ព័ត៍មានទាន់​ហេតុការណ៏
Search

មន្ត្រីជាន់ខ្ពស់ គ​.​ជ​.​ប​៖ ការប្រើប្រាស់​ប្រព័ន្ធ​ឌីជីថល​ក្នុង​ដំណើរការ​បោះឆ្នោត មិនទាន់​ប្រាកដថា អាច​ធ្វើបាន​នៅក្នុង​ក្របខ័ណ្ឌ​កម្ពុជា

ភ្នំពេញ ​៖ លោក ហង្ស​ពុទ្ធា សមាជិក និង​ជា​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) យល់ថា ការប្រើប្រាស់​ប្រព័ន្ធ​ឌីជីថល នៅក្នុង​ដំណើរការ​បោះឆ្នោត មិនទាន់​ប្រាកដ​ថា អាច​ធ្វើ​បាន​នៅ​ក្នុង​ក្របខ័ណ្ឌ​ប្រទេស​កម្ពុជា​នៅឡើយ​ទេ នៅ​ក្នុង​ស្ថានភាព​បច្ចុប្បន្ន​នេះ ពីព្រោះ​កម្ពុជា​ត្រូវការ​ច្បាប់​ថវិកា សមត្ថភាព​មន្ត្រី ប្រព័ន្ធ​អគ្គិសនី និង​ប្រព័ន្ធ​អិន​ធឺ​ណិ​ត​ជាដើម​។

លោក ហង្ស​ពុទ្ធា បញ្ជាក់​បែបនេះ នៅក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ខណៈ​លោក​បាន​ត្រឡប់​មកពី​ចូលរួម​សន្និសីទ​អន្តរជាតិ​ស្តីពី “​ការប្រើប្រាស់​ប្រព័ន្ធ​ឌីជីថល​ក្នុង​ដំណើរការ​បោះឆ្នោត​” នៅ​ប្រទេស​រុស្ស៊ី ចាប់ពី​ថ្ងៃ​ទី​៦ ដល់​ថ្ងៃទី​៨ ខែកញ្ញា ឆ្នាំ​២០១៩។

លោក ហង្ស ពុទ្ធា បាន​គូសបញ្ជាក់​ថា ការ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​រុស្ស៊ី​នេះ គឺ​បានធ្វើ​ការងារ​សំខាន់​ចំនួន​ពីរ គឺ​ទី​១. ចូលរួម​សន្និសីទ​អន្តជាតិ ស្តីពី ”​ការប្រើប្រាស់​ប្រព័ន្ធ​ឌីជីថល​ក្នុង​ដំណើរការ​បោះឆ្នោត​” ទី​២. ចូលរួម​សង្កេតមើល​ការបោះឆ្នោត​សភា​ជាន់​ទាប​នៅ​ទីក្រុង​ម៉ូ​ស្កូ​។

លោក​បាន​បន្ថែម​ថា ការបោះឆ្នោត​ដោយ​ប្រើប្រាស់​ប្រព័ន្ធ​ឌីជីថល​ក្នុង​ដំណើរការ​បោះឆ្នោត គឺ​ប្រទេស​រុស្ស៊ី ជា​អ្នក​រៀប​ចំ​ធ្វើ​មុនគេ ហើយ គ​.​ជ​.​ប នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ប្រទេស​ជាង​៣០​ទៀត ជា​អ្នកចូលរួម​ស្វែងយល់ និង​ស្រង់​យក​បទពិសោធន៍​។

ពាក់ព័ន្ធ​នឹង​សំណួរ​សួរ​ថា តើ គ​.​ជ​.​ប នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​ប្រើប្រាស់​ប្រព័ន្ធ​ឌីជីថល​ក្នុង​ដំណើរការ​បោះឆ្នោត​ដែរ ឬទេ​? លោក ហង្ស ពុទ្ធា បាន​ពន្យល់ថា លោក​នឹង​ធ្វើ​របាយការណ៍​ពី​ដំណើរការ​បោះឆ្នោត ដោយ​ប្រើ​ប្រព័ន្ធ​ឌីជីថល​នេះ ដាក់​ជូន​សមាជិក គ​.​ជ​.​ប និង​គណៈកម្មការ​ជំនាញ ដើម្បី​សិក្សា​បន្ថែម ថា​តើ​យើង​គួរ​ប្រើ​ប្រាស់ ឬ​មិន​ប្រើប្រាស់​ប្រព័ន្ធ​បោះឆ្នោត​ឌីជីថល​នេះ?

