ព័ត៍មានទាន់​ហេតុការណ៏
Search

គ្រូ​ព្រះខ័ន​រាជ​ស្វាយរៀង សរសើរ​ការ​បង្ហាញ​ទម្រង់​លេង​របស់​ក្រុម​ជម្រើសជាតិ​កម្ពុជា ២​ប្រកួត​ក្នុង​វគ្គ​ជម្រុះ​បាល់ទាត់​ពិភពលោក

ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា បានបញ្ចប់​ការប្រកួត ២​ប្រកួត​ដំបូង​របស់ខ្លួន​ក្នុង​ពូ​ល C ពានរង្វាន់​បាល់ទាត់​ពិភពលោក ឆ្នាំ​២០២២ សម្រាប់​ប្រទេស​ក្នុង​ទ្វីបអាស៊ី ( 2022 FIFA World Cup qualification-AFC ) ក៏ដូចជា ពានរង្វាន់​ជើងឯក​ទ្វីបអាស៊ី ( 2023 AFC Asian Cup qualification ) ជាមួយនឹង​លទ្ធផល ស្មើ​១ និង​ចាញ់ ១ ប៉ុន្តែ​បានទទួល​ការពេញចិត្ត​ពី​អ្នកទស្សនា ជាពិសេស​នូវ​ទម្រង់​លេង​ប្រកបដោយ​ទំនុកចិត្ត​ ខណៈ​ជាមួយគ្នា​ផងដែរ គ្រូបង្វឹក​នៃ​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង លោក Conor Nestor ក៏បាន​មើល​ឃើញ​ដូចគ្នា ដ្បិត​លោក​បាន​លើក​សរសើរ​ពី​ទម្រង់​លេង​ដូចគ្នា​។

ឆ្លើយឆ្លង​ជាមួយ​សារព័ត៌មាន លោក Conor Nestor បាន​និយាយ​យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​គិត​ថា​ ការបង្ហាញ​នូវ​ទម្រង់​លេង​របស់​កម្ពុជា ពិតជា​ល្អ​ណាស់ ហើយ​ប្រសិនបើ​កីឡាករ​បន្ត​រីកចម្រើន​ជាមួយ​បុគ្គលិក​នោះ​អនាគត​នឹង​ភ្លឺស្វាង​បំផុត​សម្រាប់​បាល់ទាត់​កម្ពុជា​។ លទ្ធផល​នឹង​កើតឡើង​នៅពេលដែល​មនុស្ស​គ្រប់គ្នា​ជឿជាក់​លើ​ដំណើរការ​នេះ ហើយ​ក្នុងនាម​ជា​អ្នកគាំទ្រ ខ្ញុំ​មាន​ជំនឿ​ពេញលេញ​ថា​វា​នឹង​ជោគជ័យ​។​»

និយាយ​ពី​ការលេង​ដែល​រៀបចំ​ពីក្រោម ( Build Up ) លោក Conor Nestor បាន​បន្ថែមថា «​ខ្ញុំ​បាន​និយាយ​ជាមួយ លោក Felix ជា​ច្រើនដង​ចាប់​តាំងពី​គាត់​មកដល់​ទីនេះ​លើកដំបូង​។ ចក្ខុវិស័យ​ដែល​គាត់ និង Honda សម្រាប់​ក្រុម​ជម្រើស​ជាតិ គឺ​ខ្ញុំ​ជឿជាក់​ថា ​ជា​វិធីសាស្ត្រ​កែតម្រូវ​។ កីឡាករ​កម្ពុជា​មាន​បច្ចេកទេស​ខ្ពស់​ជាមួយ​បាល់ ដូច្នេះ​វា​ជា​យុទ្ធសាស្ត្រ​ល្អ ដែល​អាច​ឲ្យ​កីឡាករ​បាន​អត្ថប្រយោជន៍​ពី​រឿង​នេះ​។ ពេលខ្លះ​ប្រទេស​ផ្សេងទៀត​មានគុណ​សម្បត្តិ​ខាង​រាងកាយ ប៉ុន្តែ​ប្រសិនបើ​អ្នករក្សា​បាល់ និង​គ្រប់គ្រង​ការ​ប្រកួត អ្នក​នឹង​កំណត់​សមត្ថភាព​របស់​គូប្រជែង​ក្នុងការ​ប្រើ​វា​ទល់នឹង​អ្នក​។ ប្រសិនបើ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ចង់​កសាង​សម្រាប់​ពេល​អនាគត​វា​ចាំបាច់​ណាស់​ដែល​ពួកគេ​ត្រូវ​ជួយ​កែលម្អ​រចនាសម្ព័ន្ធ​ ដូច្នេះ​យើង​មាន​ទីលាន​ល្អៗ​ជាច្រើន​ក្នុងការ​ប្រកួត​បាល់ទាត់​ប្រភេទ​នេះ​។ ប្រសិនបើ​កីឡាករ​លេង​ដូចនេះ​រាល់​សប្តាហ៍​ជាមួយ​ក្លិប​របស់​ពួកគេ នោះ​ភាពជោគជ័យ​នឹង​កាន់តែ​លឿន​ហើយ​វា​ក៏​នឹងមាន​រយៈពេល​យូរ​ផងដែរ​។​»

គួរ​រំលឹក​ផងដែរ ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា បាន​ប្រកួត​បើកឆាក ២​ប្រកួត​ដំបូង​ក្នុង​ពាន​ដដែល​នេះ ដោយ​ស្មើ​ជាមួយ ហុងកុង ១-១ និង​ប្រកួត​ទី​២ ចាញ់​បា​រ៉ែ​ន ០-១៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114