ព័ត៍មានទាន់​ហេតុការណ៏
Search

អ្នក​ប្រលង​ធ្លាក់​ ផ្ទុះ​ការ​តវ៉ា​នៅខាងមុខ​ក្រសួង​អប់រំ

ភ្នំពេញ ​៖ ក្រោយពី​ក្រសួង​អប់រំ​បានសម្រេច​ប្រកាស​លទ្ធផល​ជា​ផ្លូវការ ​នៃ​ការ​ប្រឡង​សញ្ញាប័ត្រ មធ្យម សិក្សា ទុតិយភូមិ (​បាក់​ឌុប​)​ ទូទាំងប្រទេស​រួចមក​ឃើញថា ​មាន​អ្នកខ្លះ រំភើប រីករាយ​ដោយសារតែ​ទទួលបាន​និទ្ទេស និង​លទ្ធផល​ល្អ ដូច​ការរំពឹងទុក ប៉ុន្តែ​ក៏មាន​បេក្ខជន​មួយចំនួនទៀត​ដែល​មិន​ទទួលបាន​លទ្ធផល​ល្អ​ ឬ​ដូច​ការរំពឹងទុក​នោះ​ពួកគេ​បាន​សម្ដែង​ការ មិន​ពេញចិត្ត​ចំពោះ​លទ្ធផល​ដែល​ចេញមក​នោះដែរ ដោយមាន​មុខវិជ្ជា​ខ្លះ​ដែល​ខ្លួន​ពូកែ តែ​បែរជា​លទ្ធផល​ចេញមក​ត្រូវ​ធ្លាក់​ទៅវិញ​។

ដូច្នេះ​បាន​ធ្វើ​ឲ្យ​បេក្ខជន​ប្រលង ​និង​អាណាព្យាបាល បានកើតទុក្ខមិន​សុខចិត្ត​ទៅ​នឹង​លទ្ធផល​បាក់ ឌុប ឆ្នាំ​២០១៩(​សម័យ​ប្រឡង​ថ្ងៃទី​១៩​ ខែសីហា ​ឆ្នាំ​២០១៩) បាននាំគ្នា​មក​តវ៉ា​នៅ​មុខក្រសួង អប់រំ យុវជន និង កីឡា ដើម្បី​ទាមទារ​ឲ្យ​ធ្វើការ​ពិនិត្យ សំណៅ វិញ្ញាសាសរសេរ របស់ពួកគេដោយ​ខ្លាច​ថា​មាន​កំហុស​បច្ចេកទេស​នៅពេល​បូក​ពិន្ទុ ឬ​នៅពេល​ធ្វើ​កំណែ​។​

ខណៈដែល​នាំគ្នា​ប្រមូលផ្តុំ​នៅខាងមុខ​ក្រសួង​អប់រំ​យុវជន ​និង​កីឡា​នា​ព្រឹក​ថ្ងៃទី​១១​ ខែកញ្ញា ​ឆ្នាំ​២០១៩ ​នៅក្នុង​សង្កាត់​ជ័យជំនះ ​ខណ្ឌដូនពេញ​ នា​ព្រឹក​ថ្ងៃទី​១១​ ខែកញ្ញា​ ឆ្នាំ​២០១៩​នេះ ​ខាង​យុវ​សិស្ស​ជាច្រើន​នាក់​ ដែល​មក​ប្រមូលផ្ដុំ​នោះ​ បាន​និយាយ​ដូចៗ​គ្នា ថា​ពួកគេ​សុំ​ឲ្យ​ក្រសួង​ពិនិត្យមើល​ឡើងវិញ​ចំពោះ​វិញ្ញាសា​មួយចំនួន​ដូចជា​មុខវិជ្ជា​គណិតវិទ្យា អក្សរសាស្ត្រ​អង់គ្លេស និង​ប្រវត្តិ ជា​ពិសេស​នោះ​ គឺ​មុខវិជ្ជា​គណិតវិទ្យា​តែម្ដង។ អ្វីដែល​ពួកគេ​លើក​យកមក​ធ្វើ​អំណះអំណាង​នោះ​ដោយសារ ក្រោយពេល​ប្រលង​រួច​ភ្លាមៗ​ ក្រសួង​ក៏បាន​ផុស​ផ្សព្វផ្សាយ​អំពី​អត្រាកំណែ​ឲ្យ​យុវ​សិស្ស​បាន​ដឹង​មុន​រួចទៅហើយ ដូច្នេះ​ពួកគេ​មួយចំនួនធំ​ដឹង​ស្រេច​ក្នុង​ចិត្ត​រួច​មួយ​ជំហាន​ទៅហើយ​ តែ​គ្រាន់​តែ វា​មិនទាន់​ផ្លូវ​ការ​​ប៉ុណ្ណោះ តែ​យ៉ាងហោចណាស់​ក៏​រំពឹងថា​វា​មិន​ខុសគ្នា​ហួសហេតុ​ពេក​ដែរ តែ​ក្រោយ​ពេល​លទ្ធផល​ចេញ​ជា​ផ្លូវ​ការ​​មក​បែរជា​ខុសគ្នា​ដាច់ស្រឡះ​ខ្លាំងពេក​ ទើប​ពួកគេ​ចេញមុខ​តវ៉ា​តែម្ដង។

