ព័ត៍មានទាន់​ហេតុការណ៏
Search

រាជរដ្ឋាភិបាល​ ចេញ​សេចក្តីសម្រេច​ថ្មី​ស្តីពី​ការកំណត់​របៀបរបប​ការងារ​ និង ​ការបែងចែក​ភារកិច្ច​របស់​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល

ភ្នំពេញ​ ៖​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានចេញ​សេចក្តីសម្រេច​ស្តីពី​ការកំណត់​របៀប របប​ការងារ​និង​ការបែងចែក​ភារកិច្ច​របស់​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​ដោយ​យោង​តាម​តម្រូវការ​ចាំបាច់​របស់​រាជរដ្ឋាភិបាល។

រាជរដ្ឋាភិបាល​បាន​សេចក្តីសម្រេច​មួយ​ចុះ​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៩ ស្តីពី​ការកំណត់​របៀបរបប​ការងារ​និង​ការបែងចែក​ភារកិច្ច​របស់​ថ្នាក់ ដឹកនាំ​រាជរដ្ឋាភិបាល​ដោយ​យោង​តាម​តម្រូវការ​ចាំបាច់​របស់​រាជរដ្ឋាភិបាល នៅត្រង់​ប្រការ ១. កំណត់​របៀបរបប​ការងារ​និង​បែងចែក​ភារកិច្ច ជូន​នាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី និង​ទេសរដ្ឋមន្ត្រី ទទួលបន្ទុក​បេសកកម្ម​ពិសេស​សំដៅ​ធានា​ការអនុវត្ត​ច្បាប់​និង​ដឹកនាំ​កិច្ចការ​ទូទៅ​របស់​រដ្ឋ។

​ប្រការ​២.​បាន​កំណត់​តួនាទី​រប​ស់​នាយករដ្ឋមន្ត្រី​ដែល​ត្រូវ​ទទួលបន្ទុក​ដឹកនាំ​ការងារ​រួម​របស់​គណៈរដ្ឋមន្ត្រី និង ចាត់ចែង​បញ្ហា​រាល់​សកម្មភាព របស់​រាជរដ្ឋាភិបាល​លើ​គ្រប់​វិស័យ​។

​ប្រការ​៣.​បានកំណត់​តួនាទី​រប​ស់​ឧបនាយករដ្ឋមន្ត្រី​
១-​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី​ទទួលបន្ទុក​ជា​នាយករដ្ឋមន្ត្រី​ស្តីទី ពេល​នាយករដ្ឋមន្ត្រី​អវត្តមាន​ជួយ​នាយករដ្ឋមន្ត្រី​លើ​ការងារ​សន្តិសុខ​ជាតិ​ការងារ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ការជួញដូរ​មនុស្ស ការដឹកនាំ​ប្រតិបត្តិការ​ទប់ស្កាត់​និង​ប្រឆាំង​ភេរវកម្ម ការងារ​គណៈកម្មាធិកា​រ​ជាតិ​សម្រាប់​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ (​គ​.​ជ​.​អ​.​ប​) និង​ការ​បំផ្លាញចោល​អាវុធ​ព្រមទាំង​ការងារ​ភូមិ​ឃុំ មាន​សុវត្ថិភាព ការងារ​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន និង​ការងារ​ផ្សេងៗ​ទៀត តាម​ការប្រគល់​របស់​នាយករដ្ឋមន្ត្រី​។

២. សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី​ទទួលបន្ទុក​ការងារ​ការពារជាតិ ទទួល​សិទ្ធិ​ពី​នាយករដ្ឋមន្ត្រី ក្នុងការ​បញ្ជា កង​រាជ​អាវុធ ហត្ថ​លើ​ផ្ទៃ​ប្រទេស​ដឹកនាំ​កិច្ច​ការបញ្ជូន​កងកម្លាំង​ចូលរួម​បេសកកម្ម​រក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ និង​ទទួល​សិទ្ធិ​ពី នាយករដ្ឋមន្ត្រី ក្នុងការ​បញ្ហា​អង្គភាព​ពិសេស​ប្រឆាំង​ភេរវកម្ម ក្នុងពេល​នាយករដ្ឋមន្ត្រី អវត្តមាន​។

