ព័ត៍មានទាន់​ហេតុការណ៏
Search

គ្រូ​កម្ពុជា និង បា​រ៉ែ​ន និយាយ​អំពី​ការប្រកួត​ទី​២ ក្នុង​ពូ​ល C នៃ​វគ្គ​ជម្រុះ World Cup

ការប្រកួត​ទី​២ ក្នុង​វគ្គ​ជម្រុះ​ពូ​ល C នៃ​ពានរង្វាន់ FIFA World Cup 2022 ដំណាក់កាល​ទី​២ តំបន់​អាស៊ី បាន​បញ្ចប់ទៅ​កាលពី​រាត្រី​ថ្ងៃ​អង្គារ​ ទី​១០ ខែកញ្ញា ឆ្នាំ​២០១៩ ដោយលទ្ធផល​នៃ​ការប្រកួត កម្ពុជា ចាញ់ បា​រ៉ែ​ន ១-០ នៅ​ពហុ​កីឡដ្ឋាន​ជាតិ ដែលមាន​ចំនួន​អ្នកទស្សនា ៥៥,០០០​នាក់។

ថ្លែង​ទៅកាន់​ស​ន្និ​សីទ​សារព័ត៌មាន​ក្រោយ​ចប់​ការប្រកួត គ្រូបង្វឹក​របស់​ក្រុម​ជម្រើសជាតិ​កម្ពុជា លោក Felix Dalmas បាន​និយាយ​ថា “ ទោះបីជា​យើង​ត្រូវ​បាន​គេ​នាំមុខ​យើង​១​គ្រាប់​ក៏ដោយ តែ​យើង ឃើញថា​កីឡាករ​របស់​យើង​នៅតែ​លេង​តាមរបៀប​របស់​យើង ដោយមាន​ការប្រកួតប្រជែង​ខ្លាំង និង​ព្យាយាម​រក្សា​បាល់ ”។

“ យើង​ឃើញ​ចំណុច​ល្អ​របស់​ក្រុម​យើង គឺ​លេង​ស៊ីចង្វាក់​គ្នា​ចេះ​ជួយ​គ្នា​ពេលដែល​បាត់​បាល់ ទោះបីជា​ប៉ះ​ជាមួយ​ក្រុម​ខ្លាំង​ក៏ដោយ តែ​យើង​នៅតែ​លេង​ដោយ​ក្លាហាន និង​មាន​ឆន្ទៈ​មោះមុត ”។

​ចំណែកឯ​គ្រូបង្វឹក​រប​ស់​បា​រ៉ែ​ន​វិញ បាន​និយាយ​ផង​ដែរ​ថា “ ពួកយើង​សប្បាយចិត្ត​ដែល​រកបាន​៣​ពិន្ទុ នៅក្នុង​ប្រកួត​នេះ ហើយ​ពួកយើង​មានឱកាស​ច្រើនតែ​សម្រេច​ទី​បានតែ ១​គ្រាប់ ។ កម្ពុជា គឺជា​ក្រុម​មួយ​ដែល​ល្អ​មែនទែន ជា​ក្រុម​មួយ​ដែល​កំពុង​មាន​ការអភិវឌ្ឍ​ន៍ ដោយ​ពួកគេ​ព្យាយាម​លេង បាល់​រក្សា​បាល់​តែ​ទោះបីជា​យ៉ាងណាក៏ដោយ ពួកយើង​បាន​ព្យាយាម​កែប្រែ​ស្ថានភាព​បាន ”។

គួររំលឹកថា កម្ពុជា ប្រកួត​បាន​២​លើក ស្មើ ហុងកុង ១-១ និង​ចាញ់ បា​រ៉ែ​ន ០-១ មាន ១​ពិន្ទុ ឈរ​លេខ​រៀង​ទី ៤ ក្នុង​ពូ​ល C ខណៈដែល អ៊ីរ៉ង់ ឈ្នះ ហុងកុង ២-០ នាំឱ្យ បា​រ៉ែ​ន មាន ៤​ពិន្ទុ ឈរ​កំពូល​តារាង អ៊ីរ៉ង់ ឈរ​លេខ ២ អ៊ីរ៉ាក់ ឈរ​លេខ ៣ និង ហុងកុង ស្ថិតនៅ​លេខ ៥។

ប្រកួត​បន្ទាប់​ទៀត កម្ពុជា នឹងត្រូវ​ប្រកួត​ក្រៅ​ទឹកដី​ម្តង ជាមួយ អ៊ីរ៉ង់ នៅ​កីឡដ្ឋាន Azadi នៃ​រដ្ឋធានី Tehran នៅ​ថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០១៩ ខាងមុខនេះ៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114