ព័ត៍មានទាន់​ហេតុការណ៏
Search

រដ្ឋមន្ត្រី​ហ្វីលីពីន​និយាយថា មិន​អនុញ្ញាត​ឲ្យ UN ចូលមក​ស៊ើបអង្កេត​លើ​សង្គ្រាម​គ្រឿងញៀន​ទេ

ប្រទេស​ហ្វីលីពីន​នឹងមិន​អនុញ្ញាត​ដល់​ដំណើរ​របស់​អង្គការសហប្រជាជាតិ​ដើម្បី​ស៊ើបអង្កេត​ចូលទៅក្នុង​សង្គ្រាម​បង្ហូរឈាម​របស់ខ្លួន​លើ​គ្រឿងញៀន​នោះទេ​។ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​ក្រសួងការបរទេស​កាល​ពីថ្ងៃ​អង្គារ​។​

ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​បានអនុម័ត​សេចក្តីសម្រេច​មួយ​កាលពី​ខែកក្កដា​ដើម្បី​ចងក្រង​របាយការណ៍​ដ៏​ទូលំទូលាយ​មួយ​ស្តីពី​ការបង្ក្រាប​រយៈពេល​៣​ឆ្នាំ​របស់លោក​ប្រធានាធិបតី Rodrigo Duterte ដែល​ក្នុងអំឡុង​ពេលនោះ​មនុស្ស​យ៉ាងតិច​៦,៧០០​នាក់​ត្រូវបាន​សម្លាប់​នៅក្នុង​អ្វីដែល​ប៉ូលិស​និយាយថា​ជាការ​បាញ់ប្រហារ​ជាមួយ​អ្នកជួញដូរ​ដែល​រឹងទទឹង​នឹង​ការចាប់ខ្លួន​។​

អ្នកប្រើប្រាស់​គ្រឿងញៀន​នៅតាម​ទីប្រជុំជន​រាប់ពាន់នាក់​ដែល​ភាគច្រើន​ជា​ជនក្រីក្រ​ក៏ត្រូវ​បានសម្លាប់​ផងដែរ​ដោយ​ភាគច្រើន​ស្ថិតក្នុង​ស្ថានភាព​អាថ៌កំបាំង​។ ក្រុម​សិទ្ធិមនុស្ស​បាន​ចោទប្រកាន់​ប៉ូលិស​ពីបទ​បិទបាំង​ជា​លក្ខណៈ​ប្រព័ន្ធ​និង​ប្រហារជីវិត​អ្នក​ដែល​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​ប៉ុន្តែ​ប៉ូលិស​បាន​បដិសេធ​។​

នៅពេល​សាកសួរ​ក្នុង​បទសម្ភាសន៍​តាម​ទូរទស្សន៍​ថា​តើ​ក្រុម​អ្នកស៊ើប​អង្កេត UN នឹងត្រូវ​បានអនុញ្ញាត​ឲ្យ​ធ្វើការ​នៅក្នុង​ប្រទេស​ហ្វីលីពីន​ដែរ​ឬ​អត់​, រដ្ឋមន្ត្រី​ក្រសួងការបរទេស​លោក Teodoro Locsin បាន​និយាយថា “​ទេ​! ពីព្រោះ​ពួកគេ​បាន​វិនិច្ឆ័យ​ទុកជាមុន​រួចទៅហើយ​”​។​

លោក Locsin និយាយថា “​ទេ​! ខ្ញុំ​មិន​ចង់​ឲ្យ​ពួកគេ​មក​ទីនេះ​ទេ​ហើយ​បន្ទាប់មក​និយាយថា ទេ​! ខ្ញុំ​នឹងមិន​ផ្តល់ឱកាស​ដល់​ពួកគេ​ទេ”។​

សេចក្តីសម្រេច​នេះ​ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​មានការ​អំពាវនាវ​ពី​អ្នកជំនាញ UN ចំនួន​១១​នាក់​ដែលមាន​ការព្រួយបារម្ភ​អំពី​ចំនួន​នៃ​ការស្លាប់​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ក្នុង​យុទ្ធនាការ​របស់លោក Duterte​។​

កាលពី​ថ្ងៃ​ពុធ លោក Locsin ដែលជា​អតីត​អ្នកសារព័ត៌មាន​បាន​ហៅ​វា​ថា “​សេចក្តីសម្រេច​គ្មាន​ន័យ​” និង “​ស្លាប់​” ដោយ​សំអាងថា វា​បាន​បរាជ័យ​ពីព្រោះ​ការបោះឆ្នោត​គាំទ្រ​មាន​ចំនួន​តិចជាង​ចំនួន​បូក​បញ្ចូល​គ្នា​នៃ​ការមិន​ចូលរួម​និង​ការបោះឆ្នោត​ប្រឆាំងនឹង​វា​៕ REUTERS


TAG

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114