ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រសួងការបរទេស​ច្រានចោល​ការ​ទាមទារ​ឲ្យ​ទម្លាក់​ចោល​ការចោទប្រកាន់​លើ​លោក កឹម សុខា ហើយ​ប្រាប់​អាមេរិក​ឲ្យ​ជៀសវាង​ការ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា

ភ្នំពេញ ​៖ អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា បាន​ចេញ​សេចក្តី​ថ្លែងការណ៍ មួយ​ឆ្លើយតប​ទៅនឹង​សេចក្តីថ្លែងការណ៍​របស់​អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក ដែល​បានទាមទារ​ឲ្យ​ទម្លាក់​ចោល​ការចោទប្រកាន់ ក៏ដូចជា​ការ​ដើរ​លែង​ទោស​លោ ក កឹម សុខា ហើយ​ដែល​ត្រូវបាន​ផ្សព្វផ្សាយ​នៅលើ​បណ្ដាញ​សង្គម facebook របស់​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា កាលពី​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៩​។

សេចក្តីថ្លែងការណ៍​រប​ស់​អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា ចុះ​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ ២០១៩ បាន​ឡើង​ថា អ្នកនាំពាក្យ​ក្រសួងការបរទេស​បង្ខំ​ចិត្ត​ត្រូវតែ​ឆ្លើយតប​ទៅនឹង​សេចក្តី​ថ្លែងការណ៍​របស់​អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក ដែល​បានទាមទារ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា​ទម្លាក់ចោល​ការចោទប្រកាន់​ទាំងអស់​ប្រឆាំង​លោក កឹម សុខា​។ អ្នកនាំពាក្យ​បន្តថា ចាប់តាំងពី​ថ្ងៃទី​០៩ ខែកញ្ញា ឆ្នាំ​២០១៨ ដោយ​ផ្អែកលើ​ហេតុផល​មនុស្សធម៌ លោ ក កឹម សុខា ត្រូវបាន​ដោះលែង​ឲ្យ​មក​រស់នៅ​ក្នុងផ្ទះ​របស់​គាត់​ជាមួយ​គ្រួសារ​យ៉ាង​សុខ​ស្រួល ក្រោម​ការត្រួតពិនិត្យ​របស់​តុលាការ​។ ដូច​បណ្តា​ប្រទេស​ដទៃទៀត ដែល​អនុវត្ត​ប្រព័ន្ធ​ច្បាប់​ស៊ីវិល (civil law) នីតិវិធី​តុលាការ​កម្ពុ​ជា​មិន​មាន​ចែង​អំពី​ថេរវេលា​អតិបរិមា សម្រាប់​រឿងក្តី ដែល​ស្ថិត​ក្រោម​ការឃ្លាំមើល​តាម​ផ្លូវ​តុលាការ​នោះទេ​។

អ្នកនាំពាក្យ​រំលឹកថា ការ​បរាជ័យ​ក្នុងការ​ប៉ុនប៉ង​ជំរុញ​ឲ្យ​មាន​ការផ្លាស់ប្តូ​រ​របប តាមរយៈ​មធ្យោបាយ​មិនមែន​ប្រជាធិបតេយ្យ មិនមែនជា​ការអនុវត្ត​សិទ្ធិមនុស្ស​ជា​មូលដ្ឋាន និង​លទ្ធិប្រជាធិបតេយ្យ​នោះទេ​។ រាជរដ្ឋាភិបាល​កម្ពុជា​មាន​សិទ្ធិ​អធិបតេយ្យ​ពេញលេញ ក្នុងការ​ចាត់វិធានកា​រ​តាមផ្លូវ​ច្បាប់​ចាំបាច់​ចំពោះ​បុគ្គល និង​អង្គភាព​ទាំងឡាយណា ដែល​រំលោភ​រដ្ឋធម្មនុញ​កម្ពុ​ជា និង​ច្បាប់​ជា​ធរមាន​ផ្សេងទៀត សំដៅ​ការពារ​សន្តិសុខ​ជាតិ និង​នីតិរដ្ឋ​របស់ខ្លួន​។

ជាមួយគ្នា​នោះ​អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា បាន​ទាមទារ​ឲ្យ​អ្នកនយោបាយ និង​រដ្ឋ​បរទេស​ទាំងអស់​ប្រកាន់​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​គោលការណ៍​ប្រព័ន្ធ​ពហុភាគី​និយម និង​បទដ្ឋាន​មូលដ្ឋាន​នៃ​ទំនាក់ទំនង​អន្តរជាតិ ដូចដែល​មាន​ចែង​នៅ​ក្នុង​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ គោរព​អធិបតេយ្យភាព​កម្ពុជា និង​ជៀសវាង​ពី​ការ​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា ដោយ​យក​លេស​បញ្ហា​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​។

