ព័ត៍មានទាន់​ហេតុការណ៏
Search

មន្ត្រី​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​ថា សង្គម​ស៊ីវិល​ទាំង​៣​នោះ គ្មាន​បំណង​ក្នុង​កិច្ចសហប្រតិបត្តិការ និង​ទទួលខុសត្រូវ​ចំពោះ​របាយការណ៍​របស់ខ្លួន​

​ភ្នំពេញ ​៖ អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល (​អ​អរ​) នៅ​ល្ងាច​ថ្ងៃទី​១០ ខែកញ្ញា បានចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​អះអាងថា សម្តែង​ការសោកស្តាយ​ចំពោះ​ការមិន​ចូលរួម​កិច្ចប្រជុំ​របស់ សង្គម​ស៊ីវិល​ទាំង​៣ ហើយ​ថា សង្គម​ស៊ីវិល​ទាំងនោះ គ្មាន​បំណង​ក្នុង​កិច្ចសហប្រតិបត្តិការ និង​ទទួលខុសត្រូវ​ចំពោះ​របា​យ​ការណ៍​របស់ខ្លួន ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សមិទ្ធផល​រ​បស់​រាជរដ្ឋាភិបាល​។

សេចក្ដីថ្លែងការណ៍​ចុះ​ថ្ងៃទី​១០ ខែ​កញ្ញា បាន​លើកឡើងថា អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល សម្តែង​ការសោកស្តាយ​ចំពោះ​ការមិន​ចូលរួម​កិច្ច ពិភាក្សា​របស់​អង្គការ​សង្គម​ស៊ីវិល​ទាំង​៣ ដែល​នោះ​ជាការ​ច្រានចោល​ភាពជា​ដៃគូ តាមរយៈ​កិច្ច​ជួប​សន្ទនា​ផ្ទៃក្នុង​រវាង​ស្ថាប័ន​ជំនាញ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ដែលមាន​ទិន្នន័យ​ពិតប្រាកដ​ដោយ​ការទទួលខុសត្រូវ​ខ្ពស់​។ សេចក្ដីថ្លែងការណ៍​បន្ត​ថា ទង្វើ​របស់​អង្គការ​ទាំងនេះ ដែល​បដិសេធ​ការចូលរួម​កិច្ច​សន្ទនា​តាម​ការ​អញ្ជើញ ជា​ការ​បង្ហាញ​ឲ្យ​ឃើញ​ថា ពួកគេ​គ្មាន​បំណង​ក្នុង​កិច្ចសហប្រតិបត្តិការ​ភាពជា​ដៃគូ និង​ទទួលខុសត្រូវ​ចំពោះ​របា​យ​ការណ៍ ដែល​ពួកគេ​បានចេញ​ផ្សាយ ហើយ​បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សមិទ្ធផល​សម្រេច​បាន​ដោយ​រាជរដ្ឋាភិបាល ក្នុង​កិច្ចការពារ កសាង និង​អភិវឌ្ឍ​ប្រទេស​កម្ពុជា និង​ប្រជាជន​ខ្លួន។

