ព័ត៍មានទាន់​ហេតុការណ៏
Search

តាមរយៈ​នយោបាយ​ឈ្នះឈ្នះ របស់​ប្រមុខ​ដឹកនាំ​ បានប្រែក្លាយ​កម្ពុជា ឲ្យ​​ប្រែ​មុខមាត់​ថ្មី មាន​សុខ​សន្តិភាព ការអភិវឌ្ឍ​រីកចម្រើន សម្រេចបាន​កំណើនសេដ្ឋកិច្ច​ក្នុង​រង្វង់​៧%​ជា​រៀងរាល់​ឆ្នាំ

ភ្នំពេញ ​៖ សម្តេច​ក្រឡាហោម​ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​មានប្រសាសន៍ថា តាមរយៈ​នយោបាយ​ឈ្នះឈ្នះ របស់​ប្រមុខ​ដឹកនាំ​របស់​យើង បានប្រែក្លាយ​សង្គម​កម្ពុ​ជាឲ្យ​ប្រែ​មុខមាត់​ថ្មី មាន​សុខសន្តិភាព មានការ​អភិវឌ្ឍ​ រីកចម្រើន សម្រេច​បាន​កំណើន​សេដ្ឋកិច្ច​ក្នុង​រង្វង់​៧%​ជា​រៀងរាល់​ឆ្នាំ ហើយ​បាន​កាត់បន្ថយ​អត្រា​ភាពក្រីក្រ មកដល់​រង្វង់​១៣,៥%​នៅ​ឆ្នាំ​២០១៤ និង​បន្ត​ធ្លាក់​ចុះ​ក្នុង​រង្វង់​១%​ជា​រៀងរាល់ឆ្នាំ។

សម្តេច​ក្រឡាហោម​បាន​ថ្លែង​យ៉ាង​ដូច្នេះ ខណៈ​សម្តេច​បានអនុញ្ញាត​ឲ្យ​តំណាង​សមាគម​នាវា​យុវជន​អាស៊ី​អាគ្នេយ៍​កម្ពុជា​-​ជប៉ុន និង​ប្រតិភូ​នាវា​យុវជន​អាស៊ី​អាគ្នេយ៍​កម្ពុជា​-​ជប៉ុន (SSEAYP) លើក​ទី​៤៦ ចូលជួប​សម្ដែង​ការគួរសម នា​រសៀល​ថ្ងៃទី​១១ ខែ​កញ្ញា ឆ្នាំ​២០១៩ នៅ​ទីស្ដីការ ក្រសួង​មហា​ផ្ទៃ។

ជាមួយគ្នា​នោះ សម្តេច​ក្រឡាហោម ស ខេង បាន​មានប្រសាសន៍​លើកឡើង​ពី​ប្រ​វត្ត​សាស្ត្រ​ដ៏​ជូរចត់ ក្នុងដំណាក់កាល​របប​យង់ឃ្នង​ប្រល័យពូជសាសន៍ ដែល​បាន​បំផ្លិចបំផ្លាញ​ជាតិ​ស្ទើរ​គ្រប់​វិស័យ កាប់សម្លាប់​ប្រជាជន ដែល​ធ្វើឲ្យ​ប្រទេសជាតិ​របស់​យើង​ធ្លាក់​ដល់​ចំណុចសូន្យ ហើយ​ចាប់​ពីថ្ងៃ​៧ មករា ១៩៧៩ ប្រទេសជាតិ​យើង​បាន​រំដោះ។

សម្តេច​បន្តថា កត្តា​នេះហើយ ​សូម​កូនៗ​ក្មួយៗ​ចៅ ចងចាំ​ឲ្យ​បាន​ច្បាស់ ពេលដែល​ប្រទេស​មាន​សុខ​សន្តិភាព អ្វីៗ​ក៏​យើង​មាន​ដែរ អ្វីៗ​ក៏​អាចធ្វើ​បានដែរ កូនៗ​ក្មួយៗ​ចៅ ជា​អ្នក​បន្តវេន ត្រូវ​ចូលរួម​ទប់​ស្កាត់​ទស្សនៈ​ណា​ដែល​បំផ្លាញ​ដល់​សន្តិភាព សកម្មភាព​ណា ដែល​ប៉ះពាល់​ដល់​សន្តិភាព ត្រូវ​ចេះ​សាមគ្គីភាព​គ្នា ឯកភាពគ្នា ត្រូវ​ជួយ​ផ្សព្វផ្សាយ លើកតម្កើង​ពី​អរិយធម៌​ជាតិ​វប្បធម៌​ជាតិ បន្ត​លើក​ស្ទួយ​កិត្តិយស​ប្រទេសជាតិ ក៏ដូចជា​នាំយក​វប្បធម៌​ដ៏​សម្បូរបែប​របស់​កម្ពុជា​ទៅកាន់​ឆាក​អន្តរជាតិ បន្ត​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ ដើម្បី​ក្លាយខ្លួនជា​សសរទ្រូង​នៃ​ប្រទេសជាតិ។

