ព័ត៍មានទាន់​ហេតុការណ៏
Search

កែវ រំ​ចង់ ជួប ខ្វាន់ ចៃ ឯ ឡុង វ៉ៃ ជួប ណាំ​ឈួ​ក នៅ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ

កែវ រំ​ចង់ អ្នក​ប្រដាល់​ក្លិប​ដំបងគ្រញូង​មាន​រិ​ទ្ធ​ខេត្តបាត់ដំបង នឹង​បង្ហាញខ្លួន​នៅលើ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ នា​យប់​ថ្ងៃ​សៅរ៍​ ទី​១៤​ ខែ​កញ្ញា​ ឆ្នាំ​២០១៩​នេះ។ រំ​ចង់ ត្រូវបាន​គេ​ផ្គូ​ឲ្យ​ជួប​ប្រកួត​ជា​មួយ​អ្នក​ប្រដាល់​ថៃ ខ្វាន់ ចៃ ផេ​ត​នី​រ៉ូ​ត​(Kwanchai Petchnitoth) ដោយ​ជួបគ្នា ក្នុង​ប្រភេទ​ទម្ងន់​៧៣​គីឡូ​ក្រាម។

ខ្វាន់ ចៃ ផេ​ត​នី​រ៉ូ​ត នេះ គេ​ជា​ជើង​ខ្លាំង​ម្នាក់​នៅ​ប្រទេស​ថៃ។ ខ្វាន់ ចៃ គេ​ធ្លាប់​មក​ប្រកួត​នៅ​កម្ពុជា​ម្តង​ហើយ​កន្លងមក ដោយ​វាយ​ឈ្នះ​វង្ស ណ​យ ក្លិប​កុលបុត្ត​គុន​ខ្មែរ​ដោយ​ពិន្ទុ កាលពី​ថ្ងៃទី​០៨ ខែ​មិថុនា​ឆ្នាំ​២០១៩។ អ្នក​ប្រដាល់​ថៃ​រូបនេះ​ខ្លាំង នេះ​បើតាម​ការមើល​ការប្រកួត​របស់គេ​ជាមួយ​វង្ស​ណ​យ ​នោះ។

ខ្វាន់​ចៃ គេ​មាន​កំណត់ត្រា​ប្រកួត​៩០​លើក ឈ្នះ​៧៣​លើក ចាញ់១៦លើក ស្មើ​០១​លើក និង​ធ្លាប់​វាយ​ដៃគូ​ឲ្យ​សន្លប់​ជាង​២០​លើក​ឯណោះ​។ យ៉ាងណា អ្នក​ប្រដាល់​ថៃ​រូបនេះ បើ​ខ្សោយ​នោះ ធ្វើ​ម៉េច​អាច​ផ្គូ​ឲ្យ​ជួប​ជាមួយ​កែវ រំ​ចង់បាន។ ប៉ុន្តែ​យ៉ាងណា ការដែល​មកជួប​កែវ រំ​ចង់ សុទ្ធតែ​វេទនា​ខ្លួន​ហើយ ព្រោះ ​រំ​ចង់ វាយ​មិន​ប្រណី​ដៃ​នោះឡើយ។

កែវ រំ​ចង់ គេ​មាន​កំណត់ត្រា​ប្រកួត​ចំនួន​១៦២​លើក ក្នុងនោះ ឈ្នះ​១៤៥​លើក ចាញ់​១៣​លើក និង​ស្មើ​៤​លើក ហើយ​រំ​ចង់ ​ធ្លាប់​ផ្ដួល​គូប្រកួត​ឲ្យ​សន្លប់​បាន​ចំនួន​១៨​លើក។ ការប្រកួត​ចុងក្រោយ​នេះ រំ​ចង់បាន​វាយ​ចាញ់​អ្នក​ប្រដាល់​ជើង​ខ្លាំង​ថៃ​សន​ខាវ ស៊ិត​ខាំ​ណាត់​លឺ​(Sornkao Site Khamnanlue) ក្នុង​ទឹក​ទី​៥ កាលពី​ថ្ងៃទី​២៣​ ខែ​មិថុនា​ ឆ្នាំ​២០១៩​កន្លងទៅ ដោយសារ​បែក​ឈាម​ខ្លាំង។

កែវ រំ​ចង់ គេ​ខ្លាំង​កណ្ដាប់ដៃ និង​វាយ​សម្រុក​លឿន រហ័ស ដែល​ដៃគូ​ពិបាក​នឹង​ទប់ទល់​ណាស់។ ដូច្នេះ​ចាំមើល តើន​រណា​ឈ្នះ​នៅក្នុង​ការជួបគ្នា​រវាង កែវ រំ​ចង់ និង ខ្វាន់ ចៃ ផេ​ត​នី​រ៉ូ​ត នេះ?។

ទោះជា​យ៉ាងនេះ​ក្តី កែវ រំ​ចង់ មិនអាច​មើលងាយ​ខ្វាន់​ចៃ ផេ​ត​នី​រ៉ូ​ត​ បាន​ឡើយ ព្រោះ​អ្នក​ប្រដាល់​ថៃ​រូប​នេះ ជា​ជើង​ខ្លាំង​នៅ​ស្រុកថៃ។

