ព័ត៍មានទាន់​ហេតុការណ៏
Search

យុវជន​ម្នាក់ ​ដុត​សម្លាប់​ខ្លួនឯង​មិនបាន​សម្រេច ឆេះ​រលាក​ពេញ​ខ្លួន

ភ្នំពេញ ៖ យុវជន​ម្នា​ក់ ​បាន​ដុត​ខ្លួនឯង​ដើម្បី​បញ្ចប់​ជីវិត បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច តែ​មិនបាន​សម្រេច​ដូច​បំណង​ទេ ​ដោយសារ​តែ​ប្រជាពលរដ្ឋ​ជួយ​ពន្លត់​ភ្លើង​ទាន់ និង​បញ្ជូន​យកទៅ​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​ជីវិត​បន្ទាប់​រលាក​រលួយ​ពេញ​ខ្លួន។

ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​១​និង២៣​នាទី​រសៀល​ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​ជាប់​នឹង​ស្ពាន​កោះ​ពេជ្រ ស្ថិតក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ។

ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ គាត់​បានឃើញ​យុវជន​ម្នាក់​មានឈ្មោះ ភឿ​ក ទូច ភេទ​ប្រុស កើត​ឆ្នាំ​១៩៩៤ ​រស់នៅ​ភូមិ​កុមារ​មាស ឃុំ​អម​លាំង ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ បាន​ជិះ​ម៉ូតូ១​គ្រឿង​ម៉ាក​ធូ​ដេ​ ពាក់​ស្លាក​លេខ ភ្នំពេញ 1 HB-77-12 ​មក​អង្គុយ​សំកុក ​ក្រោម​ដើម​គគីរ​១​ដើម​យ៉ាង​យូរ ទើប​រូបគាត់​ងើប​ទៅយក​ឯកសារ​ដែល​នៅក្នុង​វ៉ា​ឡូ​របស់គាត់​មក​ដុត​បំផ្លាញចោល​អស់ ទើប​ឈានទៅ​ដុត​ខ្លួនឯង បន្ត​តាម​ក្រោយ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​លើ​ស្ពាន​កោះ​ពេជ្រ បាននាំគ្នា​រត់​ចុះ ទៅ​ជួយ​ពន្លត់ រួច​បាន​ទាក់ទង​ទៅ​រថយន្ត​សារ​ម៉ុ​យ​ដឹក​យក​ទៅ​មន្ទីរពេទ្យ សង្គ្រោះ​ជីវិត​ភ្លាមៗ។

បន្ទាប់ពី​កើតហេតុ​ សមត្ថកិច្ច​មូលដ្ឋាន​ ក៏បាន​ចុះ​មកដល់​ដើម្បី​ទទួលយក​ម៉ូតូ​ និង​សម្ភារៈ​ផ្សេងៗ​របស់​ជនរងគ្រោះ​មក​រក្សាទុក នៅ​អធិការ​ខណ្ឌ​ទួលគោក រង់ចាំ​ក្រុមគ្រួសារ​យក​ឯកសារ​មក​គ្រប់​គ្រាន់ សមត្ថកិច្ច​នឹង​ប្រគល់​ឲ្យ​ទៅវិញ។ ចំពោះ​រឿងរ៉ាវ​យ៉ាងណា​ដែល​ផ្ដើម​ឲ្យ​មាន​ការប៉ុនប៉ង​ធ្វើ​អត្តឃាត​កណ្ដាល​ថ្ងៃ​បែបនេះ សមត្ថកិច្ច​នៅ​មិនទាន​បញ្ជាក់​បានទេ ដោយសារ​ជនរងគ្រោះ​ស្ថិត​ក្នុង​ការសង្គ្រោះ​បន្ទាន់​នៅឡើយ។ មតិ​ខ្លះ​សង្ស័យថា​ យុវជន​ប្រលង​ធ្លាក់​បាក់​ឌុប​ទើប​កើតមាន​សេចក្ដី​តូច​ចិត្ត ទើប​គិត​ខ្លី​បែបនេះ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114