ព័ត៍មានទាន់​ហេតុការណ៏
Search

ថ្ងៃទី​១២ កញ្ញា នេះ លោក ចាន់ សា​វុ​ឌ្ឍ ត្រូវ​ចូល​បំភ្លឺ​នៅ​សាលាដំបូង​ខេត្ត​មណ្ឌល​គី​រី

ភ្នំពេញ​ ៖ លោក ចាន់ សា​វុ​ឌ្ឍ រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​ជា​ប្រធាន​លេខាធិការដ្ឋាន​សម្បទាន​ដី​សេដ្ឋកិច្ច ត្រូវ​បាន​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​មណ្ឌល​គី​រី កោះហៅ​ឲ្យ​ចូល​បំភ្លឺ ពាក់ព័ន្ធ​ទៅ​នឹង​ការ​ផ្ដល់​ដី​ទៅ​ឲ្យ​ក្រុមហ៊ុន​មួយ​ប្រមាណ​ជិត​១​ម៉ឺន​ហិកតា នៅ​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ ២០១៩ វេលា​ម៉ោង​៩​ព្រឹក​។

តាម​លោក ហៀ​ង សុ​ភ័​ក្រ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​មណ្ឌល​គី​រី ការ​កោះហៅ​ឲ្យ​លោក ចាន់ សា​វុ​ឌ្ឍ ចូល​បំភ្លឺ​នេះ ពាក់ព័ន្ធ​ទៅ​នឹង​ការ​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន ផេ​ស៊ី​ហ្វិ​ក​ហ្គេ​ន យ៉​ញ​-​ស្តុក​ខម​ភេ​នី​លី​មី​ធី​ត នៅក្នុង​ខេត្តមណ្ឌលគិរី ជំហាន​ទី​១ ចំនួន​១.០០០​ហិកតា ក្នុង​អនុតំបន់ I , អនុតំបន់ II ចំនួន ២,០០០ ហិកតា​, អនុតំបន់ III ចំនួន​២០០០ ហិកតា​, អនុតំបន់ IV ចំនួន​២,០០០ ហិកតា និង​អនុតំបន់ V ចំនួន​២,៧៤១ ហិកតា សរុប​៩៧៤១​ហិកតា​។

ទាក់ទង​ករណី​នេះ លោក ឡោ រស្មី អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ត្រូវបាន​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​មណ្ឌល​គី​រី កោះហៅ​ឲ្យ​ចូល​បំភ្លឺ​រួច​ម្តង​ហើយ កាលពី​ព្រឹក​ថ្ងៃទី​២១ ខែសីហា ពី​ដំណើររឿង​ផ្តល់​ដី​ទំហំ​៩,៧៤១ ហិកតា​ឲ្យ​ទៅ​ក្រុមហ៊ុន ផេ​ស៊ី​ហ្វិ​ក​ហ្គេ​ន​យ៉​ញ​-​ស្តុក​ខម​ភេ​នី​លី​មី​ធី​ត នៅក្នុង​ខេត្តមណ្ឌលគិរី ប៉ុន្តែ​ក្រោយ​ការបំភ្លឺ​តុលាការ​បាន​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ ដោយ​មិនមាន​ការចាប់ខ្លួន​នោះទេ ហើយ​ការ​បោះ​ហៅ​លោក ចាន់ សា​វុ​ឌ្ឍ ចូល​បំភ្លឺ​នេះ ត្រូវបាន​ប្រភព​មួយ​ចំនួន​អះអាង​ថា ដោយសារ​លោក ឡោ រស្មី ឆ្លើយ​ដាក់ តែ​គេ​រង់​ចាំមើល​ចំណាត់ការ​លើ​រឿងនេះ នឹង​ទៅជា​បែបណា​។

ជា​កាត​កត់សម្គាល់ ចំណាត់ការ​របស់​តុលាការ​ខេត្ត​មណ្ឌលគិរី ត្រូវបាន​គេ​មើលឃើញថា កើតឡើង​ក្រោយ​គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ដឹកនាំ​ដោយ​នាយ​ឧត្ត​ម​សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បង្ក្រាប​បទល្មើស​ព្រៃឈើ​ទ្រង់ទ្រាយ​ធំ​ជា​បន្តបន្ទាប់​។ ចំណែក​លោក ឡោ រស្មី ត្រូវបាន​សង្ស័យ​ថា បាន​អនុញ្ញាត​ផ្តល់​ការអនុញ្ញាត​ឲ្យ​ក្រុមហ៊ុន ផេ​ស៊ី​ហ្វិ​ក​ហ្គេ​ន យ៉​ញ​-​ស្តុក​ខម​ភេ​នី លី​មី​ធី​ត នៅក្នុង​ខេត្តមណ្ឌលគិរី ដែល​ក្រុមហ៊ុន​នេះ មានការ​ពាក់ព័ន្ធ​នឹង​ការកាប់បំផ្លាញ​ព្រៃឈើ និង​ដឹកជញ្ជូន​។