ក្នុងនោះដែរ​ ក៏មាន​យុវ​សិស្ស​មួយចំនួនទៀត​បានលើកឡើង​ថា អ្វីដែល​ពួកគេ​ចេញមុខ​មក​តវ៉ា​នេះ ​គឺ​ពួកគេ​មានការ​សង្ស័យ​ទៅ​បច្ចេកទេស​ នៃ​ការ​កែ ព្រោះថា​ជួនកាល បើ​និយាយ​ពីមុខ​វិជ្ជា​គណិត​វិទ្យា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា ​និង​អក្សរសាស្ត្រ​ខ្មែរ​ផងដែរ សុទ្ធតែ​អាចធ្វើ​បាន​តាមច្រើន​របៀប​ ប៉ុន្តែ​លទ្ធផល​ គឺ​ត្រូវ​តាម​អត្រាកំណែ​របស់​ក្រសួង ​អប់រំ​ យុវជន​ និង​កីឡា ​ចាត់ទុកថា​ ជា​ការ​ត្រឹមត្រូវ​ទៅ​ហើយ តែបើ​អ្នក​កែ​កា​ត់​ពិន្ទុ​វិញ ​ក៏​មិនគួរ​កាត់​ច្រើនពេក​នោះដែរ តែ​នេះ​មុខ​វិទ្យា​ខ្លះ​ដែល​ផ្ទៀងផ្ទាត់​តាម​អត្រាកំណែ​ឃើញ​ថា ​ត្រូវ​រហូតដល់​៨០ ​ឬ​៩០​ភាគរយ​ទៅហើយ បែរជា​ពេលចេញ​លទ្ធផល​មក​បែរជា​ធ្លាក់​មក​នៅត្រឹម​និទ្ទេស​E ​ឬ F ទៅវិញ​ តើ​អ្នកណា​ទទួលយកបាន​ទៅ​។​

ដោយយោង​តាម​ការ​សំណូមពរ​របស់​យុវ​សិស្ស​ដែល​ចេញមុខ​មក​តវ៉ា​នៅពេលនោះ​ គឺ​ស្នើ​សុំ​ឲ្យ​ក្រសួង​អប់រំ​ យុវជន ​និង​កីឡា ​មេត្តា​ពិនិត្យ​លើ​អត្រាកំណែ​នោះ​ឡើងវិញ​ឲ្យ​បានច្បាស់លាស់ ​ហើយ​ធ្វើឡើង​ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស​តែម្ដង​ ព្រោះថា​អ្នក​នៅតាម​បណ្ដា​ខេត្ត​ក្រុង​មួយចំនួន​ បើ​គ្នា​ចង់​ឡើង​មក​តវ៉ា ​ក៏​លំបាក​ដែរ ដោយសារ​ពួកគេ​នៅ​ឆ្ងាយ​ពេក។

