស្កាត់ ៖
ទី​១.អំពើ​ហិង្សា​ក្នុង​គ្រួសារ
២.អំពើ​ហិង្សា​លើ​កុមារ និង​ទី​៣ អំពើ​រំលោភ សេពសន្ថវៈ។
ទី៣.ត្រូវខិតខំ​ដោះស្រាយ​នូវ​ការលំបាក និង​បម្រើសេវា​សាធារណៈ​ឲ្យ​បានល្អ​ជូន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ដើម្បី​គាំទ្រ​ធុរកិច្ច ការវិនិយោគ ទុន និង​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាជន​។​
​ទី៤.បង្កើន​ស្មារតី​ទទួលខុសត្រូវ និង​សាមគ្គីភាព​ផ្ទៃក្នុង ក្នុង​ក្រុមការងារ​ដោយ​ធ្វើការ និង​ពិភាក្សា គ្នា ជា​សមូហភាព ឬ​ជា​ក្រុម ដើម្បី​រួមគ្នា​ដោះស្រាយ​បញ្ហា​រាល់​សំណូមពរ និង​សំណួរ​ដែល​ប្រជាពលរដ្ឋ លើកឡើង។​
​ទី​៥.ត្រូវ​រក្សា​ខ្ជាប់​នូវ​ឧត្ដម​ប្រយោជន៍​ជាតិ និង ស្រឡាញ់ ប្រជាជន ខិតខំ​ធ្វើ​តែ អំពើ​ល្អ ហើយ​ជៀស​វាង ដាច់ខាត រាល់​ទង្វើ​មិន​ត្រឹមត្រូវ​ដែល​បំពាន និង ច្បាប់ របស់​រដ្ឋ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធ និង​ផល​ប្រយោជន៍ ប្រជាជន។
ទី​៦.បន្ត​ជំរុញ​ការកែទម្រង់​លើ​គ្រប់​វិស័យ​ឲ្យ​កាន់តែ​ស៊ីជម្រៅ​ប្រកបដោយ ប្រសិទ្ធភាព និង​ប្រសិទ្ធិ​ផល​ស្របតាម​បាវចនា កែទម្រង់​ខាងក្នុង បង្កើន​មិត្ត​ខាងក្រៅ ក្នុង​ស្មារតី​ឯករាជ្យ និង​អភិក្រម “​ឆ្លុះ​កញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និង​វះកាត់ “។
ទី​៧.ត្រូវ​បង្កើន​ការ​ជួប​ប្រាស្រ័យ​ដោយ​ផ្ទាល់​ដល់​មូលដ្ឋាន ត្រូវមាន​ឥរិយាបថ​រាបសា សាមញ្ញ ក្តាប់ ឲ្យ​បាន​ច្បាស់ លាស់​រាល់​សំណូមពរ បញ្ហា​ប្រឈម ការ​លំបាក​របស់​ប្រជាជន​ទូទៅ និង រិះរក​គ្រប់​មធ្យោបាយ​ជួយ​ដោះស្រាយ​ឲ្យ​បាន​ទាន់​ពេល​វេលា​ប្រកប​ដោយ​ប្រសិទ្ធភាព និង​លះបង់​នូវ​ចរិត​នា​ម៉ឺន​និយម។
ទី​៨.ត្រូវ​ផ្សព្វផ្សាយ អំពី​សមិទ្ធផល និង​ស្នាដៃ​ជា​ប្រវត្តិសាស្ត្រ ក្នុងការ​ការពារ អធិបតេយ្យភាព​ដែនដី និង​ទប់ស្កាត់​នូវ​ការ​ប្រឌិត​ព័ត៌មាន ការ​ភូតភរ កុហក​បោកប្រាស់ ការ​បំប៉ោង​សភាពការណ៍​គ្រប់​រូប​ភាព ក្នុងការ​បង្ក​អស្ថិរភាព​នយោបាយ និង​ប៉ុង​ប៉ង​ផ្ដួល​រំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​ដែល​កើត​ចេញ​ពី​ការបោះឆ្នោត។

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ បាន​ជូនពរ​ដល់​មន្ត្រីរាជការ​ទាំង​អស់ ​អញ្ជើញ​ចូលរួម​ពិធីបុណ្យ​ភ្ជុំ​បិណ្ឌ ដែល​ជា​ពិធីបុណ្យ​ប្រពៃណី​ជាតិខ្មែរ នៅ​តាម​មូលដ្ឋាន​រៀងៗ​ខ្លួន​ឲ្យ​បាន​គ្រប់ៗ​គ្នា ដែល​ពិធី​កាន់បិណ្ឌ​ទី​១ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១៤ ខែ​កញ្ញា ឆ្នាំ​២០១៩ នា​ពេល​ដ៏​ខ្លី​ខាងមុខនេះ និង​បាន​ចុះ​ជួប​សួរសុខទុក្ខ​ជាមួយ​ប្រជាពលរដ្ឋ មន្ត្រី​ចូលនិវត្តន៍ ​និង​គ្រួសារ​ពលី ដើម្បី​ផ្សារភ្ជាប់​នូវ​ភាព​ជិតស្និទ្ធ​រវាង​ថ្នាក់ដឹកនាំ និង​ប្រជាពលរដ្ឋ រស់​នៅ​តាម​មូលដ្ឋាន៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114