បន្ទាប់ពី​ផ្តើម​យុទ្ធនាការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ទ្រង់ទ្រាយ​ធំ​នេះ ក្រៅពី​លោក ឡោ រស្មី ក៏មាន​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​, ថៅកែ​ក្រុមហ៊ុន​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​ជា​ជនជាតិ​ចិន​, មន្ត្រី​ក្រសួង​បរិ​ស្ថាន និង​អ្នក​ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ​ជាង​២០​នាក់​ទៀត ក៏​ត្រូវ​តំណាង​អយ្យការ​កោះហៅ​ឲ្យ​ចូលខ្លួន​បំភ្លឺ​ផងដែរ ខណៈដែល​ឧកញ៉ា ស៊ឹង សំអុល​, ឧកញ៉ា គង់ គ្រឹ​ង ថៅកែ​ឈើ​ប្រចាំខេត្ត​មណ្ឌលគិរី និង​កូនចៅ​មួយចំនួនទៀត រួមជាមួយ​មន្ត្រី​ជំនាញ​ព្រៃឈើ និង​ជនជាតិ​វៀតណាម​មួយចំនួន ត្រូវបាន​តុលាការខេត្ត​មណ្ឌលគិរី ចាប់ និង​ឃុំខ្លួន​ជា​បណ្តោះអាសន្ន ពាក់ព័ន្ធ​រឿង​បទល្មើស​ព្រៃឈើ​។

ប្រភព​ចេញពី​មន្ត្រីរាជការ​នៅ​ក្រសួងកសិកម្ម​បាន​បង្ហើ​ប​ឲ្យ​ដឹង​ដែរ​ថា កូនប្រុស​របស់​ចាន់ សា​វុ​ឌ្ឍ រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក៏បាន​ឡើង​តំណែង​យ៉ាង​លឿន​ផងដែរ ដោយសារ​បុណ្យស័ក្តិ​របស់​ឪពុក ធ្វើ​ឲ្យ​មន្ត្រី​ចាស់ៗ​ដែល​ធ្វើ​ការ​រាប់​ឆ្នាំ​មកហើយ​នៅ​ទីនោះ មានការ​អាក់អន់ចិត្ត​យ៉ាងខ្លាំង តែ​បាន​ត្រឹម​ខាំមាត់សង្កត់ចិត្ត​តែប៉ុណ្ណោះ​។ តាម​ប្រភព​នោះ​អះអាង​ថា កូនប្រុស​លោក ចាន់ សា​វុ​ឌ្ឍ មានឈ្មោះ ផៃ សុ​វុ​ឌ្ឍ​វឌ្ឍនៈ កើត​ឆ្នាំ​១៩៩៤ បាន​ចូល​ធ្វើ​ការ​នៅ​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ នៅ​ឆ្នាំ​២០១៦ ជា​មន្ត្រី​នៃ​នាយកដ្ឋាន​នីតិកម្ម​កសិកម្ម​។

​តាម​ប្រភព​ដដែល​នោះ​បញ្ជាក់​ថា លោក ផៃ សុ​វុ​ឌ្ឍ​វឌ្ឍនៈ គ្រាន់តែ​ចប់​កម្មសិក្សា​ភ្លាម ត្រូវ​បាន​ឡើង​ទៅ​ជា​អនុប្រធាន​ការិយាល័យ​ផ្គត់ផ្គង់ នៃ​នាយកដ្ឋាន​កិច្ចការរដ្ឋបាល ហើយ​ត្រូវបាន​ឪពុក​រត់​ការ​ឲ្យ​ឡើងជា​អធិការ​នៃ​អធិការដ្ឋាន ក្រសួងកសិកម្ម មាន​ឋានៈ​ស្មើ​ប្រធាន​នាយកដ្ឋាន​។ ដែល​បញ្ហា​នេះ ធ្វើ​ឲ្យ​មន្ត្រី​បម្រើការ​នៅ​ក្នុង​ក្រសួងកសិកម្ម បាន​និយាយថា មន្ត្រី​ក្មេង​មួយរូប​នេះ ធ្វើការ​ប្រមាណ​៣​ឆ្នាំ​សោះ ត្រូវបាន​រុញ​ឡើង​យ៉ាង​ឆាប់រហ័ស ក្រោម​ឥទ្ធិពល​ពុក​របស់ខ្លួន​ជា​រដ្ឋលេខាធិការ​។

បើតាម​សេចក្តីសម្រេច​របស់​ក្រសួង​មុខងារសាធារណៈ​ស្តីពី​ការទទួលស្គាល់​មន្ត្រីរាជកា​រ ជា​បេក្ខជន​មាន​សិទ្ធិ​ចូល​ប្រឡង​ត្រួតពិនិត្យ​សមត្ថភាព ដើម្បី​ចូលរៀន​វគ្គ​បណ្តុះបណ្តាល​បន្ត​ឆ្នាំ​២០១៩ នៅ​សាលា​ភូមិន្ទ​រដ្ឋបាល ក៏មាន​ឈ្មោះ ផៃ សុ​វុ​ឌ្ឍ​វឌ្ឍនៈ ត្រូវ​ទៅ​ចូលរៀន​វគ្គ​បណ្តុះបណ្តាល​នោះ​ផងដែរ។

ចំណែក​ឈ្មោះ ចាន់ សា​រុ​ទ្ធ ជា​បងប្រុស​របស់លោក ចាន់ សា​វុ​ឌ្ឍ ក៏​ទើបតែ​ត្រូវ​ឡើងជា​អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម​ផងដែរ កាលពីដើមឆ្នាំ​២០១៩ នេះ​បើតាម​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃទី​០២ ខែមីនា ឆ្នាំ​២០១៩ ហើយ​ឈ្មោះ ចាន់ សា​រុ​ទ្ធ នេះ រយៈ​៥​ខែ ឡើង​តំណែង​២​ដង គឺ​ពី​អគ្គនាយករង ទៅ​អនុរដ្ឋលេខាធិការ​៕
កោះ​កែវ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114