ព័ត៍មានទាន់​ហេតុការណ៏
Search

លោក​ចម ប្រសិទ្ធ​ ផ្តល់​ការងារ​ត្រូវ​ប្រតិបត្តិ​៦​យ៉ាង​សំខាន់ៗ​ដល់​មន្ត្រី​ទាំងអស់​បន្ត​ភារកិច្ច​ឲ្យ​មាន​ប្រសិទ្ធភាព

ភ្នំពេញ ៖ ​ដើម្បី​អនុវត្ត​ភារកិច្ច​របស់​មន្ទីរ​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​ លោក​កិត្តិ​សេដ្ឋា​ប​ណ្ឌិត​ចម ប្រសិទ្ធ​ ទេសរដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម បាន​ណែនាំ​ និង​ ផ្តល់​នូវ​គន្លឹះ​ការងារ​ត្រូវ​ប្រតិបត្តិ​៦​យ៉ាង​សំខាន់ៗ​ដល់​មន្ត្រី​ទាំងអស់​យកទៅអនុវត្ត​ក្នុង​កិច្ច​ការ​ជំនាញ​ពិសេស​បន្ត​យកចិត្តទុកដាក់​បម្រើ​នូវ​សេចក្តី​ត្រូវការ​ចាំបាច់​ប្រជាពលរដ្ឋ​និង​សង្គមជាតិ​។

លោក​កិត្តិ​សេដ្ឋា​បណ្ឌិត​ចម ប្រសិទ្ធ ​ទេសរដ្ឋមន្ត្រី​ថ្លែង​បែបនេះ​ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ចូលកាន់​មុខតំណែង​ប្រធាន​មន្ទីរ​ឧស្សាហកម្ម​និង​សិប្បកម្ម​ខេត្ត ត្បូងឃ្មុំ​នា​រសៀល​ថ្ងៃទី១០​ខែកញ្ញា ​ឆ្នាំ​២០១៩ នៅ​សាល​ប្រជុំ​សាលាខេត្ត​ត្បូងឃ្មុំ។

លោក​កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ​ ទេស​រដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម ថ្លែង​នូវ​ការ​កោត​សរសើរ​ និង វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​សម្រេច​បាន តាមរយៈ​របាយការណ៍​ថ្លែង​ដោយ​លោក ជាម ច័ន្ទ​សោភ័ណ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ត្បូងឃ្មុំ និង​លោក ប៉ិញ ឈាង​ហ៊​ន់ ប្រធាន​មន្ទីរ​ឧស្សាហកម្ម​និង​សិប្បកម្ម​ចាស់ ដែល​ត្រូវ​ចូលនិវត្តន៍ និង​សង្ឃឹមថា​លោក ប៉ិញ វុត្ថា ប្រធាន​មន្ទីរ​ដែល​ទើប​តែងតាំង​ថ្មី នឹង​អនុវត្ត​ការងារ​តាម​ការ​ប្តេជ្ញាចិត្ត​របស់​ខ្លួន​បានសម្រេច​ជោគជ័យ​ជា​វិជ្ជមាន។

ស្ថិត​ក្នុង​ឱកាស​នោះ ដើម្បី​អនុវត្ត​ភារកិច្ច​របស់​មន្ទីរ​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​លោក​កិត្តិ​សេដ្ឋា​បណ្ឌិត​ទេស​រដ្ឋ​មន្ត្រី បាន​ណែនាំ​នូវ​ការងារ​ចម្បង​ៗ​ចំនួន​៦​យ៉ាង​រួមមាន​ដូចជា​ទី​១​បន្ត​អនុវត្ត​ការ​ធ្វើ​ពិពិធកម្ម​ឧស្សាហកម្ម​ និង ​ពង្រីក​សមត្ថភាព​ផលិតកម្ម​ឧស្សាហកម្ម ព្រមទាំង​បង្កើន​ផលិតភាព​ដោយ​ផ្ដល់​អាទិភាព​ជាពិសេស​ដល់​ការអនុវត្ត​” ​គោលនយោបាយ​អភិវឌ្ឍ​ន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា ២០១៥-២០២៥” ។ ទី​២​លើក​កំពស់ និង​តម្រង់​ទិស​ការ​អភិវឌ្ឍ​ន៍​វិស័យ​សហគ្រាស​ធុន​តូច​និង​មធ្យម ព្រមជាមួយ​ការ​កែលម្អ​បរិស្ថាន​និយ័តកម្ម ដើម្បី​ភាព​ប្រកួតប្រជែង​។ ទី​៣​បន្ត​ចូលរួម​អនុវត្ត​វិធានការ​កំណែទម្រង់​ថ្មីៗ​ទាក់ទង​និង​ការ​ធ្វើ​ប្រតិភូកម្ម​អំណាច​ជូន​ដល់​រដ្ឋបាល​ក្រុង​ស្រុក ខេត្ត និង​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម ដើម្បី​ពង្រឹង​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​ជាង​មុន​ក្នុង​ការ​គ្រប់គ្រង​មូលដ្ឋាន រោងចក្រ​សហគ្រាស ឧស្សាហកម្ម​និង​សិប្បកម្ម គ្រប់​ប្រភេទ តាម​បទបញ្ញត្តិ​ច្បាប់​ជា​ធរមាន​។ ទី​៤​ការ​ផ្តល់​សេវាសាធារណៈ ប្រកបដោយ​ភាព​ឆាប់រហ័ស តម្លាភាព និង​ការ​ជឿទុកចិត្ត -​បន្ត​ជួយ​គាំទ្រ​ផ្នែក​ឯកជន លើ​ការងារ​ប​ង្កើន​ផលិតភាព ការ បង្កើត​ទំនាក់ទំនង​ផ្សារភ្ជាប់​គ្នា​ជា​ប្រព័ន្ធ​អ្នក​ផលិត អ្នក​ផ្គត់ផ្គង់ និង​ប្រភព​ទីផ្សារ។​ ទី​៥​ការ​គៀងគរ​ក៏ដូចជា​ពន្យល់​ណែនាំ ឲ្យ​ម្ចាស់​សហគ្រាស​ខ្នាត​តូច​និង​មធ្យម មក​ចុះបញ្ជី​ទទួលស្គាល់​ក្រោម​ដំបូល​ច្បាប់​។ ទី​៦​ការងារ​ស្តង់ដារ​ផលិតផល និង​ការងារ​មាត្រា​សាស្ត្រ ជា​ដើម។

