ព័ត៍មានទាន់​ហេតុការណ៏
Search

នាយក​រដ្ឋបាល​ស្រុក​អង្គរធំ ស្រវឹង​ស្រា​បើកឡាន​បុក​ពលរដ្ឋ​ស្លាប់​២​នាក់​នៅនឹងកន្លែង

សៀមរាប ​៖ ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា នាយក​រដ្ឋបាល​ស្រុក​អង្គរធំ ស្រវឹង​ស្រា​បើកឡាន​បុក​ពលរដ្ឋ​ស្លាប់​២​នាក់​នៅ​នឹងកន្លែង យ៉ាង​អាណោចអាធ័ម ហើយ​គ្រានោះ​ ជន​បង្ក​បាន​គេចខ្លួនបាត់​។

ហេតុការណ៍​នេះ​ កើតឡើង​នៅវេលា​ម៉ោង​២០ និង​១៧​នាទី យប់​ថ្ងៃ​ទី​១០ ខែកញ្ញា​ ឆ្នាំ​២០១៩​នៅត្រង់​ចំណុច​ខាងជើង​ផ្លូវ​ចុះ​ភូមិ​ភ្លង់ ចម្ងាយ​ប្រហែល​២០០​ម៉ែត្រ លើ​ផ្លូវ​ក្រាល​កៅស៊ូ ស្ថិតនៅ​ក្នុងភូមិ​ភ្លុង ឃុំ​លាងដៃ ស្រុក​អង្គរធំ ខេត្តសៀមរាប។

បើ​តាម​ប្រភព​បាន​ទម្លាយ​ថា អ្នកបើកបរ​រថយន្ត​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះថា ខាន ម៉ាង ជា​នាយក​រដ្ឋបាល នៅ​សាលាស្រុក​អង្គរធំ។ មុន​ពេល​កើត​ជន​បង្ក​បាន​ជួបជុំ​មិត្តភក្តិ​ស៊ីផឹក អាច​ដល់​ស្រវឹង ទើប​បើកបរ​រថយន្ត ចេញ​មក​ក៏​បង្ក ជា​គ្រោះថ្នាក់​បែបនេះ។

សមត្ថកិច្ច​ស្រុក​អង្គរធំ​បាន​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​នេះ​បង្ក ឡើង​រវាង​រថយន្ត ម៉ាក់​អ៊ី​ស៊ុយ​ស៊ុយ ពណ៌​ទឹកប៊ិច ពាក់​ស្លាក​លេខ សៀមរាប​2A-8754 បើកបរ​ទិសដៅ​ពី​ជើង ទៅ​ត្បូង បាន​បុក​នឹង​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពាក់​ស្លាក លេខ​សៀមរាប​1X-2453 ដែល​ជិះ​ឌុ​ក​គ្នា​២​នាក់ មាន​ទិសដៅ​ពី​ត្បូង ទៅ​ជើង ក្រោយពេល​កើតហេតុ អ្នកបើកបរ​រថយន្ត​បាន​រត់​គេច​ខ្លួន​បាត់​។

មន្ត្រី​បាន​បញ្ជាក់​ថា ក្នុង​ករណី​នេះ បណ្ដាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​និង​អ្នក​ជិះ​ពីក្រោយ​ស្លាប់ ឈ្មោះ​ឈិន វន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​សំរោង ឃុំ​លាងដៃ ស្រុក​អង្គរធំ ខេត្តសៀមរាប និង​ឈ្មោះ ភិន រ៉េ ភេទ​ប្រុស​២៣​នៅ​ភូមិ​ឃុំ​ជាមួយគ្នា​ខាងលើ​។

ក្រោយពី​កើតហេតុ នគរបាល បាន​ចុះ​ទៅដល់​ពិនិត្យ និង​ធ្វើការ​វាស់វែង ធ្វើ​កំណត់ហេតុ​ដកហូត​វត្ថុតាង យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​អនុវត្ត​នីតិវិធី​បន្ត​។​ បើ​តាម​មន្ត្រី​ថា មូលហេតុ​គ្រោះថ្នាក់​នេះ បណ្តា​មកពី​រថយន្ត​បើកបរ ក្នុង​ល្បឿន​លឿន ហើយ​មិន​ប្រកាន់​ស្តាំ​។

ចំណែក​សាកសព ប្រគល់​ឲ្យ​ទៅ​ក្រុម​គ្រួសារ ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​។ នៅ​រសៀល​នេះ​ដែរ មិន​អាច​ទាក់ទង លោក​ខាន ម៉ាង ជា​នាយក​រដ្ឋបាល នៅ​សាលាស្រុក​អង្គរធំ ដើម្បី​បំភ្លឺ បាន​នៅឡើយ​ទេ ជុំវិញ​ករណី​នេះ៕
កុសល



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114