ព័ត៍មានទាន់​ហេតុការណ៏
Search

ជនជាតិ​អូស្ត្រាលី​៣​នាក់​ត្រូវបាន​ឃុំខ្លួន​នៅក្នុង​ប្រទេស អ៊ីរ៉ង់

រដ្ឋាភិបាល​អូស្ត្រាលី​នៅ​ថ្ងៃ​ពុធ​បាន​និយាយថា ពលរដ្ឋ​៣​នាក់​ត្រូវបាន​ឃុំខ្លួន​នៅក្នុង​ប្រទេស​អ៊ីរ៉ង់​ដែល​នេះ​ជា​ករណី​ចុងក្រោយបង្អស់​ចំពោះ​ពលរដ្ឋ​បស្ចិមប្រទេស​ដែល​ត្រូវបាន​ចាប់ខ្លួន​ដោយ​អាជ្ញាធរ​នៅក្នុង​ទីក្រុង​តេ​អេ​រ៉ង់។

អ្នកនាំពាក្យ​ម្នាក់​បាន​ប្រាប់ AFP ថា “​ក្រសួងការបរទេស​និង​ពាណិជ្ជកម្ម​កំពុង​ផ្តល់ជំនួយ​កុងស៊ុល​ដល់​ក្រុមគ្រួសារ​របស់​ជនជាតិ​អូស្ត្រាលី​៣​នាក់​ដែល​ត្រូវបាន​ឃុំខ្លួន​នៅក្នុង​ប្រទេស​អ៊ីរ៉ង់​។ ដោយសារតែ​កាតព្វកិច្ច​ឯកជន​ភាព​របស់​យើង យើង​នឹងមិន​ធ្វើ​អត្ថាធិប្បាយ​បន្ថែមទៀត​ទេ​”​។កាសែត Times of London បាន​រាយការណ៍​មុននេះ​ថា ស្ត្រី​កូនកាត់​អង់គ្លេស​- អូស្ត្រាលី​ពីរ​នាក់​ត្រូវបាន​គេ​ឃុំឃាំង​នៅក្នុង​ពន្ធនាគារ Evin របស់​ទីក្រុង​តេ​អេ​រ៉ង់។

ចំណែក​ប្រព័ន្ធ​ផ្សាយ​សាធារណៈ ABC របស់​ប្រទេស​អូស្ត្រាលី​បាន​និយាយថា មិត្ត​ប្រុស​សញ្ជាតិ​អូស្ត្រាលី​របស់​ស្ត្រី​ម្នាក់​ក្នុងចំណោម​ស្ត្រី​ទាំងពីរ​ក៏ត្រូវ​បាន​គេ​ឃុំឃាំង​ផងដែរ។

យ៉ាងណាក្តី គេ​មិនទាន់​ដឹង​ច្បាស់​ថា​អ្នក​ទាំង​៣​ត្រូវបាន​គេ​ចោទប្រកាន់​ពីបទ​អ្វី​នោះទេ​។ ស្ត្រី​ម្នាក់​ក្នុងចំណោម​ស្ត្រី​ទាំងពីរ​ត្រូវបាន​គេ​រាយការណ៍​ថា​ត្រូវ​ជាប់ឃុំ​រហូតដល់​ទៅមួយ​ឆ្នាំ​។ ដំណឹង​នៃ​ការឃុំខ្លួន​អ្នក​ទាំងបី​នេះ​បាន​កើតឡើង​បន្ទាប់ពី​អូស្ត្រាលី​ប្រកាសថា ខ្លួន​នឹងចូលរួម​បេសកកម្ម​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក​ដើម្បី​ការពារ​ការដឹកជញ្ជូន​តាម​ច្រក​សមុទ្រ Hormuz។

លោកនាយក​រដ្ឋមន្ត្រី Scott Morrison កាលពី​ខែសីហា​បានប្រកាស​ពី​ការចូលរួមចំណែក​ស្តួចស្តើង​បំផុត​ចំពោះ​បេសកកម្ម​ដ៏​ចម្រូងចម្រាស​នេះ​ដែល​រួមមាន​ទាំង​នាវាចម្បាំង យន្ដហោះ​ឈ្លបយកការណ៍​តាម​សមុទ្រ​ធុន P8 និង​បុគ្គលិក​គាំទ្រ​ហើយក៏​នឹងមាន​ការចូលរួម​ពី​កងកម្លាំង​អង់គ្លេស​ផងដែរ។

កាលពីដើម​សប្តាហ៍​នេះ រដ្ឋាភិបាល​អូស្ត្រាលី​បានធ្វើ​បច្ចុប្បន្នភាព​ដំបូន្មាន​ស្តីពី​ការធ្វើដំណើរ​របស់ខ្លួន​ទៅ​ប្រទេស​អ៊ីរ៉ង់​ដើម្បី​ឲ្យ​មានការ​ពិចារណា​ឡើងវិញ​និង​កុំ​ធ្វើដំណើរ​ទៅ​តំបន់​ជិត​ព្រំដែន​អ៊ីរ៉ាក់​និង​អា​ហ្វ​ហ្គា​នី​ស្ថាន៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114