ចំណែក ឡុង វ៉ៃ អ្នក​ប្រដាល់​ជើង​ថ្មី ក្លិប​សាល​វ័​ន្ត​កីឡា ត្រូវគេ​ផ្គូ​ឲ្យ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ណាំ​ឈួ​ក លុក​ចាវ​ម៉ា​អ៊ី​សៃ​ថង (Namchhork Lukjao maesaithorng) ដោយ​ជួបគ្នា​ក្នុង​ទម្ងន់​៦៧​គីឡូ​ក្រាម។ អ្នក​ប្រដាល់​ទាំងពីរ​នាក់​នេះ មិន​ធ្លាប់​ដែល​ជួបគ្នា​ទេ​កន្លងមក។
អ្នក​ប្រដាល់​ថៃ​រូបនេះ គេ​ជាម​នុស្ស​ចំណូល​ថ្មី​មិន​ធ្លាប់​មក​ប្រកួត​នៅ​កម្ពុជា​នោះទេ​ពីមុនមក។ ទោះជា​យ៉ាងនេះ​ក្តី អ្នក​ប្រដាល់​ថៃ​រូបនេះ តាម​ការ​ឲ្យដឹងពី​អ្នក​ផ្គូផ្គង​នោះ​ថា គេ​មាន​កម្រិត​សមត្ថភាព​ និង​បច្ចេកទេស​ល្អ ហើយ​រឹងមាំ គេ​ជា​ជើង​ខ្លាំង​ម្នាក់​ប្រចាំ​នៅ​ស្រុកថៃ។ ណាំ​ឈួ​ក មាន​ប្រវត្តិ​ប្រកួត​ចំនួន​៦៨​លើក ឈ្នះ​៥៦​លើក និង​ចាញ់​១២​លើក មិនដែល​ស្មើ។ មិនធម្មតា​ទេ ឡើង​ប្រកួត​ជិត​៧០​លើក ចាញ់​តែ​១២​លើក​នោះ​។​ ដូច្នេះ​ឡុង វ៉ៃ មិនអាច​ធ្វេសប្រហែស​បានឡើយ។

ឡុង វ៉ៃ គេ​ក៏​ទើប​មានមុខមាត់​ឡើង​ប្រកួត​ជាមួយ​ថៃ​ជា​លើក​ទី​២​ប៉ុណ្ណោះ។​ កាលពី​លើក​ទី​១ គេ​បាន​ជួប​ប្រកួត​ជាមួយ​ជើង​ខ្លាំង ស៊ី​ប​ម៉ឺន ស៊ីត ឆែ​ធុន​ថា​ម​(Sibmuen Site Chethuntham) ហើយ​ត្រូវ​ស៊ី​ប​ម៉ឺន វាយ​ឲ្យ​បោះបង់​ការប្រកួត​ក្នុង​ទឹក​ទី​៣​។​ ឡុង វ៉ៃ មិនមែនជា​អ្នក​ប្រដាល់​ដែលមាន​ឈ្មោះ​បោះ​សំឡេង​ខ្លាំង​នោះ​ទេ តែ​គេ​ជា​អ្នក​ប្រដាល់​ដែលមាន​ស្នៀត​ជង្គង់ និង​កែង​គ្រាន់បើ​ដែរ។ ឡុង វ៉ៃ មាន​ប្រវត្តិ​ប្រកួត​ចំនួន​៥៦​លើក ឈ្នះ​៤៣​លើក ចាញ់​១១​លើក និង​ស្មើ​ពិន្ទុ​២​លើក។ ចាំមើល ឡុង វ៉ៃ អាច​យកឈ្នះ​ណាំ​ឈួ​ក នេះ បានដែរ​ឬ​អត់​?​។ ឡុង វ៉ៃ គេ​ប្រកួត​ចុងក្រោយ​នេះ បាន​វាយ​ចាញ់​អ្នក​ប្រដាល់​ជើង​ខ្លាំង​ស៊ី​ប​ម៉ឺន ស៊ីត ឆែ​ធុន​ថា​ម ក្នុង​ទឹក​ទី​៣​ កាលពី​ថ្ងៃទី​១៦ ខែ​សីហា​ ឆ្នាំ​២០១៩។

ដោយឡែក អេ​លី​ត ភក្តី អ្នក​ប្រដាល់​ក្លិប​ឆ្មា​ស​សែន​សុខ​គុន​ខ្មែរ ត្រូវគេ​ផ្គូ​ឲ្យ​ជួប​ប្រកួត​ជាមួយ ថន វាសនា អ្នក​ប្រដាល់​ក្លិប​នាគរាជ​មានជ័យ។ ពួកគេ​ទាំងពីរ ជួបគ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥០០ គីឡូ​ក្រាម។ នេះ​ជា​ជំនួប​មួយ​ដ៏​សំខាន់ ដែល​អ្នក​ប្រដាល់​ទាំងពីរ​នេះ ត្រូវការ​ឈ្នះ​រៀងៗ​ខ្លួន ដើម្បី​ទទួល​បាន​រង្វាន់​ប្រា​ក់លាន។ ដូច្នេះ​ចាំមើល តើន​រណា​ឈ្នះ​រវាង​អេ​លី​ត ភក្តី និង ថន វាសនា នោះ​?៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114