៣-​លោក​ហោ ណាំហុង​ឧបនាយករដ្ឋមន្ត្រី​ទទួលបន្ទុក​ផ្ដល់យោបល់​ជូន​នាយករដ្ឋមន្ត្រី​អំពី​ក្របខ័ណ្ឌ​គោលនយោបាយ​ក្រៅប្រទេស​ទទួល​សិទ្ធិ​ពី​នាយករដ្ឋមន្ត្រី​ក្នុងការ​ពិនិត្យ​និង​សម្រេច​លើ​សំណើសុំ​កូន​ការសុំ​លា​សញ្ជាតិ​និង​ការងារ​ផ្សេងៗ​ទៀត​តាម​ការប្រគល់​របស់​នា​យក​រដ្ឋមន្ត្រី​។

៤- លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុក​ជួយ​នាយករដ្ឋមន្ត្រី​លើ​ការងារ​អធិការកិច្ច និង​សវនកម្ម ព្រមទាំង​ជួយ នាយករដ្ឋមន្ត្រី លើ​ការងារ​សង្គម​។

៥- លោក​កិត្តិ​នីតិកោសល​បណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី​ទទួលបន្ទុក​ប្រចាំការ​សម្របសម្រួល​កិច្ចការ​សម្រាប់​គណៈរដ្ឋមន្ត្រី​នាយក​រដ្ឋ មន្ត្រី​និង​បណ្តា​ឧបនាយករដ្ឋមន្ត្រី​ជួយ​នាយករដ្ឋមន្ត្រី ក្នុង​ការងារ​តាមដាន​សម្របសម្រួល​ដំណើរការ​តុលាការ​កាត់ទោស​អតីត​មេ​ដឹក​នាំ​ខ្មែរ​ក្រហម​ដឹកនាំ​ផ្ទាល់​ក្រុមប្រឹក្សា​អ្នកច្បាប់​ព្រមទាំង​ជួយ​នាយករដ្ឋមន្ត្រី ក្នុង​ការ​រៀបចំ​ចម្លើយ​តប​នឹង​សំណួរ របស់​សមាជិក​រដ្ឋសភា ស្របតាម​នីតិវិធី​ដូច​មាន​ចែង​ក្នុង​មាត្រា ៩៦ នៃ​រដ្ឋធម្មនុញ្ញ ដោះស្រាយ​ការងារ​ប្រចាំថ្ងៃ ជំនួស​នាយករដ្ឋមន្ត្រី​ទទួល​សិទ្ធិ​ពី​នាយករដ្ឋមន្ត្រី ក្នុងការ​ពិនិត្យ និង​សម្រេច​លើ​ការងារ​របស់ ច្រកចេញចូល​តែមួយ នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា លើកលែងតែ​ការងារ​ដែលមាន​វេទយិតភាព​ខ្ពស់​ដែល​តម្រូវ ឱ្យ​សុំ​ការណែនាំ ឬ​ការសម្រេច​ពី នាយករដ្ឋមន្ត្រី ជួយ​នាយករដ្ឋមន្ត្រី លើ​ការងារ​បង្ការ ទប់ស្កាត់ និង​ប្រឆាំង​អំពើពុករលួយ​។

៦- លោក យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី​ទទួលបន្ទុក​ប្រធាន​ក្រុមប្រឹក្សា​ស្តារ​អភិវឌ្ឍន៍ វិស័យ​កសិកម្ម​និង​ជនបទ​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ ជំរុញ​ចលនា​ភូមិ​មួយ​ផលិតផល​មួយ​ដឹកនាំ​សម្របសម្រួល​វិស័យ​សន្តិសុខ​ស្បៀង​និង​អាហារូបត្ថម្ភ​និង​ការងារ​ផ្សេងៗ​ទៀត​តាម​ការប្រគល់​របស់ នាយករដ្ឋមន្ត្រី​។