ក្រោយពី​មានការ​តវ៉ា លោក រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ឆ្លើយតប​វិញ​នៅ​ព្រឹក​ថ្ងៃទី​១១ ខែ​កញ្ញា ឆ្នាំ​២០១៩​នេះ​ថា ក្រសួង​មិនមាន​គោលការណ៍ បើកចំហ​ជូន​បេក្ខជន ដូច​ឆ្នាំ​២០១៨​នោះទេ ព្រោះ​មានការ​សម្រិតសម្រាំង​យ៉ាង​ច្បាស់​លាស់ ហើយ​ក្រសួង​ក៏​យល់​ពី​មនោ​សញ្ចេតនា​របស់​បេក្ខជន និង​ក្រុមគ្រួសារ​ក្រោយពី​ទទួល លទ្ធផល​ប្រឡង សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​នីមួយៗ ខណៈដែល​កាលពី​ឆ្នាំ​២០១៨ មាន​បេក្ខជន​ប្រឡង​ជាប់​បានមក​តវ៉ា ពាក់ព័ន្ធ​នឹង​បញ្ហា​ពិន្ទុ ពេលនោះ​ក្រសួង​បាន​យល់ព្រម ធ្វើការ​បូកសរុប​សាជាថ្មី ហើយ​ក្រសួង​បាន​បកស្រាយ​ថា បណ្តាល​មកពី​បញ្ហា​បច្ចេកទេស​កុំព្យូទ័រ​។

លោក​បាន​បន្តថា ជាទូទៅ​ក្រសួង​អប់រំ យុវជន ​និង​កីឡា ស្វាគមន៍​ចំពោះ​មតិ​រិះគន់​ស្ថាបនា និង​ឆ្លើយតប​តាម​ភាពចាំបាច់ និង​តាម​គោលការណ៍ ច្បាប់ យុត្តិធម៌ តម្លាភាព និង​លទ្ធផល​អាច​ទទួល​យក​បាន។

ក្នុងនោះ​មានមតិ​ខ្លះ​លើកឡើងថា បើ​ពិតជា​ក្រសួង​មិន​ពិនិត្យឡើងវិញ​ពិតមែន ព្រោះ​សំអាង​ថា មាន​ការ​សម្រិតសម្រាំង​យ៉ាងច្បាស់​លាស់​នោះ សិស្ស​ខ្លះ​អាច​នឹង​បាក់​ទឹកចិត្ត​ក្នុងការ​រៀនសូត្រ​ជាមិន​ខាន ព្រោះតែ​ការខិតខំ​ប្រឹងរៀន​រយៈ​ពេល​១២​ឆ្នាំ បែរជា​លទ្ធផល​ចេញមក​ធ្វើ​ឲ្យ​ពួកគាត់​មិនអាច​ទទួល​យក​បាន ទាំង​ដែល​ពួកគាត់​អះអាងថា ពួកគាត់​ធ្វើបាន ​និង​ត្រឹមត្រូវ​ដល់​ទៅ​៨០%។

គួរបញ្ជាក់​ផង​ផងដែរ​ថា កាលពី​ឆ្នាំ​២០១៨​កន្លងទៅ​ បន្ទាប់ពី​មានការ​ប្រកាស​លទ្ធផល ​នៃ​ការប្រលង​រួចមក​ ក៏មាន​យុវ​សិស្ស​ដែល​ពូកែ​ផ្នែក​គណិតវិទ្យា​ចេញមុខ​នាំគ្នា​តវ៉ា​រួច​ម្ដង​ហើយ​ដែរ ហើយ​កាល​នោះ​សាមី​​​ក្រសួង​បាន​សម្រេច​សើរើ​ឡើងវិញ​ ហើយ​ប្រកាស​សុំទោស​ជា​សាធារណៈ ថា​ករណី​នោះ​បណ្ដាលមកពី​កំហុស​បច្ចេកទេស​កុំព្យូទ័រ ព្រោះ​វា​អែ​រ៉ឺ មកដល់​ឆ្នាំ​២០១៩​នេះ​ ក៏មាន​ផ្ទុះ​ការ​តវ៉ា​ម្ដង​ទៀត ចាំមើល​ថា​ តើ​ខាង​ក្រសួង​មាន​ជំហរ​ដោះស្រាយ​យ៉ាងណាខ្លះ​ជាមួយនឹង​បញ្ហា​ដែល​បាន​និង​កំពុង​កើតឡើង​នៅពេលនេះ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114