សម្ដេច ក៏បាន​ជូនពរ​ដល់​ប្រតិភូ​នាវា​យុវជន​កម្ពុជា​យើង ក្នុង​ដំណើរ​បេសកកម្ម​ដ៏​ប្រពៃ​ថ្លៃថ្លា​នេះ ឲ្យ​ទទួល​បាន​ជោគជ័យ និង​សុខ​ភាពល្អ​ទាំងអស់គ្នា។

ជាមួយគ្នានេះ តំណាង​ប្រតិភូ​បាន​ថ្លែងថា ​អនុសាសន៍​ណែនាំ​ល្អៗ ដែល​ទទួលបាន​ពី សម្ដេច នឹង​ក្លាយ​ជា​ទុន​ចំណេះដឹង​ដ៏​មានតម្លៃ សម្រាប់​ប្រតិភូ​យុវជន ក្នុងការ​ត្រៀមខ្លួន មុន​ចេញដំណើរ​ទៅ​ចូលរួម​កម្មវិធី នាវា​យុវជន​អាស៊ី​អាគ្នេយ៍ និង​ជប៉ុន លើក​ទី​៤៦​។ សមាគម​នាវា​យុវជន​អាស៊ី​អាគ្នេយ៍​កម្ពុជា ក៏បាន​សម្ដែង​ការគោរព និង​ថ្លែងអំណរគុណ​ចំពោះ សម្តេច​ក្រឡាហោម ស ខេង ដែល​បាន​ឆ្លៀតពេល​វេលា​ដ៏​មានតម្លៃ អនុញ្ញាតឲ្យ​តំណាង​សមាគម​នាវា​យុវជន​អាស៊ី​អាគ្នេយ៍​កម្ពុជា និង​ប្រតិភូ​នាវា​យុវជន​អាស៊ី​អាគ្នេយ៍​កម្ពុជា ចូលជួប​សម្ដែង​ការគួរ​សមនេះ។

សូម​ជម្រាប​ផងដែរ​ថា កម្មវិធី​នាវា​យុវជន​អាស៊ី​អាគ្នេយ៍ និង​ជប៉ុន ត្រូវបាន​បង្កើតឡើង​ដំបូង​នៅក្នុង​ឆ្នាំ​១៩៧៤ ដោយ​រាជរដ្ឋាភិបាល​ជប៉ុន និង​រដ្ឋាភិបាល​ នៃ​ប្រទេស​ជា​សមាជិក​អាស៊ាន ដើម្បី​ផ្តល់​ឱកាស​ដល់​យុវជន បាន​ចូលរួម​ក្នុង​សកម្មភាព​ទំនាក់ទំនង​អន្តរជាតិ ការរៀន​ធ្វើការ​ជា​ក្រុម និង​ការ​ផ្លាស់ប្ដូរ​បទពិសោធន៍ និង​ការចែករំលែក​ចំណេះដឹង​ផ្សេងៗ ហើយ​កម្មវិធី​នាវា​យុវជន​អាស៊ី​អាគ្នេយ៍ និង ជប៉ុន (SSEAYP) លើក​ទី​៤៦ នឹង​ប្រព្រឹត្តទៅ​មាន​រយៈពេល៥១​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​២៤ ខែ​តុលា រហូតដល់​ថ្ងៃទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១៩។

គោលបំណង​ នៃ​កម្មវិធី​នេះ គឺ​ដើម្បី​រឹតចំណង​មិត្តភាព និង​ការយល់ដឹង​រវាង​យុវជន​ជប៉ុន និង​យុវជន​អាស៊ាន ទាំង​ដប់​ប្រទេស​។ ពង្រីក​ចំណេះដឹង និង​ទស្សនវិស័យ​របស់​យុវជន ស្ដីពី​ចំណេះដឹង​សកល​។ បង្កើន​ស្មារតី និង​ជំនាញ ច្បាស់លាស់​របស់​យុវជន​ក្នុង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ និង​បណ្ដុះ​ភាពជា​អ្នក ដឹកនាំ សម្រាប់​ប្រតិភូ​យុវជន​ក្នុង​វិស័យ​ផ្សេងៗ​របស់​ពួកគេ ដែល​ចូលរួម​លើ​ការ​អភិវឌ្ឍ​យុវជន និង​សង្គមជាតិ​៕
 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114