ព័ត៍មានទាន់​ហេតុការណ៏
Search

រលក​កម្តៅ​សម្លាប់​មនុស្ស​ពីរ​នាក់​នៅ​ប្រទេស​ជប៉ុន​ក្រោយ​ព្យុះ​ទី​ហ្វុ​ង

ក្រុមមន្ត្រី​បាន​និយាយ​នៅ​ថ្ងៃ​ពុធ​ថា រលក​កម្តៅ​បានសម្លាប់​មនុស្ស​២​នាក់​នៅក្នុង​ប្រទេស​ជប៉ុន​ខណៈ​ផ្ទះ​ជិត​កន្លះ​លាន​ខ្នង​ត្រូវ​តស៊ូ​នឹង​ការ​ដាច់​ចរន្តអគ្គិសនី​បន្ទាប់ពី​ព្យុះ​ទី​ហ្វុ​ង​ដ៏​ខ្លាំងក្លា​មួយ​បាន​វាយប្រហារ​ទីក្រុង​តូ​ក្យូ​និង​តំបន់​ជុំវិញ​នោះ​។​

មន្ត្រី​ម្នាក់​មកពី​ខេត្ត Chiba ភាគ​ខាងកើត​នៃ​ទីក្រុង​តូ​ក្យូ​បាន​ប្រាប់ AFP ថា ស្ត្រី​អាយុ​៩៣​ឆ្នាំ​ម្នាក់​និង​បុរស​អាយុ​៦៥​ឆ្នាំ​ម្នាក់​ត្រូវបាន​គេ​ប្រទះឃើញ​សន្លប់​នៅឯ​ផ្ទះ​រៀងៗ​ខ្លួន​របស់​ពួកគេ​កាលពី​ថ្ងៃ​អង្គា​រហើយ​ក្រោយមក​ត្រូវបាន​គ្រូពេទ្យ​អះអាងថា​បាន​ស្លាប់​។​

មនុស្ស​យ៉ាងតិច​៤៨​នាក់​ផ្សេងទៀត​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​ដោយសារតែ​ក្តៅ​ខ្លាំងពេក​រហូតដល់​ប្រកាច់​កាលពី​ថ្ងៃ​អង្គារ​ខណៈ​សីតុណ្ហភាព​ឡើងដល់​៣៥​អង្សារ​សេ​ក្នុង​តំបន់​នានា​ដែល​អគ្គិសនី​នៅតែ​ត្រូវបាន​កាត់ផ្តាច់​បន្ទាប់ពី​ព្យុះ​ទី​ហ្វុ​ង Faxai វាយប្រហារ​កាលពី​ថ្ងៃ​ចន្ទ​។​

ក្រុមហ៊ុន Tokyo Electric Co. (TEPCO) បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា គិត​ត្រឹម​ព្រឹក​ថ្ងៃ​ពុធ មានគ្រួសារ​ប្រមាណ​៤៥៦,០០០​គ្រួសារ​នៅតែ​គ្មាន​អគ្គិសនី​ប្រើប្រាស់​។​

ក្រុមហ៊ុន TEPCO បាន​និយាយថា “​សូម​ជ្រកកោន​នៅ​កន្លែង​ត្រជាក់​និង​ផឹកទឹក​ដើម្បី​ចៀសវាង​ការឡើង​កម្តៅ​”​។​

មន្ត្រី​មូលដ្ឋាន​បាន​និយាយថា គ្រួសារ​ចំនួន​៨៤,០០០​គ្រួសារ​ក៏​គ្មាន​ទឹកស្អាត​ផងដែរ​កាលពី​ថ្ងៃ​អង្គារ​ដោយសារតែ​រោងចក្រ​ចម្រោះ​ទឹកជា​ច្រើន​មិនមាន​អគ្គិសនី​ប៉ុន្តែ​ការផ្គត់ផ្គង់​ទឹក​កំពុង​ស្ទុះ​ងើបឡើង​វិញ​ជា​បណ្តើរៗ​នៅ​ថ្ងៃ​ពុធ​ខណៈដែល​អគ្គិសនី​ត្រូវបាន​ស្តារឡើងវិញ​។​

ព្យុះ Faxai បាន​រំកិល​ខ្លួន​ចូល​ទីក្រុង​តូ​ក្យូ​កាលពី​ព្រឹក​ព្រលឹម​ថ្ងៃ​ចន្ទ​ដោយបាន​នាំមក​ជាមួយ​នូវ​ខ្យល់​បក់​ខ្លាំង​ដែល​ជំរុញ​ឲ្យ​មានការ​ព្រមាន​ដល់​ប្រជាជន​រាប់ម៉ឺន​នាក់​ឲ្យ​ចាក​ចេញពីផ្ទះ​របស់​ពួកគេ​។​

ព្យុះ​នេះ​បានសម្លាប់​មនុស្ស​ពីរ​នាក់​បើទោះបីជា​វា​បណ្តាល​ឲ្យ​មានការ​ខូចខាត​តិចតួច​នៅ​ទីក្រុង​តូ​ក្យូ​ក៏ដោយ​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114