លោក​យល់​ឃើញ​ថា ការប្រើប្រាស់​ប្រព័ន្ធ​ឌីជីថល ក្នុង​ដំណើរការ​បោះឆ្នោត គឺ​ល្អ ប៉ុន្តែ​មិន​ប្រាកដ​ថា អាច​អនុវត្តន៍​នៅ​ក្នុង​ក្របខ័ណ្ឌ​ប្រទេស​កម្ពុជា​បាន​នៅឡើយ​ទេ​ ក្នុង​ស្ថានភាព​បច្ចុប្បន្ន​នេះ​។ ពីព្រោះ​កម្ពុជា​ត្រូវការ​ច្បាប់​ថវិកា សមត្ថភាព​មន្ត្រី ប្រព័ន្ធ​អគ្គិសនី និង​ប្រព័ន្ធ​អិន​ធឺ​ណិ​ត​ជាដើម​។

លោក ហង្ស ពុទ្ធា អះអាង​ថា ការប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ឌីជីថល ក្នុង​ដំណើរការ​បោះឆ្នោត សម្រាប់​កម្ពុជា មាន​កត្តា​វិជ្ជមាន និង​កត្តា​អវិជ្ជមាន​។ កត្តា​វិជ្ជមាន គឺ​ទី​១, ផ្តល់​ភាពងាយស្រួល​ក្នុងការ​ទំនាក់ទំនង​ផ្ទាល់ និង​ឆ្លើយតប​ទៅ​អ្នកបោះឆ្នោត ទី​២, លើកកម្ពស់​ប្រសិទ្ធភាព​ក្រមសីលធម៌ វិជ្ជាជីវៈ​ប្រកបដោយ​តម្លាភាព​ក្នុង​ការ​ទំនាក់ទំនង និង​ការផ្សព្វផ្សាយ​ធ្វើ​ឲ្យ​មាន​គណនេយ្យភាព​ក្នុង​ការ​រៀបចំ​បញ្ជី​បោះឆ្នោត ចុះឈ្មោះ​គណបក្ស​នយោបាយ និង​បញ្ជី​បេក្ខជន ការ​រាប់​សន្លឹកឆ្នោត កត់ត្រា​សំឡេងឆ្នោត និង​ការប្រកាស​លទ្ធផល ទី​៣, ធ្វើ​ឲ្យ​កិច្ចសម្របសម្រួល​ការងា​រ​កាន់តែ​ប្រសើរ​រវាង​មន្ត្រី​បោះឆ្នោត និង​គ្រប់ភាគី​ពាក់ព័ន្ធ និង​ទី​៤, ជួយ​លើកកម្ពស់​តម្លាភាព​នយោបាយ និង​យុត្តិធម៌​សង្គម ជាដើម​។

ចំណែក​កត្តា​អវិជ្ជមាន​រួមមាន គឺ​ទី​១, គេ​អាច​ប្រើ​បណ្តាញ​សង្គម ដោយ​ខ្វះ​សីលធម៌ និង​វិជ្ជាជីវៈ បម្រើ​ក្រម​នយោបាយ​ណាមួយ ដែល​រារាំង​ការ​រីកចម្រើន​នៃ​ប្រជាធិបតេយ្យ និង​ការបោះឆ្នោត​តាមរយៈ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន ដែល​ធ្វើ​ឲ្យ​មាន​ការភាន់ច្រឡំ​មាន​កាន់​តែ​ច្រើន ទី​២, ជន​អនាមិក​ខាងក្នុង និង​ខាងក្រៅ​ប្រទេស​អាច​វាយប្រហារ​លើ​ប្រព័ន្ធ​កុំព្យូទ័រ​ជាដើម​។

លោក ហង្ស ពុទ្ធា អះអាង​ទៀត​ថា កម្ពុជា បាន​ប្រើប្រាស់​ប្រព័ន្ធ​ឌីជីថល​ខ្លះ​រួចមកហើយ គឺ​ការ​ប្តូរ​ពី​ការ​ចុះ​ឈ្មោះ​អ្នកបោះឆ្នោត​ដោយ​ដៃ មក​ចុះឈ្មោះ​ដោយ​ប្រព័ន្ធ​កុំព្យូទ័រ​។ គ​.​ជ​.​ប ក៏​កំពុង​ពិចារណា​លើ​ការបង្កើត​កម្មវិធី​ចុះបញ្ជី​គណបក្ស​នយោបាយ​ឈរឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ ដោយ​ប្រើប្រាស់​ប្រព័ន្ធ​កុំព្យូទ័រ សម្រាប់​ការបោះឆ្នោត​នៅពេល​ខាងមុខ​។

ដោយឡែក​ទាក់ទង​ការចូលរួម​សង្កេតការណ៍​បោះឆ្នោត​សភា​ជាន់​ទាប​នៅ​ទីក្រុង​ម៉ូស្គូ​វិញ លោក ហង្ស ពុទ្ធា បាន​វាយតម្លៃ​ក្នុង​កម្រិត ដែល​លោក​បាន​ពិនិត្យ​មើល​ឃើញ​ថា មាន​តំបន់​ខ្លះ​នៅ​ប្រទេស​រុស្ស៊ី បាន​ប្រើ​ប្រព័ន្ធ​ឌីជីថល និង​តំបន់​ខ្លះ​ទៀត មិនបាន​ប្រើ​ប្រព័ន្ធ​ឌីជីថល​ទេ​។ ជារួម​ការបោះឆ្នោត​នៅ​ទីក្រុង​ម៉ូស្គូ ប្រទេស​រុស្ស៊ី បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​៕
កោះ​កែវ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114