៧-​លោក កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី​ទទួលបន្ទុក​ដឹកនាំ​ផ្ទាល់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​និង​ការងារ​ពិសេស​ផ្សេងៗ​ទៀត​តាម ការប្រគល់​របស់​នាយ​ក​រដ្ឋមន្ត្រី​។

៨-​លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី​ទទួលបន្ទុក​ការងារ​ការបរទេស​កា​រ​សម្របសម្រួល​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា ចូលរួម​បេសកកម្ម​រក្សា​សន្តិភាព របស់​អង្គការសហប្រជាជាតិ និង​ការងារ​ពិសេស​ផ្សេងៗ​ទៀត តាម​ការប្រគល់​របស់ នាយករដ្ឋមន្ត្រី​។

៩-​លោក​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី​ទទួលបន្ទុក​ការងារ​លើ​វិស័យសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ជា​ប្រធាន​គណៈកម្មាធិការ គោលនយោបាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជា​ប្រធាន​ក្រុម​ប្រឹក្សា​ជាតិ គាំពារ​សង្គម ជា​ប្រធាន​ឧ​ត្ត​ម​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​ជាតិ​និង​ការងារ​ផ្សេងៗ​ទៀត​តាម​ការប្រគល់​របស់​នា​យក​រដ្ឋមន្ត្រី​។

១០-​លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី​ទទួលបន្ទុក​ដឹកនាំ​ផ្ទាល់​អាជ្ញាធរ​ជាតិដោះស្រាយ​ទំនាស់​ដីធ្លី​និង​ការងារ​ផ្សេងៗ​ទៀត​តាម​ការប្រគល់​របស់ នាយករដ្ឋមន្ត្រី​។

ប្រការ ៧.​បានកំណត់​តួនាទី​រប​ស់ទេស​រដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស​៖
១-​លោក ប៉ុល សារឿន ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​ការងារ​បញ្ជូន​កងកម្លាំង​កម្ពុជា​ចូលរួម​បេសកកម្ម​រក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ដោយ​រួម​ការងារ​ជាមួយ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ និង​លោក ប្រាក់ សុខុន ការងារ​ស្វែងរក​អដ្ឋិធាតុ យុទ្ធជន​អាមេរិក​និង​វៀតណាម​និ​ងការងារ​ផ្សេងៗ​ទៀត​តាម​ការប្រគល់​របស់​នា​យក​រដ្ឋមន្ត្រី​។

២-​លោក គន់ គីម ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ចការ អតីតយុទ្ធជន​និង​ជនពិការ​ទទួលបន្ទុក​ជា​អនុប្រធាន​ទី​១​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង គ្រោះមហន្តរាយ​និង​ការងារ​ផ្សេងៗ​ទៀត​តាម​ការប្រគល់​របស់​នា​យក​រដ្ឋមន្ត្រី​។

៣-​លោក មាស សុភា ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ចការ​មីន​និង​គ្រាប់​មិនទាន់​ផ្ទះ ការងារ​វិស្វកម្ម កងយោធពល​ខេមរភូមិន្ទ​និង​ការងារ​ផ្សេង ៗ​ទៀត តាម​ការប្រគល់​របស់​នាយករដ្ឋមន្ត្រី​។

៤-​លោក ឱម ប៉ិន​ទៀង ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​ដឹកនាំ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​របស់​រាជរដ្ឋាភិបាល​និង​អង្គភាព​ប្រឆាំង​អំពើ​ពុក រលួយ​។

៥-​លោក អៀង ម៉ូ​លី ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​ដឹកនាំ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺអេដស៍​។​
៦-​លោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ចការ​ព្រំដែន​។

៧-​លោក យឹម ណុល​ឡា ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​ក្រុមប្រឹក្សា​សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌​។​
៨-​លោក ជិន ប៊ុនស៊ាន ទេសរដ្ឋមន្ត្រី ទទួលបន្ទុក​ជា អនុប្រធាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​។​
៩-​លោក ហូ សិទ្ធី ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​ជា​នាយក​ខុទ្ទកាល័យ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​នាយករដ្ឋមន្ត្រី​និង​ការងារ​ផ្សេងៗ​ទៀត តាម ការប្រគល់​របស់​នាយ​ក​រដ្ឋមន្ត្រី​។​

