ព័ត៍មានទាន់​ហេតុការណ៏
Search

ចោរ​ស្រី​វ័យ​កណ្ដាល​លួច​យក​កាបូបដៃ​គេ​មាន​កាត ATM កាន់​ទៅ​បើក​លុយ ជាប់​ខ្នោះ​ប៉ូលិស

ភ្នំពេញ ៖ ស្ដ្រី​ជា​ជនសង្ស័យ​ករណី​លួច​កាបូបដៃ​គេ​បាន​ហើយ​នៅ​ក្នុង​នោះ​មាន​លុយ​និង​រឿងអលង្កា ខ្សែ ក ខ្សែដៃ ចិញ្ចៀន ឯកសារ កាត​ការងារ​រួម​ទាំង​កាត​ATM​ផងដែរ ក្រោយពី​លួច​បាន​រយៈពេល​១​សប្ដាហ៍​កន្លងមក ជនសង្ស័យ​បាន​កាន់​កាត​ATM ទៅ​បើក​លុយ​នៅ​ធនាគារ​អេស៊ី​លីដា នៅ​ពេល​ទៅដល់​ធនាគារ ដោយសារ​ជនរងគ្រោះ​ប្ដឹង​ទុក​រួចស្រេច​ទៅហើយនោះ​ទើប​ខាង​បុគ្គលិក​ធនាគារ​ឃាត់ខ្លួន​ប្រគល់​ឲ្យ​ប៉ូលិស ចាត់ការ​តាម​នីតិវិធី។

ការ​ឃាត់​ខ្លួន​នេះ ​ត្រូវបាន​ធ្វើឡើង កាលពី​វេលា​ម៉ោង​៨​ព្រឹក ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​ធនាគារ​អេ​ស៊ី​លីដា សាខា​ចោមចៅ សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ។

តាម​ស្ត្រី​រងគ្រោះ​ឈ្មោះ ជឹម សុខ​គា អាយុ​២៨​ឆ្នាំ មុខរបរ កម្ម​ការ​នី​រោងចក្រ ផ្កាឈូក​មា​ន​ទី​តាំងនៅ ភូមិ​ត្រពាំង​ទួល សង្កាត់​កំបូល មាន​ទីលំនៅ​ភូមិ​អង្គ​ដូន​ពីស ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ បាន​ឲ្យ​ដឹង​ថា កាលពី​ល្ងាច​ថ្ងៃ​ទី​០៤ ខែកញ្ញា ឆ្នាំ​២០១៩​កន្លងមក ខណៈ​ពេល​នាង​ចេញពី​ធ្វើការ ឆ្លៀត​ដើរ​រក​ទិញ​ផ្លែឈើ នៅខាងមុខ​រោងចក្រ​ទុក​ហូប​តែ ត្រូវ​បាន​ជនសង្ស័យ​បន្លំ​លួច​កាបូប ពី​ក្នុង​ថង់​ដៃ​យួរ​ទៅ​បាត់ ក្នុង​នោះ មាន​លុយ​១​ម៉ឺ​ន​រៀល ខ្សែក​ប្លា​ទីន​មួយ​ខ្សែ ចិញ្ចៀន​ប្លា​ទីន​មួយ​វង់ កាត​ATM (​មាន​លុយ​៣០០​ដុល្លារ​) អត្តសញ្ញាណប័ណ្ណ និង កាត​ការងារ​ផង​ដែរ។ ដោយ​ពាក់ព័ន្ធ​នឹង​ឯកសារ​ទាំងនោះ​ទើប ជនរងគ្រោះ​បាន​ប្តឹងទៅ​សមត្ថកិច្ច ខាង​ធនាគារ ទុកជា​ស្រេច ស្រាប់តែ​មកដល់​ព្រឹក​ថ្ងៃទី​១១ ខែកញ្ញា​នេះ ខាង​ធានា​គារ បាន​ប្រទះឃើញ ស្ត្រី​សង្ស័យ​ខាងលើ កាន់​កាត​ATM នេះ​ទៅ​រក​បើក​លុយ ពី​ធនាគារ​ទើប​បុគ្គលិក​ធនាគា សហការ​គ្នា រួម​ជា​មួយ​នគរបាល​ប៉ុស្តិ៍​ចោមចៅ​៣ ឃាត់ខ្លួន​បាន​ស្ត្រី​សង្ស័យ ជា​អ្នក​លួច កាបូប​លុយ​គេ​បានតែ​ម្តង។

ស្ត្រី​សង្ស័យ​ឃាត់ខ្លួន​បាន ឈ្មោះ អ៊ួ​ង សុ​ភី អាយុ​៣៤​ឆ្នាំ មុខរបរ​កម្ម​ការ​នី​រោងចក្រ ស្នាក់នៅ​ផ្ទះជួល ភូមិ​ព្រៃ​បឹង សង្កាត់​កន្ទោក ខណ្ឌ​កំបូល មាន​ស្រុកកំណើត​ភូមិ​កណ្តាល ឃុំ​ត្រពាំង​រាំង ស្រុក​ឈូក ខេត្តកំពត ។

តាម​សម្តី​ស្ត្រី​សង្ស័យ​បាន​ឲ្យ​ដឹងថា កាបូប​របស់​ជនរងគ្រោះ​ត្រូវ​ខ្លួន រើស​បាន គ្រា​ដែល ថង់​របស់​ស្ត្រី​រងគ្រោះ​ធ្លាយ​គូទ។ សម្តី​ហាក់​ដូច​ជា​ដោះសារ ធាតុ​ពិត​នោះ ស្ត្រី​រងគ្រោះ វត្ត​មាននៅ​ប៉ុស្តិ៍​ចោមចៅ​៣ បាន​លើក​ថង់ យួរ​មក​បង្ហាញ​ជា​ភស្ដុ​តា​ថា ថង់​គូទ​នៅ​ស្អាត​ទេ ពុំបាន​ធ្លាយ​ឡើយ កុំ​ចេះតែ​ថា។

ទោះជា យ៉ាងណា ស្ត្រី​សង្ស័យ ក្រោយ​សាកសួរ រឿងរ៉ាវ​រួច ដោយសារ​ករណី​នេះ​បាន កើតឡើង​នៅក្នុង​ភូមិសាស្ត្រ​សង្កាត់​កំបូល ខណ្ឌ​កំបូល ទើប​នគរបាល​ប៉ុស្តិ៍​ចោមចៅ​៣ ប្រគល់​ជនសង្ស័យ​ទៅ​ឲ្យ នគរបាល​ប៉ុស្តិ៍​កំបូល ជា​អ្នក​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិ​វិធី៕
វិទូ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114