ព័ត៍មានទាន់​ហេតុការណ៏
Search

រាជរដ្ឋាភិបាល​បញ្ចេញ​អង្ករ​១​ពាន់​តោន​ និង ថវិកា​២​ពាន់​លាន​រៀល ​ត្រៀម​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​នៅតាម​បណ្ដា​ខេត្ត​ ដែល​ប្រឈម​នឹង​គ្រោះទឹកជំនន់

ភ្នំពេញ ​៖ ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បានសម្រេច​បញ្ចេញ​អង្ករ​ចំនួន​១ ០០០ តោន​និង​ថវិកា​ចំនួន ២ ០០០​លាន​រៀល​ជូន​ដល់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ដើម្បី​ត្រៀម​ជួយសង្គ្រោះ​ដល់​ប្រជាពលរដ្ឋ​នៅតាម​បណ្ដា​ខេត្ត​ទាំងឡាយ​ដែល​ប្រឈម​នឹង​គ្រោះទឹកជំនន់ ។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​នា​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១៩។

សេចក្តី​ប្រកាស​ព័ត៌មាន​ស្តីពី​លទ្ធផល​នៃ​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​នៅ​ថ្ងៃទី​១១ ខែកញ្ញា បាន​បញ្ជាក់​ថា ប្រមុខ​រាជរដ្ឋាភិបាល​បានសម្រេច​បញ្ចេញ​អង្ករ​ចំនួន ១ ០០០ តោន​និង​ថវិកា​ចំនួន ២ ០០០ លាន​រៀល​ជូន​ដល់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ដើម្បី​ត្រៀម​ជួយសង្គ្រោះ​ដល់​ប្រជាពលរដ្ឋ​នៅតាម​បណ្ដា​ខេត្ត​ទាំងឡាយ​ដែល​ប្រឈម​នឹង​គ្រោះ​ទឹកជំនន់​។ ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ត្រូវ​សហការ​ជាមួយ​កាកបាទក្រហមកម្ពុជា​ក្នុងការ​នាំ​យក​អង្ករ​និង​សម្ភារៈ​ប្រើប្រាស់​ផ្សេងៗ​ដើម្បី​ចែកជូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​។

ខេត្តស្ទឹងត្រែង ក្រចេះ កំពង់ចាម និង​ត្បូងឃ្មុំ មាន​ពលរដ្ឋ​ជាង ៤​ម៉ឺន ៥​ពាន់​គ្រួសារ និង​ដំណាំ​ជាង ១​ម៉ឺន ៤​ពាន់​ហិកតា បាន​រងគ្រោះ​ដោយសារ​ទឹកជំនន់​ពី​ការកើនឡើង​នៃ​កម្ពស់​ទឹកទន្លេ​។ ពលរដ្ឋ​ទាំងនោះ​គឺមាន​ជាង ៦​ពាន់​គ្រួសារ​ត្រូវបាន​ជម្លៀស​ទៅកាន់​ទីទួល​សុវត្ថិភាព។ ទន្ទឹម​នេះ មាន​សត្វ​គោ ក្របី ជ្រូក និង​ពពែ ជាង​២​ម៉ឺន​ក្បាល ត្រូវបាន​ជម្លៀស​ទៅកាន់​ទីទួល​សុវត្ថិភាព។ ចំណែក ដំណាំ​ជាង ១​ម៉ឺន ៤​ពាន់​ហិកតា​ដែល​រង​ការ​ជន់​លិច មាន​ស្រូវ​ជាង ១​ម៉ឺន ៣​ពាន់​ហិកតា និង​ដំណាំ​ចម្ការ​ផ្សេងៗ ជាង ៨០០​ហិកតា​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក កែវ វី អ្នកនាំពាក្យ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​នៅ​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០១៩​។

​លោក កែវ វី បាន​បញ្ជាក់ថា ពលរដ្ឋ ៥​នាក់​បាន​ស្លាប់​ក្នុងអំឡុងពេល​ទឹកជំនន់​នេះ គឺ​នៅ​ខេត្តក្រចេះ ៣​នាក់ ត្បូងឃ្មុំ ម្នាក់ និង​ព្រះវិហារ​ម្នាក់​។ ចំពោះ​វត្ត​អារាម​និង​មន្ទីរពេទ្យ​មាន​ជាង ១០០ កន្លែង​ត្រូវ​ជន់​លិច​ដោយ​ទឹកជំនន់។ ចំណែកឯ​ការបាក់​ច្រាំងទន្លេ​នៅ​ខេត្តក្រចេះ កំពង់ចាម និង​ត្បូងឃ្មុំ មាន​ប្រវែង​ជាង ១​ម៉ឺន​ម៉ែត្រ​។

អំឡុង​ពេល​នៃ​ការរង​គ្រោះ​ដោយ​ទឹកជំនន់​នេះ​ក៏បាន​បង្ក​ឲ្យ​ផ្លូវ ៤៦​ខ្សែ​បាន​រង​ការ​ខូច​ខាត។ ​នេះ​បើ​តាម​ការ​អះអាង​របស់​លោក ស៊ុន ចាន់ថុល រដ្ឋ​ម​ន្រី្ត​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​ពេល​ចុះ​ត្រួតពិនិត្យ​ផ្លូវជាតិ​លេខ​៣ កាល​ថ្ងៃទី​៨ ខែកញ្ញា ឆ្នាំ​២០១៩៕
ណា រី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114