ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុម​បំបែក​ខ្លួន​កាតា​ឡាន ​ត្រៀម​សាកល្បង​កម្លាំង​ជាមួយ​បាតុកម្ម​ក្នុង​ទីក្រុង​បា​សេ​ឡូ​ណា

បន្ទាប់ពី​បែកបាក់​គ្នា​ដោយសារ​ការប៉ុនប៉ង​ធ្វើ​អបគមន៍​ឆ្នាំ​២០១៧​ត្រូវ​បរាជ័យ​, ក្រុម​បំបែក​ខ្លួន​របស់​តំបន់​កាតា​ឡាន​នឹង​រៀបចំ​ការជួប​ជុំគ្នា​ក្នុង​ទីក្រុង​បា​សេ​ឡូ​ណា​នៅ​ថ្ងៃ​ពុធ​ដែល​វា​នឹង​ក្លាយជា​ការសាកល្បង​កម្លាំង​របស់​ពួកគេ​មុនពេល​តុលាការ​អេ​ស្ប៉ា​ញ​ចេញ​សាលក្រម​ប្រឆាំងនឹង​មេដឹកនាំ​ជំរុញ​ឯករាជ្យ​នៅ​ខែតុលា។

ចាប់តាំងពី​ឆ្នាំ​២០១២​មក ក្រុម​បំបែក​ខ្លួន​បាន​ប្រមូលផ្តុំ​គ្នា​ជា​ទ្រង់ទ្រាយ​ធំ​រៀងរាល់​ថ្ងៃទី​១១​ខែកញ្ញា​ដែលជា “​ទិវា​ជាតិ​” របស់​តំបន់​កាតា​ឡាន​ដែល​សម្គាល់​ជាការ​ដួលរលំ​របស់​ទីក្រុង​បា​សេ​ឡូ​ណា​ក្នុងប្រទេស​អេ​ស្ប៉ា​ញ​នៅ​ឆ្នាំ​១៧១៤​។ អ្នករៀបចំ​បាន​និយាយថា មនុស្ស​ចំនួន​មួយ​លាន​នាក់​បាន​ចូលរួម​ក្នុងការ​ប្រមូលផ្តុំ “Diada” កាលពី​អតីតកាល។

បាតុកម្ម​ក្នុងឆ្នាំនេះ​នឹង​ចាប់ផ្តើម​នៅ​ទីលាន Plaza Espana កណ្តាល​ទីក្រុង​បា​សេ​ឡូ​ណា​។​
​ការប្រមូលផ្តុំ​នេះ​បាន​កើតឡើង​ក្នុង​រយៈពេល​ត្រឹមតែ​ប៉ុន្មាន​សប្តាហ៍​ប៉ុណ្ណោះ​មុនពេល​តុលាការ​កំពូល​របស់​ប្រទេស​អេ​ស្ប៉ា​ញ​គ្រោង​នឹង​ចេញ​សាលក្រម​ក្នុងការ​ជំនុំជម្រះ​ក្តី​ដ៏​សំខាន់​លើ​មេដឹកនាំ​បំបែក​ខ្លួន​ចំនួន​១២​នាក់​ដែល​ត្រូវបាន​ចោទប្រកាន់​ជុំវិញ​តួនាទី​របស់​ពួកគេ​នៅក្នុង​ការប៉ុនប៉ង​ផ្តាច់ខ្លួន​របស់​តំបន់​កាតា​ឡាន​ដែល​បានធ្វើ​ឲ្យ​ប្រទេស​នេះ​ធ្លាក់​ចូលទៅក្នុង​វិបត្តិ​នយោបាយ​ដ៏​អាក្រក់​បំផុត​នៅក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្ស​ចុងក្រោយ​។​

អតីត​អនុ​ប្រធានាធិបតី​កាតា​ឡាន​លោក Oriol Junqueras និង​មនុស្ស​៨​នាក់​ផ្សេងទៀត​ត្រូវ​ប្រឈម​នឹង​ការចោទប្រកាន់​ដ៏​ធ្ងន់ធ្ងរ​បំផុត​ពីបទ​បះបោរ​។ ព្រះរាជអាជ្ញា​សាធារណៈ​បានស្នើ​សុំ​ឲ្យ​គាត់​ត្រូវ​ជាប់ពន្ធនាគារ​រយៈពេល​២៥​ឆ្នាំ​។​

មេដឹកនាំ​បំបែក​ខ្លួន​កាតា​ឡាន​បាន​ព្យាយាម​អស់​រយៈពេល​ជាច្រើន​ខែ​មកហើយ​ដើម្បី​រៀបចំ​ការឆ្លើយតប​រួមគ្នា​ចំពោះ​សាលក្រម​នេះ​ប៉ុន្តែ​ពួកគេ​នៅតែ​ខ្វែងគំនិត​គ្នា​យ៉ាងខ្លាំង​អំពី​យុទ្ធសាស្ត្រ​។​

លោកស្រី Elisenda Paluzie ប្រធាន​ក្រុមគាំទ្រ​មូលដ្ឋាន​ឯករាជ្យ ANC ដែលជា​អ្នករៀបចំ​ការតវ៉ា​បាន​ប្រាប់ AFP ថា “​មុន​ថ្ងៃ​ចេញ​សាលក្រម​ទាំងនេះ វា​សំខាន់​ណាស់​ដែល​យើង​ត្រូវបាន​គេ​មើលឃើញថា​មាន​កម្លាំង​ខ្លាំងក្លា​”៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114