ព័ត៍មានទាន់​ហេតុការណ៏
Search

គ្រូបង្វឹក​យូ​ដូ​៤០​ភាគរយ ​បាន​ទទួល​និទ្ទេស​ល្អ​ ក្រោយ​បញ្ចប់​វគ្គ​សិក្សា

វគ្គ​សិក្សា​សាមគ្គី​អូឡាំពិក ស្ដីពី​បច្ចេកទេស​គ្រូបង្វឹក​កីឡា​យូ​ដូ​ដែល​បានចាប់ផ្ដើម​បើក​កាលពី​ថ្ងៃទី​០២​កញ្ញា​មក​នោះ បានបញ្ចប់​ដោយ​ជោគជ័យ​កាលពី​ល្ងាច​ថ្ងៃទី​១១​ ខែកញ្ញា ​ឆ្នាំ​២០១៩​។

លោក​ឧត្ដមសេនីយ៍​ឯក​តែម ម៉ឺន អគ្គលេខាធិការ​រង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ បាន​អញ្ជើញ​ចូលរួម​បិទ​វគ្គ និង ប្រគល់​វិញ្ញាបនបត្រ​ដល់​សិក្ខាកាម។​ វគ្គ​នេះ ត្រូវបាន​បង្រៀន​ដោយ​លោក​Menidja. AMAR ជនជាតិ​អាល់​ហ្សេ​រី ជា​គ្រូ​ជំនាញ​របស់​សហព័ន្ធ​កីឡា​យូ​ដូ​អន្តរជាតិ​បញ្ជូនមក​។ ​មាន​សិក្ខាកាម​ចូលរួម​ចំនួន​២៤​នាក់​ មកពី​ក្លឹប​កីឡា​យូ​ដូ​បក្សី​ចាំ​ក្រុង​០៧​នាក់ ,​ក្រសួងមហាផ្ទៃ​០៧​នាក់​,​ខេមរៈ​សហព័ន្ធ​យូ​ដូ​០២​នាក់​,​ក្លិប​អង្គ​រយ៉ា​វ៉ា​រ៉ា​ក់​០៥​នាក់​,​ក្លឹប​រាជសីហ៍​០២​នាក់​និង ក្លិប​អូឡាំពិក​០១​នាក់ ដោយ​សិក្សា​ចែកចេញជា​២ ផ្នែក គឺ​ផ្នែក​ទ្រឹស្ដី​និង​ផ្នែក​អនុវត្ត​ជាក់ស្ដែង​។

ឆ្លងកាត់​វគ្គ​សិក្សា​នេះ សិក្ខាកាម​ទាំងអស់​បង្កើន​បានការ​យល់ដឹង​លើ​ផ្នែក​ទ្រឹស្ដី​ និង​លើក​កម្ពស់​កម្រិត​សមត្ថភាព​បច្ចេកទេស ដូចជា​១-​ការ បែងចែក​អាយុ​ទៅតាម​វ័យ លំ​ហាត់​ទូទៅ លំ​ហាត់​ពិសេស លំ​ហាត់​ទាក់ទង​ល្បែង ៣-​ផែនការ​បង្ហាត់​ប្រចាំថ្ងៃ​នឹង​ទៅតាម​រយៈពេល ៤-​ការអភិវឌ្ឍ​លំ​ហាត់​កម្លាំងកាយ​។

ក្រោយ​ការសិក្សា​រយៈពេល​១០​ថ្ងៃ​កន្លងមកនេះ ក្នុងចំណោម​សិក្ខាកាម​ចំនួន​២៤​រូប មាន​សិក្ខាកាម​ទទួល​និទ្ទេស​ល្អ ចំនួន​១០​រូប​ស្មើនឹង ៤០​ភាគរយ និទ្ទេស​ល្អ​បង្គួរ​ចំនួន​១០​រូប​ស្មើនឹង៤០​ភាគរយ ​និង​និទ្ទេស​មធ្យម​ចំនួន​៣​រូប​ស្មើនឹង២០​ភាគរយ ហើយ​ក៏មាន​សិក្ខាកាម​ដែលមាន​និទ្ទេស​ខ្សោយ​ចំនួន១​នាក់​ផងដែរ។

បើតាម​គណៈ​គ្រប់គ្រង​វគ្គ​ឲ្យ​ដឹងថា បើសិន​មានលទ្ធភាព​ធ្វើការ​សិក្សា​តាមរយៈ​ការ​បើក​វគ្គ សិក្សា​បច្ចេកទេស​ជា​រៀងរាល់ឆ្នាំ នោះ​គ្រូបង្វឹក និង​កីឡាករ​-​ការិនី​ទាំងអស់ កាន់តែ​មានការ​យល់ដឹង និង​ជំនាញ​លើកកម្ពស់​សិទ្ធិ​ផល​ប្រភេទ​កីឡា​យូ​ដូ របស់​ព្រះរាជាណាចក្រ​កម្ពុជា ឈានទៅ​ទទួល​បាន​ជោគជ័យ​ជូន​ប្រទេសជាតិ​កាន់តែ​ប្រសើរ​ជាងនេះទៀត​ជាមិនខាន៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114