ដោយ​ឡែក​ទាក់ទង​វិស័យ​ទឹក​ស្អាត ដែល​ជា​ដែន​សមត្ថកិច្ច​របស់​ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម​លោក​កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ បាន​បញ្ជាក់​ថា ខេត្ត​ត្បូងឃ្មុំ មាន​រោងចក្រ​ផលិត​ទឹកស្អាត សាធារណៈ​មួយ​កន្លែង ដែល​មាន​សមត្ថភាព​ផលិត​បាន​១​ម៉ឺន​ម៉ែត្រត្រីគុណ ក្នុង​មួយថ្ងៃ គឺជា​ចំនួន​ដ៏​ច្រើន​គួរសម​មួយ​ដែល​អាច​ផ្គត់ផ្គង់​បានជា​ច្រើន​តំណ​និង​គ្រួសារ​។ ប៉ុន្តែ​បច្ចុប្បន្ន​យើង​កំពុង​ដំណើរការ​ចែក​ចាយ​តែ​ក្នុង​តំបន់​រដ្ឋបាល​របស់​ខេត្ត​ប៉ុណ្ណោះ។ ប្រឈម​និង បញ្ហា​នេះ លោក​កិត្តិ​សេដ្ឋា​បណ្ឌិត បាន​បញ្ជាក់​ថា ក្រសួង​ត្រូវ​រក​គ្រប់​មធ្យោបាយ​ដើម្បី​ឲ្យ​កា​រត​បណ្តាញ​ទឹក​ស្អាត​ចូលដល់​ខ្នង​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ពេល​ខាងមុខនេះ។ ជាពិសេស​ការ​យក​កម្លាំង​និង​បច្ចេកទេស​ពី​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុងភ្នំពេញ​មក​ជួយ​បំពេញ​បន្ថែម​នៅ​ទី​នេះ ពីព្រោះ​មន្ត្រី​មន្ទីរ​ខេត្ត​ត្បូងឃ្មុំ នៅ​មាន​ចំនួន​តិចតួច​ណាស់ ហើយ​បច្ចេកទេស​នៅ​មាន​កំរិត។

ក្នុង​ឱកាស​នោះ​ផង​ដែរ ​លោក​កិត្តិ​សេដ្ឋា​បណ្ឌិត ទេស​រដ្ឋមន្ត្រី ចម ប្រសិទ្ធ ក៏បាន​ឧបត្ថម្ភ​ម៉ាស៊ីន​កុំព្យូទ័រ​មួយ​ឈុត និង​ឧបត្ថម្ភ​ថវិកា​ដល់​ថ្នាក់ដឹកនាំ​និង​មន្ត្រី​មន្ទីរ​មួយ​ចំនួន​ផងដែរ។

ដោយឡែក ស្រប​ពេល​ដែល ខេត្ត​មួយ​ចំនួន កំពុង​ទទួលរង​គ្រោះទឹកជំនន់ លោក​កិត្តិ​សេដ្ឋា​ប​ណ្ឌិត​ទេស​រដ្ឋ​មន្ត្រី​ចម ប្រសិទ្ធ បាន​ណែនាំ​ដល់​ប្រធាន​មន្ទីរ​ឧស្សាហកម្ម​និង​សិប្បកម្ម គ្រប់​ខេត្ត រាជធានី ទាំងអស់​ឲ្យ​ត្រៀម​និង​ដឹក​ស៊ី​ទែន​ ដែល​មាន​ទឹក​ស្អាត​នៅ​ក្នុង​នោះ សម្រាប់​ចែក​ជូន​ប្រជាពលរដ្ឋ​នៅ​ទី​ទួល​សុវត្ថិភាព ដើម្បី​ពួកគាត់​ទទួល​បាន​ទឹក​ស្អាត​ប្រើប្រាស់​ជៀស​ផុត​ពី​ជំងឺឆ្លង​ផ្សេងៗ។ បើ​មាន​ប្រជាពលរដ្ឋ​ណា​ត្រូវការ​ទឹក​ស្អាត​ប្រើប្រាស់​ក្នុង​កំឡុង​ពេល​ទឹកជំនន់ រដ្ឋាករ​ទឹក​សាធារណៈ​របស់​រដ្ឋ​ត្រូវ​ចែក​ជូន​ពួកគាត់​ដោយ​ឥតគិតថ្លៃ តែម្តង​៕
វិមាន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114