តាម​សេចក្ដីថ្លែងការណ៍​នោះ អង្គភាព​អ្នកនាំពាក្យ មានការ​ខកចិត្ត​ចំពោះ​របាយការណ៍ និង​សេចក្ដី​ថ្លែងការណ៍​របស់​អង្គការ​ទាំងនេះ ដោយ​មិនបាន​បង្ហាញ​នូវ​ភាព​សុចរិត​របស់ខ្លួន​។ ព័ត៌មាន​ប្រឌិត​នេះ ក៏​អាចជា​មធ្យោបាយ​បំពេញ​បំណង​បរទេស​អមិត្ត​មួយចំនួន ដែលមាន​និន្នាការ​វាយប្រហារ​មកលើ​ភាព​សុខក្សេមក្សាន្ត​របស់​ប្រជាពលរដ្ឋ​កម្ពុជា​។ ជាមួយគ្នា​នោះ អង្គភាព​អ្នកនាំពាក្យ បាន​ទាញអារម្មណ៍​មហាជន​ដ៏​ខ្ពង់ខ្ពស់ និង​រាល់​គណបក្ស​នយោបាយ​ជ្រាបថា ចំពោះ​សេចក្ដីថ្លែងការណ៍ ឬ​ការបញ្ចេញមតិ​ណា​ដោយ​ខ្វះ​ក្រមសីលធម៌​វិជ្ជាជីវៈ មិនបាន​ធ្វើការ​ពិគ្រោះ​យោបល់​ទាក់ទង​ទៅនឹង​ប្រភព​ព័ត៌មាន ក៏ដូចជា​ទិន្នន័យ​ទាំងឡាយណា​ដែល​បានលើកឡើង​នៅក្នុង​របាយការណ៍​អង្គការ​ទាំងនេះ បាន​ប្រាសចាក​ពី​ការពិត ហើយ​ត្រូវបាន​គេ​ចាត់ទុកថា មានបំណង​ទុច្ចរិត និង​តាមរយៈ​ការ​ចេញ​ផ្សាយ​នូវ​របាយការណ៍ និង​ព័ត៌មាន​ក្លែងក្លាយ (Fake News) ដោយ​អត្តនោម័តិ និង​មាន​ចរិត​បង្កប់​នូវ​របៀបវារៈ ក្នុង​គោលបំណង​ធ្វើ​ឲ្យ​សាធារណជន​យល់ច្រឡំ​។ ព័ត៌មាន​របៀបនេះ មិនបាន​ផ្តល់​ផលប្រយោជន៍​ដល់​សាធារណជន​ឡើយ​។​

អង្គភាព​អ្នកនាំពាក្យ បញ្ជាក់​ជំហរ​ខ្លួន​សាជាថ្មី​ថា យើង​នៅតែ​បន្ត​រក្សា​ភាពជា​ដៃគូ រវាង​រដ្ឋាភិបាល និង​អង្គការ​មិនមែន​រដ្ឋាភិបាល ដើម្បី​ចូលរួមចំណែក​ក្នុង​ការកសាង និង​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​។

សូម​បញ្ជាក់​ថា លោក ផៃ ស៊ី​ផាន ក្នុងនាម​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល (​អ​អរ​) បានចេញ​លិខិត​អញ្ជើញ​ប្រធាន​អង្គការ​ចំនួន​៣ ដើម្បី​ចូលរួម​ក្នុង​កិច្ចពិភាក្សា​ចង្អៀត (Closed Door Meeting) នៅ​ថ្ងៃទី​១១ ខែ​កញ្ញា ឆ្នាំ​២០១៩ រួមមាន ៖
ទី​១, លោកស្រី ពុង ឈី​វ​កេក នាយក​អង្គ​ប្រធាន​អង្គការ​លីកាដូ
ទី​២, លោក សឿង សារ៉ន ប្រធាន​សមាគម​ធាងត្នោត
ទី​៣, លោក ព្រាប កុល ប្រធាន​អង្គការ​តម្លាភាព​អន្តរជាតិ​កម្ពុជា ប៉ុន្តែ​អង្គការ​សង្គម​ស៊ីវិល​ទាំងនោះ បាន​សរសេរ​លិខិត​តប​ទៅ ​លោក ផៃ ស៊ី​ផាន វិញ​ថា មិនបាន​ចូល​ប្រជុំ​ទេ ដោយ​សំអាង​ថា មិនមាន​អ្វី​ត្រូវ​បកស្រាយ​។

ដើមចម​ដែល​ឈានទៅដល់ មានការ​កោះហៅ​តំណាង​អង្គការ​ទាំង​៣​ខាងលើ​ចូល​កិច្ចប្រជុំ​ចង្អៀត​នេះ ក្រោយពី​អង្គការ​លីកាដូ និង​សមាគម​ធាងត្នោត បាន​ចេញ​របាយការណ៍​រួមគ្នា​មួយ ដែល​និយាយ​អំពី​ការអនុវត្ត​ផ្តល់ប្រាក់​កម្ចី​គ្មាន​ក្រមសីលធម៌ មានការ​លក់​ដី​ដោយ​បង្ខំ ការបាត់បង់​លំនៅ​ឋាន ពលកម្ម​កុមារ ការ​ចំណាកស្រុក ការ​បញ្ចាំ​ខ្លួន​ដោះ​បំណុល និង​ការ​ចង​ការប្រាក់​ឯកជន​ជាដើម​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114