ព័ត៍មានទាន់​ហេតុការណ៏
Search

អ្នក​ជំនាញ​អំពាវនាវ​ឲ្យ​អ្នក​ប្រកប​របរ​ទីផ្សារ​បណ្តាញ​ បង្កើន​សមត្ថភាព​បន្ថែមទៀត

ភ្នំពេញ​ ៖​ អ្នកជំនាញ​បាន​អំពាវនាវ​ឲ្យ​អ្នក​ប្រក​បរបរ​ទីផ្សារ​បណ្តាញ​ ត្រូវ​ខិតខំ​សិក្សា​រៀនសូត្រ​និង​បង្កើន​សមត្ថភាព​បន្ថែមទៀត​ ដើម្បី​បង្កើន ពាក់ព័ន្ធ​ទៅនឹង​វិស័យនេះ​ជៀសវាង​បង្ក​ហានិភ័យ​ដល់​ខ្លួនឯង​និង​សង្គមជាតិ​។

ធុរកិច្ច​ទីផ្សារ​បណ្តាញ ឬ​ហៅ ថា MLM (Multi-level-Marketing) គឺជា​ការធ្វើ​ទីផ្សារ​ទំនិញ ឧបភោគ បរិភោគ ក្នុង​លក្ខណៈ នៃ​ការលក់​ពី​បុគ្គល​ម្នាក់ ទៅកាន់​បុគ្គល​ម្នាក់ទៀត ដោយ​ក្រុមហ៊ុន ឬ​សហគ្រិន នឹង​ផ្តល់ឱកាស ក្នុង​ការធ្វើ​ធុរកិច្ច ដល់​អ្នកលក់​សេរី និង​មនុស្ស​គ្រប់គ្នា មិន​ថា​អ្នក​គឺជា​នរណា បញ្ចប់​ការសិក្សា​កម្រិតណា​នោះទេ អ្នក​អាច​ចូលរួម ធ្វើ​ធុរកិច្ច​ទីផ្សារ​បណ្តាញ បាន​ទាំងអស់។

ពាក់ព័ន្ធ​ទៅ​នឹង​ទីផ្សារ​បណ្តាញ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នេះ​ដែរ ​លោក​ប​ណ្ឌិ​ត ឡី សុភាព ប្រធាន​សមាគម អ្នក​ទីផ្សារ​បណ្តាញ​កម្ពុជា និង​ជានា​យក​វិទ្យាស្ថាន​អាជីវកម្ម​អន្តរជាតិ​បាន​បញ្ជាក់​ប្រាប់​បណ្តាញ​សារព័ត៌មាន​ថា​ លោក បានកត់សម្គាល់​ឃើញ​ថា ​អាជីវករ ដែល​កំពុង​ប្រតិបត្តិ​ការ​អាជីវកម្ម បណ្តាញ​បច្ចុប្បន្ន នៅ​មាន​កង្វះ​ការអប់រំ ចំណេះដឹង​វិជ្ជាជីវៈ​ច្បាស់លាស់​ធ្វើ​ឲ្យ​ងាយ​បង្ក​ហានិភ័យ​បង្ក​ការ​ពាល់​ប៉ះ​ដល់​អ្នកប្រើប្រាស់​ពិសេស​ផ្នែក​ផ្លូវច្បាប់​ថែមទៀត។

លោក​បាន​បន្ត​ថា ​«​ដោយសារ​ផ្តើម​ចេញ​ពី​បញ្ហា​នេះដែរ​ទើប ខ្ញុំ​អំពាវនាវ​ឲ្យ​អ្នក​ប្រកប​លើ​មុខរបរ​នេះ​ត្រូវ​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ហើយ​ព្រម​ជាមួយគ្នា​ដើម្បី​ជៀសវាង​កំហុស​ឆ្គង​ទាំងអស់​នេះ​ពួកគេ​ងាក​មក​រៀន​សូត្រ​ត្រឹមត្រូវ។ ​អ្វី​ដែល​សំខាន់​នោះ​គឺ​ត្រូវ​ឆ្លងកាត់​ការបណ្តុះបណ្តាល និង​មាន​វិញ្ញាបនបត្រ​បញ្ជាក់ ពី​ជំនាញ​អាជីវកម្ម​ទីផ្សារ​បណ្តាញ​»។

លោក​បណ្ឌិត ឡី សុភាព​បាន​បញ្ជាក់​ថា «​យើង​ឃើញ​ថា ​ទីផ្សារ​បណ្តាញ​យើង​បច្ចុប្បន្ន​មាន​អ្នក
ប្រកបមុខរបរ​នេះ​ច្រើន តែ​ពួកគាត់​មិនបាន​យល់ដឹង​ពី​បញ្ហា​ហានិភ័យ​នោះទេ​។ ​ហេតុនេះ​មានតែ ការ​ទទួល​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ​នេះ​ប៉ុណ្ណោះ​ទើប អាច​ជៀស​ផុត​ពី​រឿង​ធំៗ​ក្នុង​នេះ​ដូចជា​បើ​ក្រុមហ៊ុន​ដែល​មិនមាន​ប្រភព​ច្បាស់លាស់ ការចែក​ភាគលាភ និង​ប្រយោជន៍​មិន​សមភាព បាន​ត្រឹម​សន្យា​ខ្យល់ ហើយ​បិទ​ទៅ​បាត់​ទៅ​។ មួយវិញទៀត អ្នក​ប្រកប​អាជីវកម្ម​ទីផ្សារ​បណ្តាញ អាច​និយាយ​លើស ឬ​ចាញ់បោក​ត​គ្នា និង​បោកប្រាស់​ត​គ្នា ដោយ​មិនដឹង​ខ្លួន​»​។