សូម​បញ្ជាក់​ថា អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក អ្នកស្រី ម៉ូ​ហ្គែ​ន អរ​ថា​ហ្គឺ​ស (Morgan Ortagus) ថ្លែង​ក្នុង​វីដេអូ​ខ្លី​មួយ ដែល​ត្រូវបាន​បង្ហោះ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា កាលពី​ថ្ងៃទី​១០ កញ្ញា ដោយ​លើកឡើងថា បទចោទប្រកាន់​ដែល​ត្រូវបាន​ប្រើ​ដើម្បី​ចាប់ខ្លួន​លោក កឹម សុខា គឺជា​បទចោទប្រកាន់​ដែល​គ្មាន​មូលដ្ឋាន ហើយ​មិនបាន​បង្ហាញ​ភស្តុតាង​រឹងមាំ អំពី​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​នោះទេ ដែល​ទង្វើ​នេះ​ជាការ​អនុវត្ត​បំពាន​រដ្ឋធម្មនុញ្ញ បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​ពហុបក្ស​នៅ​ប្រទេស​កម្ពុជា ហើយ​សហរដ្ឋអាមេរិក​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​ទម្លាក់​ចោល​រាល់​ការចោទប្រកាន់​ទាំងឡាយ​ទៅលើ​លោក កឹម សុខា ហើយ​ប្រគល់​ឡើងវិញ​នូវ​សិទ្ធិ​នយោបាយ និង​សិទ្ធិ​ពលរដ្ឋ និង​ដោះលែង​អ្នក​ទាំងឡាយណា ដែល​ត្រូវ​បាន​ឃុំខ្លួន​តាម​អំពើ​ចិត្ត។

ទាក់ទង​បញ្ហា​នេះដែរ អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ លោក ជិន ម៉ា​លីន បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា អត់​មានអី​ចម្លែក​ទេ ចំពោះ​ការ​លើកឡើង​របស់​ស្ថានទូត ពីព្រោះ​វា​មិនមែន​ជា​លើកទីមួយ​ទេ ដែល​ស្ថានទូត​លើកឡើង​បែបនេះ ហើយ​មិន​ព្រម​ទទួលយក​យន្តការ​អនុវត្ត​ច្បាប់​របស់​កម្ពុជា​។ វា​ប្រហែលជា​មានអី​នៅ​ក្រោយ ប៉ុន្តែ​លោក​មិនអាច​ធ្វើការ​សន្និដ្ឋាន​បាន​ទេ​។ ក៏ប៉ុន្តែ​សម្រាប់​កម្ពុជា​នៅតែ​ប្រកាន់​ជំហរ​ថា អ្វី​ដែល​ខាង​សហរដ្ឋអាមេរិក​បានលើកឡើង គឺជា​យន្តការ​នៃ​ការអនុវត្ត​ច្បាប់​របស់​កម្ពុជា​។

សូម​បញ្ជាក់​ថា លោក កឹម សុខា ត្រូវ​បាន​ឃុំខ្លួន​ដាក់​ពន្ធនាគារ កាលពី​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៧ ដោយ​ចោទប្រកាន់​ពី​បទ​ធ្វើ​សន្ទិដ្ឋភាព​ជាមួយ​បរទេស តាម​មាត្រា​៤៤៣ នៃ​ក្រមព្រហ្មទណ្ឌ​។ យោងតាម​ក្រមព្រហ្មទណ្ឌ​បទ​ធ្វើ​ស​ន្ទិ​ដ្ឋ​ភាព​ជាមួយ​បរទេស គឺជា​អំពើ​ត្រូវរ៉ូវ​គ្នា​ដោយ​សម្ងាត់​ជាមួយ​រដ្ឋ​បរទេស ឬ​ភ្នាក់ងារ​បរទេស ដើម្បី​បង្កើត​ឲ្យ​មាន​អំពើ​ប្រទូស្ត​រ៉ា​យ ឬ​ឲ្យ​មាន​អំពើ​ឈ្លានពាន​ប្រឆាំង​នឹង​ព្រះរាជាណាចក្រ​កម្ពុជា​។ បទល្មើស​នេះ ត្រូវ​ជាប់ពន្ធនាគារ​ពី​១៥ ឆ្នាំ​ដល់​៣០​ឆ្នាំ​។ តែ​ត្រូវ​បាន​តុលាការ​សម្រេច​ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ​បណ្តោះ​អាសន្ន នៅវេលា​ទៀបភ្លឺ​ឈានចូល​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៨ ដោយ​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ ដោយសារតែ​បញ្ហា​សុខភាព​របស់លោក បន្ទាប់ពី​ឃុំខ្លួន​នៅ​ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង (​ម​៣) រយៈពេល​ជាង​១​ឆ្នាំ​។

ការ​ដោះលែង​លោក កឹម សុខា ឲ្យ​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន ក្រោម​ការ​ត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​នេះ បាន​ភ្ជាប់​នូវ​លក្ខខណ្ឌ​ចាំបាច់​មួយ​ចំនួន​សម្រាប់​អតីត​មេបក្ស​ប្រឆាំង​នេះ ដែល​រួមមាន​ដូចជា មិន​អនុញ្ញាត​ឲ្យ​ចេញ​ក្រៅពី​ព្រំប្រទល់​នៃ​ដែនដី​ដែល​ខណ្ឌ​ដោយ​ផ្លូវ​លេខ​៣១៣ ផ្លូវ​លេខ​៣១១ និង​ផ្លូវ​លេខ​៦០៨, ត្រូវ​ឆ្លើយតប​នឹង​ការកោះហៅ​ពី​គ្រប់​បុគ្គល​ដែល​ចាត់តាំង​ដោយ​ចៅក្រម​ស៊ើបសួរ​, មិនត្រូវ​ជួប​អតីត​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ និង​បុគ្គល​ឬ​ជនបរទេស​ដែល​ពាក់ព័ន្ធ​នឹង​សំណុំរឿង និង​មិនត្រូវ​ជួបជុំ​ធ្វើ​សកម្មភាព​នយោបាយ​ជាដើម​៕
កោះ​កែវ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114