ព័ត៍មានទាន់​ហេតុការណ៏
Search

សៀង ច​ន្ធា បានបង្ហាញ​ខ្លួន​ជម្រើស ១១​នាក់​ដំបូង​ដោយសារ​កត្តា​សំខាន់ ២

​លោក Felix G.Dalmas គ្រូបង្វឹក​នៃ​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា បានធ្វើការ​បង្ហើប​នូវ​ចំណុច​សំខាន់ ២​ដែល​នាំ​ឲ្យ​យុវជន​វ័យ ១៧​ឆ្នាំ សៀង ច​ន្ធា មានឱកាស​បង្ហាញខ្លួន​ក្នុង​កីឡាករ​ចាប់ផ្ដើម ១១ ដំបូង ក្នុងការ​ប្រកួត​ជាមួយ​ក្រុមបាល់ទាត់​ជម្រើសជាតិ​បា​រ៉ែ​ន​។

សៀង ច​ន្ធា បាន​ទទួល​ឱកាស​បែបនេះ​ជា​លើកដំបូង នៅ​យប់​ថ្ងៃទី​១០ ខែកញ្ញា ក្នុងជំនួប​លើក​ទី​២ នៃ​ការប្រកួត​ពានរង្វាន់​បាល់ទាត់​ពិភពលោក ឆ្នាំ​២០២២ សម្រាប់​ប្រទេស​ក្នុង​ទ្វីបអាស៊ី ( 2022 FIFA World Cup qualification-AFC ) និង​ពានរង្វាន់​ជើងឯក​ទ្វីបអាស៊ី ( 2023 AFC Asian Cup qualification ) វគ្គ​ជម្រុះ​ជុំ​ទី​២ ដែល​បាន​ចាញ់​ក្នុង​លទ្ធផល ០​ទល់​១​។

បែបនេះ​ក្ដី លោក Felix G.Dalmas គ្រូបង្វឹក​នៃ​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា បាន​លើក​ពី​មូលហេតុ​សំខាន់ ២​ដែល ច​ន្ធា អាចមាន​ឱកាស​ជាប់​ជម្រើស ១១​នាក់​ដំបូង គឺ​ដោយសារ រូបគេ​អាច​ជះឥទ្ធិពល​ដល់​ការប្រកួត និង​កត្តា​ប្រឹងប្រែង​ក្នុងពេល​ហ្វឹកហាត់​។

លោក Felix G.Dalmas បានលើកឡើង​យ៉ាង​ដូច្នេះ​ថា «​យើង​បាន​យល់​ពី​ស្ថានភាព​នៃ​ការប្រកួត​ដោយ​គិតថា ច​ន្ធា អាច​ធ្វើ​ឲ្យ​មាន​ឥទ្ធិពល​ខ្លាំង​នៅក្នុង​ការប្រកួត សម្រាប់​ពេល​ចាប់ផ្ដើម​ដំបូង ហើយ​ពិតណាស់​គាត់​អាច​ធ្វើ​វា​បាន ហើយ​យើង​ពិតជា​រីករាយ​ចំពោះ​ការបង្ហាញ​ទម្រង់​លេង​ដែល​គាត់​មាន។ ជា​ការ​ពិត ដូចដែល​ខ្ញុំ​បាន​និយាយ​ពីមុន​មក គាត់​ទើបតែ​អាយុ ១៧​ឆ្នាំ ហើយ​ត្រូវតែ​អត់ធ្មត់​ជាមួយ​គាត់​បន្តិច និង​អនុញ្ញាត​ឲ្យ​គាត់​ស្រូប​យក​ភាព​រីកចម្រើន​បន្ថែម​ទៀត យើង​ឃើញ​គាត់​ព្យាយាម​ប្រឹងប្រែង​នៅពេល​ហ្វឹកហាត់ ហើយ​ជាពិសេស​គាត់​បានបង្ហាញ​ទម្រង់​លេង​បាន​យ៉ាង​ល្អ កាលពី​ប្រកួត​កន្លងមក (​ជាមួយ​ហុងកុង​) ទាំងនេះហើយ​គឺជា​មូលហេតុ​ដែល​យើង​ចាប់ផ្ដើម​គាត់​ឲ្យ​លេង​ជម្រើស ១១​នាក់​ដំបូង​។​»

សូម​បញ្ជាក់​ថា ប្រកួត​ជាមួយ បា​រ៉ែ​ន សៀង ច​ន្ធា បានបង្ហាញ​ខ្លួន​ចំនួន ៥៨​នាទី និង​ត្រូវ​បាន​ផ្លាស់ប្ដូរ​ចេញ​ជំនួស​វិញ ដោយ​រៀមច្បង ហួយ ផល្លី​ន ប៉ុន្តែ​មុន​ផ្លាស់ប្ដូរ​ចេញ កីឡាករ​រូបនេះ​បានបង្ហាញ​ទម្រង់​លេង​គួរ​ឲ្យ​ចាប់អារម្មណ៍​ផង​ដែរ ដោយមាន​ឱកាស​រក្សា​បាល់ បញ្ជូន​បាល់ ក៏ដូចជា​ការរត់​ជាមួយ​ល្បឿន​ដ៏​លឿន​បាន​យ៉ាង​ល្អ​ប្រសើរ បើទោះបីជា​មិនអាច​រក​គ្រាប់​បាល់​បាន ឬក៏​ជួយ​ក្រុម​ឲ្យ​ទទួល​ជ័យជម្នះ​បាន​ក៏ពិតមែន​។

គួរ​ដឹង​ផង​ដែរ​ថា បច្ចុប្បន្ន សៀង ច​ន្ធា បាន​នឹង​កំពុង​ស្ថិតនៅ​ប្រទេស​ជប៉ុន​ហើយ បន្ទាប់ពី​ចប់​ការប្រកួត​ភ្លាម​ជាមួយ បា​រ៉ែ​ន ដោយ​ដំណើរ​ទៅ​ប្រទេស​ជប៉ុន​នេះ គឺ​ស្ថិត​ក្នុងន័យ​ចូលរួម​កម្មវិធី​ផ្លាស់ប្ដូរ​បទពិសោធន៍ (Exchange Program) នៅ​ក្លិប​បាល់ទាត់ Vegalta Sendai (​ជា​ក្លឹប​កំពុង​ប្រកួតប្រជែង​នៅ​លី​គ​កំពូល​របស់​ជប៉ុន​) រយៈពេល ២​សប្ដាហ៍ ចាប់ពី​ថ្ងៃ​ទី​០៩ ដល់​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០១៩ បូក​ជាមួយ​មិត្ត​រួម​ក្រុម​នៅ​សាលា​បាល់ទាត់​ជាតិ​បាទី ២​រូប​ផ្សេងទៀត​គឺ កីឡាករ ថា ចាន់​រិទ្ធី (​អ្នកចាំទី​), កីឡាករ អ៊ា​ន ពិសី (​ខ្សែបម្រើ​)៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114