លោក​បណ្ឌិត​បាន​បន្ត​ឲ្យ​ដឹង​ថា ចំពោះ​ការបានទទួល​បណ្តុះបណ្តាល​នេះ ធ្វើ​ឲ្យ​យើង​ដឹង​មិនអាច​ឲ្យ​គេ មក​បោកប្រាស់​បាន ហើយ​ការនិយាយស្តី អំពី​ការផ្សព្វផ្សាយ​ផលិតផល ឬ​សេវាកម្ម​ដែល​យើង កំពុង​ប្រតិ​ប​ត្តិ​ការ​នេះ ឃោសនា​បាន​ត្រឹមត្រូវ មិន​ពន្លើស​ការពិត ធ្វើ​ឲ្យ​ទីផ្សារ​កាន់តែ​ល្អប្រសើរ ក្នុងការ​ប្រកប​អាជីវកម្ម​ទីផ្សារ​បណ្តាញ ទាំង​ខ្នាតតូច និង​មធ្យម ដោយ​ធ្វើ​ឲ្យ​អតិថិជន កាន់​តែមាន​ជំនឿ និង​អាជីព​មួយ​នេះ​កាន់តែ​រឹងមាំ​។

​លោក​បណ្ឌិត​បន្ត​ឲ្យ​ដឹង​ថា ​«​ក្នុងនាម​ប្រធាន​សមាគម អ្នក​ទីផ្សារ​បណ្តាញ​កម្ពុជា​ខ្ញុំ​ចង់​ឲ្យ​មានការ​អភិវឌ្ឍ​ដែល​ធ្វើ​ឲ្យ​យុវជន និង​ប្រជាពលរដ្ឋ​ប្រកប​អាជីវកម្ម​ខ្នាត​តូច និង​មធ្យម​នេះ មាន​ជំនាញ​វិជ្ជាជីវៈ ដើម្បី​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ជាតិ បាន​ត្រឹមត្រូវ ស្របតាម​គោលនយោបាយ របស់​រាជរដ្ឋាភិបាល»​។

ចំណែក​លោក លី ស៊ីន​ន្ទ ស្ថាបនិក និង​ជា​អគ្គនាយក​ក្រុមហ៊ុន NSZ World ដែលជា​ក្រុមហ៊ុន ផ្គត់ផ្គង់​ផលិតផល​គ្រឿង​សំអាង ម៉ាក់ QnanoX និង​ជា​ក្រុមហ៊ុន ផ្តល់​អាជីវកម្ម​ទីផ្សារ​បណ្តាញ​ធំជាងគេ​នៅ​កម្ពុជា បាន​ប្រកាស​គាំទ្រ ចំពោះ​ការអំពាវនាវ របស់​សមាគម​អ្នក​ទីផ្សារ​បណ្តាញ​កម្ពុជា ដោយបាន​បញ្ជូន និង​បញ្ជ្រាប​ទៅដល់​សមាជិក អ្នក​ប្រកប​អាជីវកម្ម​ទីផ្សារ បណ្តាញ​របស់​ខ្លួន​ចូលរួម វគ្គ​សិក្សា​បណ្តុះបណ្តាល​វិជ្ជាជីវៈ ជាមួយ​វិទ្យាស្ថាន អាជីវកម្ម​អន្តរជាតិ ដែលជា​វិទ្យាស្ថាន​ឈាន​មុនគេ និង​ដំបូង​គេ​បង្អស់ ដែល​ទទួលស្គាល់ ដោយ​រាជរដ្ឋាភិបាល​ផ្ទាល់ នូវ​ជំនាញ​បណ្តុះបណ្តាល ច្បាប់​បទដ្ឋាន​គតិ​យុទ្ធ ពី​អាជីវកម្ម​ទីផ្សារ​បណ្តាញ​នៅ​កម្ពុជា។

លោក​បាន​បន្ត​ថា ​ដើម្បី​ក្លាយ​ជា​ក្រុមហ៊ុន​ឈានមុខ​គេ​ទើប​ក្រុមហ៊ុន​របស់​លោក​ប្រែ​ក្លាយ​ជា​ក្រុមហ៊ុន​ស្របច្បាប់ ដើម្បី​បញ្ចៀស​ហានិភ័យ​ទៅ​ថ្ងៃមុខ សម្រាប់​អ្នក​ទីផ្សារ​បណ្តាញ​ខ្លួនឯង និង​ប្រជាជន​កម្ពុជា​ផងដែរ​៕
សំអឿន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114