ព័ត៍មានទាន់​ហេតុការណ៏
Search

ពហុ​កីឡដ្ឋាន​ជាតិ​កម្ពុជា ប្រមូល​អ្នកគាំទ្រ​ជាង ១០​ម៉ឺន​នាក់ ២​ប្រកួត​បើកឆាក​ដំបូង​វគ្គ​ជម្រុះ World Cup

ការប្រកួត​វគ្គ​ជម្រុះ​ជុំ​ទី​២ ពានរង្វាន់​បាល់ទាត់​ពិភពលោក ឆ្នាំ​២០២២ សម្រាប់​ប្រទេស​ក្នុង​ទ្វីបអាស៊ី (2022 FIFA World Cup qualification-AFC) និង​ពានរង្វាន់​ជើងឯក​ទ្វីបអាស៊ី (2023 AFC Asian Cup qualification) ក្នុង ២​ប្រកួត​ជំនួប​បើកឆាក​ពូ​ល C រវាង​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា ជាមួយ​ក្រុម​ជម្រើស​ហុងកុង និង​ជម្រើសជាតិ​បា​រ៉ែ​ន ត្រូវបាន​ចាត់ទុកថា​មាន​ចំនួន​អ្នកចូលរួម​ទស្សនា​ច្រើនជាងគេ នេះ​បើ​យោងតាម​ទិន្នន័យ​របស់ FIFA​។

យោងតាម​ទិន្នន័យ​ដែល​ស្រង់​ដោយ​សហព័ន្ធ​កីឡាបាល់ទាត់​ពិភពលោក (FIFA) បាន​បង្ហាញថា ចំនួន​អ្នកចូលរួម​ទស្សនាការ​ប្រកួត​រវាង កម្ពុជា ជាមួយ ហុងកុង នៅក្នុង​ការប្រកួត​ពាន​រង្វាន់​ដូចគ្នា កាលពី​ថ្ងៃទី​០៥ ខែកញ្ញា ឆ្នាំ​២០១៩ មាន​ចំនួន​ច្រើន​លំដាប់​ទី​២ ពោលគឺ​ទាក់ទាញ​អ្នកទស្សនា​បាន​រហូតដល់ ៤៥,៥០០​នាក់ នៅ​ពហុ​កីឡដ្ឋាន​ជាតិ ខណៈ​ចំនួន​នេះ​ផង​ដែរ ត្រូវ​បាន​រាប់​តែ​ចំនួន​សំបុត្រ​ដែល​ដាក់លក់​ប៉ុណ្ណោះ ស្រប​ពេល​ដែល​ចំនួន​ជាក់ស្ដែង​តាម​ការប្រមាណ​គឺ​ប្រហាក់ប្រហែល ៦​ម៉ឺននាក់​។

យ៉ាងណាមិញ ចូល​ដល់​ការប្រកួត​ទី​២ កាលពី​យប់​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៩ ទិន្នន័យ​ដែល​ស្រង់​ដោយ​សហព័ន្ធ​កីឡាបាល់ទាត់​ពិភពលោក (FIFA) បាន​បង្ហាញ​ថា ចំនួន​អ្នកចូលរួម​ទស្សនាការ​ប្រកួត​រវាង កម្ពុជា ជាមួយ បា​រ៉ែ​ន មាន​ចំនួន​ច្រើន​លំដាប់​ទី​១ វិញ​ម្ដង ពោលគឺ​ទាក់ទាញ​អ្នកទស្សនា​បាន​រហូតដល់ ៤៥,០០០​នាក់ នៅ​ពហុ​កីឡដ្ឋាន​ជាតិ ខណៈ​ចំនួន​នេះ​ផងដែរ ត្រូវបាន​រាប់​តែ​ចំនួន​សំបុត្រ​ដែល​ដាក់លក់​ប៉ុណ្ណោះ​ដូចគ្នា ស្រប​ពេលដែល​ចំនួន​ជាក់ស្ដែង​តាម​ការ​ស្រង់​ដោយ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា គឺ ៥៥,០០០​នាក់​។

​ដូច្នេះ​សរុប ២​ប្រកួត​បើកឆាក​ដំបូង ពហុ​កីឡដ្ឋាន​ជាតិ​កម្ពុជា បាន​ស្រូប​ទាញ​អ្នកគាំទ្រ​ច្រើនជាង​ចូលរួម​ទស្សនាការ​ប្រកួត​ជម្រុះ​បាល់ទាត់​ពិភពលោក ប្រចាំ​ទ្វីបអាស៊ី ច្រើនជាងគេ ពោលគឺ​ទិន្នន័យ (FIFA) ៩០,៥០០​នាក់ ខណៈ​ទិន្នន័យ​ជាក់ស្ដែង​ទិន្នន័យ​ប៉ាន់ប្រមាណ គឺ​ប្រហែល ១១៥,០០០​នាក់​។

គួរ​រំលឹក​ផងដែរ​ថា កាលពី​ឆ្នាំ​២០១៥ កម្ពុជា បាន​ឆ្លងកាត់​ការប្រកួត​ជម្រុះ​ជុំ​ទី​២ ( 2018 FIFA World Cup qualification-AFC ) និង​ពានរង្វាន់​ជើងឯក​ទ្វីបអាស៊ី ( 2019 AFC Asian Cup qualification ) ដោយ​ស្ថិតនៅ​ពូ​ល E ជាមួយ ជប៉ុន​, ស៊ី​រី​, អា​ហ្វ​ហ្គា​នី​ស្ថាន និង​សិង្ហ​បុរី​។

នៅ​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០១៥ កម្ពុជា បាន​បើក​ទំព័រ​ប្រកួត​ក្នុង​វគ្គ​ជម្រុះ​បាល់ទាត់​ពិភពលោក ជុំ​ទី​២ ជា​លើកដំបូង ចាប់តាំងពី​មានឱកាស​ចូល​ប្រកួត​វគ្គ​ជម្រុះ​ជា​លើកដំបូង​នៅ​ឆ្នាំ​១៩៩៨ ដោយ​បើកទ្វា​ពហុ​កីឡដ្ឋាន​ជាតិ ទទួល​ស្វាគមន៍ ក្រុម​ជម្រើសជាតិ​សិង្ហ​បុរី​។ គ្រានោះ​ហើយ ដែល​កំណត់ត្រា​បាន​កត់​អ្នកគាំទ្រ​កម្ពុជា បាន​ចូលរួម​ទស្សនា​វគ្គ​ជម្រុះ​នេះ​ច្រើន​ជាង​គេ​បង្អស់ ពោលគឺ​រហូតដល់ ៦៣,០០០ នាក់ លើស​ចំនួន​ផ្ទុក​កីឡដ្ឋាន​ដែល​ចំណុះ​បាន ៥០,០០០​នាក់ និង​បើ​ធៀប​ទៅនឹង​ចំនួន​អ្នកគាំទ្រ​ច្រើន​ជាង​គេ​លំដាប់​ទី​២ គឺ ៥៧,៥៣៣​នាក់ ជំនួប​រវាង ជប៉ុន ជាមួយ សិង្ហ​បុរី ដែលជា​ក្រុម​រួម​ពូ​ល​របស់​កម្ពុជា លើ​ទឹកដី​ជប៉ុន​៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114