ព័ត៍មានទាន់​ហេតុការណ៏
Search

សង្ស័យ​អភិបាលស្រុក​អង្គរបុរី ​បើកដៃ​ឲ្យ​ជនជាតិ​វៀតណាម​ ធ្វើ​សកម្មភាព​បូម​ខ្សាច់​ ក្នុង​ស្ទឹង​អង្គរបុរី​លក់​យ៉ាង​អនាធិបតេយ្យ

តាកែវ ៖ លោក ឌឹ​ម គឹម​សាន អភិបាល ​នៃ​គណៈ​អភិបាលស្រុក​អង្គរបុរី​ខេត្ត​តាកែវ ​ត្រូវបាន​ប្រជា​ពលរដ្ឋ​ដាក់​ការសង្ស័យថា​ ជាប់​ពាក់ព័ន្ធ​នឹង​ការ​បើកដៃ​ឲ្យ​ទូក​បូម​ខ្សាច់​របស់​ជនជាតិ​វៀតណាម​ធ្វើ​សកម្មភាព​បូម​យក​ខ្សាច់​នៅក្នុង​ស្ទឹង​អង្គរបុរី ​លក់ ​ចាក់​លុប​ដី​ឡូត៍ ​និង​ដឹក​លក់​ទៅ​វៀតណាម​យ៉ាង​អនាធិបតេយ្យ។

សកម្មភាព​បូម​ខ្សាច់​នេះ​ប្រជាពលរដ្ឋ​នៅ​ក្នុង​ស្រុក​អង្គរបុរី​បាន​ឲ្យ​ដឹងថា គឺ​បានធ្វើ​អស់​រយៈពេល​២​ខែ​មកហើយ ហើយ​បាន​បូម​ពី​គ្រប់​ទីកន្លែង​នៅ​ក្នុង​ស្ទឹង​អង្គរបុរី​នោះ យក​មក​ចាក់​លប់​ដី​ឡូត៍​ឲ្យ​ឈ្មួញ អ្នកមាន​លុយ​នៅ​ភូមិ ព្រែក​ពោធិ​ឃុំ ព្រែក​ផ្ទោល ស្រុក​អង្គ​បុរី​ ខេត្ត​តាកែវ​ ព្រមទាំង​នាំ​យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​ទៀតផង ក្រោម​លេស ស្តារ​ស្ទឹង​អង្គរបុរី​នេះ​ឲ្យ​ជ្រៅ។

បញ្ហា​នេះ​បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ដាក់​ការសង្ស័យ​ទៅលើ​អភិបាលស្រុក​រូបនេះ​ថា ​អាច​ជាប់​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​ទើប​ជនជាតិ​វៀតណាម​អាច​ចូល​មក​ប្រទេស​កម្ពុជា​ហើយ​ធ្វើ​សកម្មភាព​បូម​យក​ខ្សាច់​លក់​យ៉ាង​អនាធិបតេយ្យ​ដូច្នេះ​នោះ។

ជាមួយនឹង​ការចោទប្រកាន់​ខាងលើ​ប្រជាពលរដ្ឋ​បាន​រៀបរាប់​ទៀតថា សកម្មភាព​បូម​របស់​ជនជាតិ​វៀតណាម​ គឺ​គេ​ធ្វើ​សកម្មភាព​តែ​ពេលយប់​ទេ ព្រោះ​គេ​លួចលាក់​មិន​ឲ្យ​គេ​ដឹង​ដោយ​ប្រើ​មធ្យោបាយ​មាន​សា​ឡង់​ចំណុះ​ជា​១០០​ម៉ែត្រគូប​ចំនួន​២​គ្រឿង ​ដោយ​គេ​ប្រើ​ទង់ជាតិ​កម្ពុជា​ដាក់​លើ​សា​ឡង់​វៀតណាមឲ្យ​ប្រជាពលរដ្ឋ​យល់​ច្រឡំ​ថា​ជា​របស់​ជនជាតិខ្មែរ។

ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់​ខាងលើ លោក ឌឹ​ម គឹម​សាន អភិបាលស្រុក​អង្គរបុរី​មិនបាន​ពន្យល់​ពី​ករណី​នេះ​ទេ លោក​គ្រាន់តែ​ប្រាប់​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃទី​១១ ខែ​កញ្ញា ឆ្នាំ​២០១៩ នេះ​ថា លោក​មិន​អាច​ធ្វើ​អត្ថាធិប្បាយ​បានទេ ហើយក៏​បិទ​ទូរស័ព្ទ​តែម្តង។ ចំណែក​ លោក ​ផេង​ វុ​ធ ​ប្រធាន​ការិយាល័យ​រ៉ែ​ និង​ថាមពល​ខេត្ត​តាកែវ​ បានបញ្ជាក់​ប្រាប់​កម្ពុ​ជាថ្មី​តាម​ទូរស័ព្ទ​ កាលពី​រសៀល​ថ្ងៃ​ទី​១១​កញ្ញា​ ឲ្យ​ដឹងថា​ខាង​ក្រុមហ៊ុន​បូម​ខ្សាច់​គេ​មាន​លិខិតអនុញ្ញាត​ពី​អភិបាលខេត្ត​តាកែវ​ ដើម្បី​ស្តារ​ស្ទឹង​ស្រុក​អង្គរបុរី​នេះ ចំនួន​៤​ឃុំ ហើយ​ជនជាតិ​វៀតណាម​នៅលើ​សា​ឡង់​នេះ​ គឺជា​ក្រុម​ជំនាញ​បច្ចេកទេស​ជួល​មក​ធ្វើការ​បូម​ខ្សាច់​។ ​រីឯ​ លោក​ភី ឆុន​ អធិការ​ស្រុក​អង្គរបុរី​បាន​បញ្ជាក់​ស្រដៀង​គ្នា​ដែរ ហើយ​ចំណែក​រឿង​ដែល​ពាក់ព័ន្ធ​ជនអន្តោប្រវេសន៍​វៀតណាម​ចេញចូល​យ៉ាង​អាធិបតេយ្យ​មក​បូម​ខ្សាច់​នោះ​លោក​មិន​បានធ្វើ​អត្ថាធិប្បាយ​ឡើយ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114