ព័ត៍មានទាន់​ហេតុការណ៏
Search

កូរ៉េខាងជើង​សាកល្បង​ជើង​ទម្រ​បាញ់​រ៉ុក្កែត​ខ្នាត​ធំ​ជាថ្មី​ម្តងទៀត

ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បាន​រាយការណ៍​នៅ​ថ្ងៃ​ពុធ​ថា មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម​ជុង​អ៊ុន​បាន​ត្រួតពិនិត្យ​ការធ្វើ​តេស្ត​ថ្មី​នៃ​ប្រព័ន្ធ​ជើង​ទម្រ​បាញ់​រ៉ុក្កែត​ខ្នាត​ធំ​មួយ​ដែល​នេះ​ជា​ទង្វើ​បង្ករឿង​ចុងក្រោយ​បំផុត​របស់​ទីក្រុង​ព្យុងយ៉ាង។

យោធា​កូរ៉េខាងត្បូង​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា ប្រទេស​កូរ៉េខាងជើង​បាន​បាញ់​បង្ហោះ​មី​ស៊ី​ល​មិន​ស្គាល់​អត្តសញ្ញាណ​ចេញពី​តំបន់ Kaechon ក្នុង​ខេត្ត South Pyongan​។ ពួកគេ​បាន​ហោះ​ក្នុង​ចម្ងាយ​ប្រមាណ​៣៣០​គីឡូម៉ែត្រ។

ការបាញ់​បង្ហោះ​នេះ​បាន​កើតឡើង​ភ្លាមៗ​បន្ទាប់ពី​ទីក្រុង​ព្យុងយ៉ាង​និយាយថា​ខ្លួន​មាន​ឆន្ទៈ​ធ្វើ​កិច្ចចរចា​កម្រិត​ការងារ​ស្តីពី​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ​នៅ​ចុងខែ​នេះ​ជាមួយ​សហរដ្ឋអាមេរិក។

ទីភ្នាក់ងារ​ព័ត៌មាន​កណ្តាល​កូរ៉េ (KCNA) បាន​រាយការណ៍​ថា លោក​គីម​បាន​ទៅធ្វើ​ការត្រួតពិនិត្យ​សម្រាប់​ការសាកល្បង​កាលពី​ថ្ងៃ​អង្គារ​។ ជើង​ទម្រ​បាញ់​រ៉ុក្កែត​ខ្នាត​ធំ​ត្រូវបាន​សាកល្បង​នៅក្នុង​លំ​ហាត់​មួយ​ដែល​ស្ថិតក្រោម​ការសង្កេតមើល​ដោយ​លោក​គីម​ប្រហែលជា​២​សប្តាហ៍​មុន។

របាយការណ៍​របស់ KCNA បាន​និយាយថា ការសាកល្បង​នេះ​មាន​គោលបំណង​វាស់​ពេលវេលា​នៃ​ការដាក់​ពង្រាយ​ប្រយុទ្ធ​ហើយ​បញ្ជាក់ថា ការសាកល្បង​មួយទៀត​អាច​នឹង​កើតឡើង។

កាលពី​ថ្ងៃ​ចន្ទ អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​កូរ៉េខាងជើង​លោកស្រី Choe Son Hui បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ដែល​ផ្សាយ​ដោយ KCNA ថា ប្រទេស​នេះ​មាន​ឆន្ទៈ​ក្នុងការ​អង្គុយ​ជាមួយ​ភាគី​អាមេរិក​សម្រាប់​កិច្ចពិភាក្សា​ដ៏​ទូលំទូលាយ​អំពី​បញ្ហា​នានា​នៅ​ចុងខែ​នេះ​ក្នុងពេល​មួយ​និង​កន្លែង​ដែល​ត្រូវបាន​កំណត់។

លោក​គីម​និង​ប្រធានាធិបតី​អាមេរិក​លោក​ដូ​ណា​ល់​ត្រាំ​បានអនុម័ត​សេចក្តីថ្លែងការណ៍​ដែល​មិន​ច្បាស់លាស់​មួយ​ស្តីពី “​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ​ទាំងស្រុង​នៅលើ​ឧបទ្វីប​កូរ៉េ​” ក្នុង​កិច្ចប្រជុំ​កំពូល​លើកដំបូង​រវាង​អ្នក​ទាំងពីរ​នៅក្នុង​ប្រទេស​សិង្ហ​បុរី​កាលពី​ខែមិថុនា​ឆ្នាំមុន​ប៉ុន្តែ​មានការ​រីកចម្រើន​តិចតួច​ណាស់​ដែល​ត្រូវបានធ្វើ​ឡើងលើ​ការរុះរើ​កម្មវិធី​នុយក្លេអ៊ែរ​របស់​ទីក្រុង​ព្យុងយ៉ាង៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114