១០-​លោក ឃុន ហាំង ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​ជា​អនុប្រធាន​ប្រចាំការ​អាជ្ញាធរ​ជាតិដោះស្រាយ​ទំនាស់​ដីធ្លី​។​
១១-​លោក លី ធុជ ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ អេ​ស្តាប់​និង​ជា​អនុប្រធាន​ទី​១​នៃ​អាជ្ញាធរ​កម្ពុជា​គ្រប់គ្រង​សកម្ម ភាព​កំចាត់មីន និង​សង្គ្រោះ​ជនពិការ ដោយសារ​មីន។​

១២-​លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​ជួយ​នាយករដ្ឋមន្ត្រី​លើ​ការងារ​ចលនា​មូស្លីម​និង​ការងារ​ផ្សេងៗ​ទៀត​តាម​ការប្រគល់​រប ស់​នាយករដ្ឋមន្ត្រី ។

​ប្រការ​៨.​ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស​ទទួល​អនុវត្ត​បន្ថែម​នូវ​ការងារ​ជ្សេ​ង​ទៀត​ដែល​នាយករដ្ឋមន្ត្រី​ប្រគល់ជូន​។​

សេចក្តីសម្រេច​ក៏បាន​កំណាត់​ចំនួន​ទីប្រឹក្សា​និង​ជំនួយការ​របស់​ឧបនាយករដ្ឋមន្ត្រី​និង​ទេសរដ្ឋមន្ត្រី​ផងដែរ​ដោយ​ឧបនាយករដ្ឋមន្ត្រី​១​រូប ៗ​មាន ទីប្រឹក្សា​៤​រូប ២ រូប​មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ និង ២​រូប​មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ និង​មាន​ជំនួយការ ៥ រូប​ក្នុងនោះ​១​រូប ឋានៈ​ស្មើ អគ្គនាយក ២​រូប​ឋានៈ​ស្មើ​អគ្គនាយករង និង ២​រូប​ទៀត​ឋានៈ​ស្មើ​ប្រធាន​នាយកដ្ឋាន ។​ចំណែក​ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម ពិសេស ១​រូបៗ​មាន​ជំនួយការ ៥ រូប ក្នុងនោះ​២​រូប​មាន​ឋានៈ​ស្មើ​អគ្គនាយក ១​រូប​មាន​ឋានៈ​ស្មើ​អគ្គនាយករង និង ២ រូប​មាន​ឋានៈ​ស្មើ​ប្រធាន នាយកដ្ឋាន។

​ការចេញ​សេចក្តីសម្រេច​ជាថ្មី​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​រាជរដ្ឋាភិបាល​បានសម្រេច​ដកហូត​តំណែង​លោក​ញឹម វណ្ណដា​ចេញពី​តំ​ណែង​ទេសរដ្ឋមន្ដ្រី​និង​ជា​អនុប្រធាន​ទី​១​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្ដរាយ​ហើយ​សម្រេច​តែងតាំង​លោក គន់ គីម អនុប្រធាន​ទី ១ នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្ដរាយ​ជំនួស​វិញ​។

កាលពី​ថ្ងៃទី​០៨ ខែកញ្ញា ឆ្នាំ​២០១៨ បន្ទាប់ពី​ឈ្នះ​ឆ្នោត​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​សេចក្តី​សម្រេច​កំណត់ របៀបរបប​ការងារ​របស់​ថ្នាក់ដឹកនាំ​នៃ​រាជរដ្ឋាភិបាល​ម្តង​រួច​ទៅ​ហើយ​ លើក​នេះ​គឺជា​ការចេញ​សេចក្តី​សម្រេច​លើក​ទី​២​ដើម្បី​ធ្វើការ​កែសម្រួល​របៀប​របប​ការងារ​ និង ​ការបែងចែក​ភារកិច្ច​ជូន​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​៕
ណា រី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114