ព័ត៍មានទាន់​ហេតុការណ៏
Search

អភិបាលខេត្ពព្រៃវែង ​អញ្ជើញ​ចុះ​ពិនិត្យ​ស្ថានភាព​ទឹក​ នៅក្នុង​ស្រុក​ពោធិ៍​រៀង និង​ស្រុក​ពារាំង

ព្រៃវែង​ ៖​ ដោយ​ឃើញ​ស្ថានភាព​ទឹក​នៅ​បណ្ដា​​ខេត្ត​នានា​​​ ជាប់​ដង​ទន្លេ​មេគង្គ ​​មានការ​កើន​ឡើង​នោះ​ នៅ​រសៀល​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០១៩ លោក ជា​ សុ​មេធី ​អភិបាលខេត្ត រួម​ដំណើរ​ជាមួយនឹង​មន្ទីរ​អង្គភាព​នានា​ជុំវិញ​ខេត្ត​ អញ្ជើញ​ចុះ​ពិនិត្យ​ស្ថានភាព​ទឹក​ទន្លេ​មេគង្គ​ដែល​កំពុង​កើន​ឡើងជា​រៀងរាល់​ថ្ងៃ នៅក្នុង​ស្រុក​ពោធិ៍​រៀង និង​ស្រុក​ពារាំង។

នៅក្នុង​ការចុះពិនិត្យ​ស្ថានភាព​ទឹកទន្លេ​មេគង្គ ​ដែល​កំពុង​កើត​ឡើងជា​រៀងរាល់​ថ្ងៃនោះ លោក ជា សុ​មេធី អភិបាលខេត្ត​ ក៏បាន​អញ្ជើញ​ទៅពិនិត្យ​ស្ថានភាព​ទឹក​នៅក្នុង ឃុំ​ព្រែក​អ​ន្ទះ ឃុំ​អង្គរ​យស ឃុំ​កំពង់​ឫស្សី ស្រុក​ពោធិ៍​រៀង ខេត្ត​ព្រៃវែង ដោយ​ឃើញថា ​កម្ពស់​ទឹក​មានការ​កើន​ឡើង​គួរ​ឲ្យ​ព្រួយ​បារម្ភ តែ​មិន​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់ ឬ​ខូចខាត​ផ្លូវ​នោះទេ សម្រាប់​នៅ​ស្រុក​ពោធិ៍​រៀង​។

ដោយឡែក​នៅ​ស្រុក​ពារាំង មាន​ផ្លូវ​មួយ​ខ្សែ​ ដែលមាន​ប្រវែង​៣​គីឡូម៉ែត្រ ដែល​ត​ភ្ជាប់​ពី​ឃុំ​ព្រៃ​ស្រ​ឡិត ទៅ​ឃុំ​ក​ញ្ចំ នៅក្នុង​ភូមិគរ ឃុំ​ព្រៃ​ស្រឡិត ស្រុក​ពារាំង ខេត្ត​ព្រៃវែង ដែល​រង​ការខូចខាត​ទាំង​ស្រុង ក្នុងនោះដែរ​ក៏មាន​ស្ពាន​មួយ​ខ្សែ​ទៀត​ដែលមាន​ប្រវែង​៣០​ម៉ែត្រ ស្ថិតនៅ​ក្នុងភូមិ​យោត ឃុំ​មេសរ​ប្រ​ចាន់ ត្រូវបាន​ទឹក​លិច​ទាំងស្រុង​នោះ​ផងដែ​។

លោក​អភិបាលខេត្ត​ ក៏បាន​ណែនាំ​ដល់​អាជ្ញាធរ​ស្រុក ត្រូវដាក់​ស្លាក​សញ្ញា និង​មិន​ត្រូវ​ឲ្យ​បងប្អូន​ប្រជា​ពលរដ្ឋ​ឆ្លងកាត់​ជា​បណ្ដោះអាសន្ន​ ដើម្បី​ការពារ​នូវ​សុខ​សុវត្ថិភាព​ជូន​គាត់ និង​ត្រូវតែមាន​ការ​ប្រុង​ប្រយ័ត្ន និង​បន្ថែម​ការយកចិត្តទុកដាក់​ឲ្យ​បាន​ខ្ពស់​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ការ​ស្វែងរក​ទី​ទួល​មាន​សុវត្ថិភាព​ជូន​គាត់ និង​ធានា​បាន​នូវ​សុវត្ថិភាព​ខ្ពស់។

លោក ​ក៏បាន​ណែនាំ​ដល់​អាជ្ញាធរ​ទាំងអស់​ ត្រូវ​បន្ថែម​ការប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់ និង​ត្រូវ​ដាក់​វេន​ប្រចាំ​ការ​នៅតាម​កន្លែង​ ដែល​ប្រឈម​នឹង​ការលិចលង់​ខ្លាំង ​ដើម្បី​ធានា​សុវត្ថិភាព​ជូន​បងប្អូន​ប្រជាពលរដ្ឋ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114